សេចក្តីណែនាំបន្ថែមស្តីពីវិធានការ​បន្ទាន់​ដើម្បីចូលរួមបង្ការ និងទប់​ស្កាត់​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩ ក្នុងសហគមន៍​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

សេចក្តីណែនាំបន្ថែមស្តីពីវិធានការ​បន្ទាន់​ដើម្បីចូលរួមបង្ការ និងទប់​ស្កាត់​ការរាត​ត្បាត​ជំងឺ​កូវីដ-១៩ ក្នុងសហគមន៍​ពាក់ព័ន្ធ​នឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

យោងតាមបទបញ្ជា និងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ និងផ្អែក​តា​មការណែ​នាំ យ៉ាងមធ្យ័តពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី នាកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រ​សួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ នៅកម្ពុជា និងដើម្បីអនុវត្តឱ្យស្របតាមវិធានការណែ​នាំ របស់ក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សូមធ្វើការណែនាំបន្ថែមដ​ល់ ឯកឧត្តម លោកជំ​ទា​វ លោក លោកស្រី ជាថ្នាក់ដឹក​នាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាពចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិ​ទ្យា និងនវានុវត្តន៍ រួមទាំង
បណ្តាមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិ​ទ្យា និងនវានុវត្តន៍រាជធានី ខេត្ត ទាំងអស់ ដូចខាងក្រោម៖

១.   គ្រប់អង្គភាពទាំងអស់ត្រូវរៀបចំវេនប្រចាំការការងារ ដោយកម្រិតចំនួនជាអតិបរមាក្នុងរង្វ​ង់ ២នាក់ទៅ៣នា​ក់ ដែលក្នុងនោះ ចាំបាច់មានថ្នាក់ជំនាញ ១រូប ថ្នាក់នាយកដ្ឋាន ១រូប និងថ្នាក់អគ្គនាយកដ្ឋាន ១រូប ។ ចំពោះមន្រ្តីដែលមិនស្ថិតនៅក្នុងវេនត្រូវមកប្រចាំការការងារនៅក្រសួង ឬអង្គភាព ត្រូវធ្វើការស្នាក់នៅក្នុងផ្ទះ ហើ​យ​ បំពេញការងារជាធម្មតាតាមប្រព័ន្ធអនឡាញ (Online) ក្នុងដំណាក់កាលនៃការអនុវត្តវិធានការបង្កា​រ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលកំពុងតែស្ថិតក្នុងកម្រិតប្រុងប្រយ័ត្នខ្ពស់។

២.  រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬការជួបជុំទាំងឡាយ ត្រូវកំណត់ឱ្យផ្អាកទាំងស្រុង រយៈ​ពេ​ល យ៉ាងតិច ២សប្តាហ៍ ចាប់ពីថ្ងៃចេញសេចក្តីណែនាំបន្ថែមនេះ​តទៅ។ អង្គភាពនីមួយៗអាចរៀបចំកិច្ចប្រជុំពិភាក្សារបស់ខ្លួនក្នុងករណីចាំបាច់តាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កុំព្យូទ័រផ្ទា​ល់ខ្លួនជាលក្ខណៈបុគ្គ​ល និងស្ថិតនៅទីទៃ។

៣.  ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ត្រូវចូលរួមស្កេន QR Code «ទប់ស្កាត់កូវីដ-១៩ (Stop Covid-1​9)» ដែលមាននៅ​តាមច្រក​ចេញ-ចូល នៃទី​ស្តី​ការ​ក្រសួង ឬអង្គភាព ជារៀងរាល់ពេលមកបំពេញការងារនៅ
ទីស្តីការក្រសួង ឬអង្គភាព ដើម្បីបង្ការសុខភាព និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជាសកល​នេះ។​

៤.  ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ « ៣ ការពារ និង ៣ កុំ » តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេ​ច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

៣ ការពារ៖

     -ពាក់ម៉ាស់

     -លាងដៃ (នឹងសាប៊ូអាល់​កុ​​ល/​ហ្សែល ឬសារធាតុសម្លាប់មេរោគផ្សេងៗ)

     -រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបាន

គ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់។

៣ កុំ៖

     -កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមាន​ខ្យល់​

     -ចេញ-​ចូល​គ្រប់គ្រាន់

     -កុំទៅកន្លែង​ដែលមាន​មនុស្ស​ច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។

៥.   គ្រប់អង្គភាពទាំងអស់ក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួ​ម​ទាំងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានី ខេត្ត ត្រូវធ្វើការតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាព​សុខភាព​របស់​មន្រ្តី​ក្រោម​ឱវាទ។ ក្នុងករ​ណីមន្រ្តីណាមួយមា​ន​ការសង្ស័យ ដោយមានរោគសញ្ញាស្រដៀងនឹងជំងឺកូវីដ-១៩ ត្រូវទូរ​ស័ព្ទជា​បន្ទាន់​ទៅលេខ​១១៥ និងរាយការណ៍​មកក្រសួងតាមរយៈ អគ្គនាយកដ្ឋានកិច្ចការទូទៅ។

៦.  ចំពោះថ្នាក់ដឹកនាំ​ ឬមន្រ្តីដែលស្នាក់នៅក្នុងតំបន់ ឬទីកន្លែងណាមួយស្ថិតនៅក្នុងបញ្ជីទីតាំងពាក់ព័​ន្ធព្រឹត្តិ​ការ​ណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ឬបានប្រាស្រ័យជាមួយអ្នកដែលសង្ស័យថាមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ  ត្រូវប្រញាប់ប្រញាល់រាយការណ៍​មកក្រសួង ឬផ្តល់សំណាកទៅក្រសួងសុខាភិបាលដើម្បីធ្វើតេស្ត ឬធ្វើស័្វយចត្តាឡីស័កឱ្យបាន​ប្រាកដ​ប្រជា។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំ​ទា​វ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរា​ជការគ្រប់លំដាប់ថ្នាក់ និងគ្រប់អង្គភាព​ចំណុះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងបណ្តាមន្ទីរ
ឧស្សា​​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី ខេត្ត ទាំងអស់ ត្រូវចូលរួមសហការអនុវត្តនូវវិធានការនេះឱ្យ បានម៉ឺងម៉ាត់  និងធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំបន្ថែមនេះ ឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមតាមដានជា​ប្រចាំនូវការ​ផ្សព្វ​ផ្សា​យអំពីបទបញ្ជា និងសេចក្តីណែនាំ​បន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំថ្មីៗរបស់​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុចតំណរដើម្បីទទួលបានឯកសារ [សេចក្តីណែនាំ]