ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារលំនឹង និងពង្រីកអាជីវកម្ម

ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារលំនឹង និងពង្រីកអាជីវកម្ម

សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម​ចំនួន៣៨ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់លទ្ធភាពដល់សហគ្រាសទាំង​នេះ ក្នុងការស្ដារលំនឹង​អាជីវកម្ម ពង្រឹងប្រតិបត្ដិការ និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម​ ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។

ឯកឧត្ដម​ ហែម វណ្ណឌី បានលើកឡើងថា៖ «សហគ្រិនខ្មែរ បានកសាង​សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ី​​សហគ្រិន​ភាព​ ដោយផ្តោតជាពិសេសលើការថែបំប៉ន​​ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងយន្តការ​ផ្តល់ហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរ បាន និងកំពុង​​ផ្តល់ភាពអង់អាចដល់សហគ្រាសក្នុងស្រុក ដោយលើកកម្ពស់ភាពប្រកួតប្រជែង និងពង្រីកទីផ្សារ ដើម្បីឱ្យសហគ្រាសទាំងនោះរួមចំណែកកាន់តែច្រើនដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។»

ដូចក្នុងបណ្តាជាច្រើនលើសាកលលោក សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺឆ្នឹងខ្នងនៃសេដ្ឋកិច្ច ជាតិដែលបានផ្តល់ការងារប្រមាណ ៧០ភាគរយ និងបានរួមចំណែកប្រមាណ ៥៨ ភាគរយនៃផលិត​ផល​ក្នុងស្រុកសរុប

ចាប់តាំងពី​ឆ្នាំ២០២០មក សហគ្រិនខ្មែរ បាន និងកំពុងអនុវត្ដកម្មវិធីជាច្រើន ​ដើម្បីផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដោយ​ផ្ទាល់​ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមរាប់រយ មកពីបណ្ដារាជធានី-ខេត្ដទូទាំងប្រទេស​។ ការគាំទ្រ​របស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុក ដូចជាតាមរយៈការបណ្តុះពន្លកសហគ្រិន​កម្រិតវិទ្យាល័យ​ដើម្បីចាក់​ឫសវប្បធម៌សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់​​ធុរកិច្ចបង្កើតថ្មី ការបង្កើតវេទិកាប្រកួតប្រជែងគំរូ​អាជីវ​កម្ម ការភ្ជាប់ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់ហិរញ្ញប្បទានតាមរយៈកម្មវិធីនានា។

ថ្លែងក្នុងពិធី​ប្រគល់កញ្ចប់​ជំនួយហិរញ្ញប្បទាននេះ​ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិ​បត្តិសហគ្រិនខ្មែរ បានលើកឡើងថា៖ «តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរនឹង​បន្ត​ការ​គាំទ្រ​របស់ខ្លួន តាមរយៈការបង្កើតកម្មវិធីមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ++ ដល់សហគ្រិន​ដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយសហគ្រិនខ្មែរកន្លងមក។ កិច្ចការនេះត្រូវបានធ្វើ​ឡើង​ដើម្បីពង្រឹង​សមត្ថភាពសហគ្រិន និងបង្កើនលទ្ធភាពឈរជើងនៅលើទីផ្សារបានទូលំទូលាយ ព្រមទាំងបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។»

កញ្ចប់ជំនួយសហគ្រិនខ្មែរដែលបានផ្តល់ជូនធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម​ នៅពេលនេះរួមមានពីរកម្មវិធី

កម្មវិធីទី១ គឺកញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលជាកម្មវិធីយុទ្ធសាស្រ្តដ៏មុតស្រួចមួយ បង្កើតឡើងដើម្បីរក្សាលំនឹងដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមដែលមានសក្កានុពល ហើយស្ថិតនៅក្នុងវិស័យអាទិភាព។ កញ្ចប់ជំនួយនេះមានលក្ខណៈ (១) ប្រកួតប្រជែងខ្ពស់ និងមានការផ្សព្វផ្សាយទូលំទូលាយដែលគ្រប់ដណ្តប់ ២៥ រាជធានី-ខេត្ត (២) មានស័ក្តិសិទ្ធភាពខ្ពស់ក្នុងការទទួលបានហិរញ្ញប្បទានគាំទ្រដោយផ្ទាល់ និង​ទាន់ពេល (៣) មានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅក្នុងការស្នើ និង​​ប្រើប្រាស់ថវិកាសម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម និង (៤)​ មានសុក្រិតភាពខ្ពស់ចំពោះការវាយតម្លៃ និងដាក់ពិន្ទុពីគណៈកម្មការជំនាញដែលមកពីស្ថាប័នធំៗ ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនវិនិយោគ សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ និងបណ្តាក្រុមហ៊ុននានា។

កម្មវិធីទី២ គឺកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលផ្ដល់​ការបណ្ដុះបណ្ដាល ដោយអ្នកជំនាញផ្នែកវិនិយោគ ទៅដល់ធុរកិច្ចដែលមានបំណងស្វែងរកថវិកាបន្ថែម ​ក្នុងការពង្រីកប្រតិបត្ដិការ​របស់ខ្លួន។​ កម្មវិធី​នេះជាយន្ដការដែលមានសារៈ​សំខាន់ ក្នុងការធានាឱ្យមានចីរភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបាន​ហិរញ្ញប្បទានពីទីផ្សារឯកជន។

សហគ្រិនដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះតាមរយៈ​តំណភ្ជាប់ខាងក្រោម៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ  ++