ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តវិនិយោគលើវិស័យទឹកស្អាត និងគ្រោងផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបន្តវិនិយោគលើវិស័យទឹកស្អាត និងគ្រោងផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី ម៉ារី ហេលេនល័រហ្សុង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនានា ពិសេសក្នុងវិស័យទឹកស្អាត។

ក្នុងរយៈពេលជាង៣ទស្សវត្សរ៍កន្លងមកនេះ AFD បានគាំទ្រកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងការអភិវឌ្ឍប្រកប​ដោយចីរភាព។

លោកស្រី ហេលេនល័រហ្សុង បានលើកឡើងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតគឺជាគោលដៅចម្បងមួយរបស់ AFD នៅកម្ពុជា សំដៅលើកកម្ពស់លទ្ធភាពទទួលបាន​សេវាទឹកស្អាត និងអនាម័យ ដោយបានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចាំបាច់សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំងបណ្តាញចែកចាយ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាដើម។

លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការផ្តល់ហិរញ្ញប្បទានបៃតងដែល AFD កំពុងអនុវត្តតាមរយៈក្រុមហ៊ុន Propaco ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។

ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យទឹកស្អាត ពិសេសនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដោយសារបញ្ហានៃការប្រែប្រួលអាកាសធាតុ តម្រូវការរក្សាធនធានទឹកគឺជាកត្តាសំខាន់ ហើយកិច្ចសហការលើវិស័យទឹកស្អាតពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ព្រោះវាមិនត្រឹមតែទ្រទ្រង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាការរក្សាប្រព័ន្ធអេកូឡូស៊ី និងការគិតគូដល់បរិស្ថានផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ AFD បន្តជួយពង្រឹងសមត្ថភាពរដ្ឋាករទឹក ដើម្បីឈានដល់ការផ្តល់សេវាគ្រប់ ដណ្តប់ទូទាំងប្រទេស ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបណ្តារាជធានី-ខេត្ត និងរៀបចំផែនការមេទឹកស្អាតសម្រាប់ខេត្តនីមួយៗ។

ក្នុងក្របខណ្ឌហិរញ្ញប្បទានបៃតង ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យ AFD ពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈកិច្ចសហការជាមួយសហគ្រិនខ្មែរ ដោយសង្កត់ធ្ងន់ថា ហិរញ្ញប្បទានជាកាតាលីករសម្រាប់ការរីកធំធាត់ពីសហគ្រាសធុនតូច ទៅមធ្យម និងបន្តទៅជាសហគ្រាសធំៗ។ ទន្ទឹមនឹងនោះ វាក៏ជួយសហគ្រាសឱ្យចាប់យកបច្ចេកវិទ្យាបៃតង កាត់បន្ថយការបំភាយ និងផ្លាស់ប្តូរទៅរកការអនុវត្តអាជីកម្មដែលកាន់តែមាននិរន្តរភាព។

លើសពីនេះ ឯកឧត្តក៏បានស្នើឱ្យ AFD សហការជាមួយក្រសួង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីបង្កើលទ្ធភាពរបស់កម្ពុជា ក្នុងការនាំផលិតផលទៅលក់នៅទីផ្សារអឺរ៉ុប និងទីផ្សារអន្តរជាតិ។