ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២បានបញ្ចប់ជាមួយនឹងចក្ខុវិស័យសម្រាប់អនាគតរបស់កម្ពុជា
ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ — ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ ជាមួយនឹងការអបអរសាទរដ៏ក្លៀវក្លានៃកិច្ចសហប្រតិបត្តិការ ភាពច្នៃប្រឌិត និងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា។
ថ្លែងក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឆ្លុះបញ្ចាំងពីសមិទ្ធផលនៃព្រឹត្តិការណ៍នេះ និងបានបញ្ជាក់ពីមហិច្ឆតាក្នុងការជំរុញការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ជាតិ។
ក្រោមប្រធានបទ "សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍" ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះបានបង្ហាញការធ្វើពិសោធន៍វិទ្យាសាស្ត្រ បញ្ញាសប្បនិម្មិត (AI) ឧបករណ៍វទ្យាសាស្ត្រ និងបច្ចេកវិទ្យារ៉ូបូត ព្រមទាំងគំនិតនវានុវត្តន៍នានា ក្នុងគោលដៅជំរុញកំណើននៃសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគេរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដែល មានការចូលរួមពីគ្រប់ផ្នែក និងគ្រប់ជំនាញ។ ឯកឧត្តមក៏បានទទួលស្គាល់នូវការរួមចំណែករបស់ ក្រសួង ឧត្តមសិក្សា ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត នៃសាធារណរដ្ឋកូរ៉េផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌នវានុវត្តន៍ និងបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមដើម្បីបណ្តុះទឹកចិត្តឱ្យសិស្សានុសិស្សមកពីតាមបណ្តាសាលារៀនជាច្រើន បានចូលរួម តាមរយៈការលេងហ្គេមអប់រំ និងសកម្មភាពវិទ្យាសាស្ត្រនានា។ ពិព័រណ៌វិទ្យាសាស្ត្រក៏ផ្តោតលើតួនាទីដ៏សំខាន់នៃការអប់រំក្នុងការថែបំប៉ន និងបណ្តុះអ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយ។
ក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ មានអ្នកចូលរួមទស្សនាចំនួន ៣១,២៦៨ នាក់ ដែលក្នុងនោះមានសាធារណជនទូទៅប្រមាណ៣៨% ម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ៣៥% សិស្សនិស្សិត ១៧% និងអ្នកស្រាវជ្រាវ និងស្រឡាញ់វិស័យវិទ្យាសាស្រ្តប្រមាណ១០%។
ក្នុងការជំរុញការចូលរួម ក្រសួងបានរៀបចំមធ្យោបាយដឹកជញ្ជូនសម្រាប់ម្ចាស់សហគ្រាសធុនតូច និងមធ្យមមកពីទូទាំងប្រទេស និងសិស្សានុសិស្សមកពីតាមសាលានានាក្នុងរាជធានីភ្នំពេញ មកកាន់ស្តង់ ពិព័រណ៌ ដោយបានផ្តល់ជូនអ្នកចូលរួមទាំងនោះនូវបទពិសោធន៍ទំនាក់ទំនងផ្ទាល់ជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការរីកចម្រើនក្នុងវិស័យនេះ។ ជាមួយនឹងចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើនិរន្តរភាពនៃការបន្តសម្ទុះស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍បច្ចេកវិទ្យា។
ឯកឧត្តមបានលើកឡើថា៖ “ដ្បិតទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បានដល់ទីបញ្ចប់ ក៏ប៉ុន្តែកាលានុវត្តភាពនានាកំពុងរង់ចាំយើងនាពេលអនាគតដ៏ខ្លីខាងមុខ។ នវានុវត្តន៍ពិតជាគ្មានដែនកំណត់ ហើយសមិទ្ធផលដែលយើងអាចសម្រេចរួមគ្នាក៏គ្មានដែនកំណត់ដែរ។ ថ្ងៃនេះគឺជាជំហានដ៏សំខាន់មួយទៀត ទៅកាន់ដំណើរគ្មានទីបញ្ចប់នៃការបង្កើតពិភពលោកដ៏ល្អប្រសើរមួយ សម្រាប់យុវជនជំនាន់ក្រោយរបស់យើង។"
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកអប់រំ អ្នកវិទ្យាសាស្ត្រ អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្ស ដែលបានរួមចំណែកដល់ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ។