សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និងលេីកទិសដៅ​ការងារឆ្នាំ២០២៣​របស់​ក្រសួង​​ ឧ.វ.ប.ន.

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និងលេីកទិសដៅ​ការងារឆ្នាំ២០២៣​របស់​ក្រសួង​​ ឧ.វ.ប.ន.

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និងលេីកទិសដៅ​ការងារឆ្នាំ២០២៣​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណ:រដ្ឋមន្ត្រី​ និង​ជា​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនា​បតីតេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ នៅព្រឹកថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ បានអញ្ជេីញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​បេីកសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២​ និងលេីកទិសដៅ​ការងារឆ្នាំ២០២៣​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសា​ស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅទីស្តីការក្រសួង​ ។

គោលបំណងនៃការ​ប្រារព្វ​ពិធី​សន្និបាត​ប្រចាំ​ឆ្នាំ​នេះ​ ដេីម្បី​ពិនិត្យឡេីងវិញនូវលទ្ធផលឆ្នាំ២០២២​ ហេីយ​ក៏នឹងធ្វេីការ​​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ឲ្យបានទូលំ​ទូលាយលេីបទពិសោធន៍​ ចំណុច​ខ្លាំង​ ចំណុចខ្សោយ​ រួមទាំងកំណត់​ទិសដៅ​អនុវត្ត​បន្ត​ឲ្យសម្រេច​បានជោគជ័យ​ ជាពិសេស​ជុំវិញ​ការ​អនុវត្ត​នូវ​គោល​នយោបាយ​អភិវឌ្ឍវិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥​ និង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ឲ្យ​ទទួល​បានលទ្ធផល​ជោគជ័យ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ និងសង្គមកម្ពុជា​។

បន្ទាប់​ពី​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានអញ្ជេីញ​មាន​ប្រសាសន៍​ស្វាគមន៍​ និងបានចាត់ទុកវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន​ ឈិន​ ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការតំណាងដ៏​ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជាកត្តាជំរុញលេីកទឹកចិត្តដ៏ធំធេងដល់អង្គសន្និបាត​ និងបានលេីកឡេីងពី​សមិទ្ធផលការងារសម្រេចបានគួរជាទីមោទន:​រយ:ពេលមួយឆ្នាំកន្លងទៅ​ ព្រមទាំងលេីកឡេីងពីទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣នេះ​ រួចមក​ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណ:រដ្ឋមន្ត្រី​ និង​ជា​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានអញ្ជេីញ​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្តាំផ្ញេី​សាកសួរសុខទុក្ខ​ពី​សណាក់​ សម្តេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ជូនចំពោះថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ នៃ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលបានចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការរក្សាការពារសុខសន្តិភាព​ ការ​ថែ​រក្សា​ស្ថិរភាព​នយោបាយ​ ស្ថិរភាព​សង្គម​ នឹងលំនឹងសេដ្ឋកិច្ច​ ។ លេីសពីនេះ​ បានចូលរួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹងមេរោគឆ្លងសកលជំងឺកូវីដ-១៩,តស៊ូ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ពេល​ជួប​វិបត្តិ​ពីជំងឺកាចសាហាវមួយនេះ​ ។ នាំមកនូវដំណេីរការ​ប្រក្រតី​ភាពនៃសង្គម​ និងសេដ្ឋកិច្ច​ជាតិ​ដូច​ពេល​បច្ចុប្បន្ន​ ។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី​ និងក្នុងនាមឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ផ្ទាល់​ សូមថ្លែង​នូវ​ការ​កោតសរសើរ​ និងវាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ដែលមាន​ភាពឈ្លៀសវៃ​ រស់​រវេីក​ និងយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ​ ចង្អុល​ដឹកនាំ​ការងារនៅក្នុងក្រសួងជំនាញ​មួយនេះ​ សម្រេចបាននូវស្នាដៃ​ និងសមិទ្ធផល​ជា​ច្រើន​ តាំង​ពី​ដំណាក់​កាល​ដំបូងចុងឆ្នាំ២០១៣​ ជា​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ បន្តមកដំណាក់កាល​បំបែកទៅជាក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ហេីយ​បន្តមកទៀតមកដល់បច្ចុប្បន្ន​ គឺជាក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដូចដែល​បានឆ្លុះបញ្ចាំងរួចហេីយនៅក្នុងឯកសាររបាយការណ៍សន្និបាត​របស់​ក្រសួង​ ។

តាមរយៈ​របាយការណ៍​ស្វាគមន៍​របស់ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ឯកឧត្ដម​កិត្តិនីតិកោសល​បណ្ឌិត​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បានកត់សម្គាល់​ឃេីញថា​ ក្នុង​ឆ្នាំ​២០២២​ កន្លងទៅ​ ក៏ដូចជាអណត្តិទី៦នេះ​ លទ្ធផល​ស្នាដៃ​ជាច្រើន​បានកេីតឡេីង​យ៉ាងប្រត្យក្ស​ និង​មានវឌ្ឍនភាពគួរជាទីមោទន:​ ។ ក្រៅពី​រីកចម្រើន​លេីវិស័យ​ឧស្សាហកម្ម​ ,សហគ្រាសធុនតូចនិងមធ្យម,វិស័យ​ទឹកស្អាត​,ស្តង់ដារ​,មាត្រា​សាស្ត្រ​,​អ្វី​ដែល​បានរៀបចំថ្មី​ ហេីយបានបោះជំហាន​ប្រឡូកក្នុងការគាំទ្រ​ និងជួយជំរុញកំណេីន​សេដ្ឋកិច្ច​ គឺការគ្រប់គ្រង​ និងអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលវិស័យនេះ​ត្រូវ​បានរាជរដ្ឋាភិបាល​ប្រគល់ជា​បេសកកម្ម​ថ្មី​ជូន​ក្រសួង​ កាលពីចុងត្រីមាសទី១​ ឆ្នាំ​២០២០​ បន្ថែម​លេីបេសកកម្ម​ដែល​មាន​ស្រាប់​ ។ ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​ ឯកឧត្ដម​កិត្តិនីតិកោ​សល​​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ ប៊ិន​ ឈិន​ សូមអបអរសាទរ​ផងដែរ​ ចំពោះ​ការរៀបចំជាលេីក​ដំបូងនូវព្រឹត្តិការណ៍"ទិវាជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ "​ ដែលគ្រោងប្រារព្វ​ធ្វើ​ឡេីងនៅថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ​២០២៣​ ខាងមុខ​ ហេីយ​ដែលទទួល​បាន​ការ​ផ្តល់​មហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត​ពីសម្តេចតេជោ​នាយករដ្ឋមន្ត្រី​ ។ ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ នឹងបង្កេីនការចាប់អារម្មណ៍​ និងទាក់ទាញ​បន្ថែម​ទៀត​ដល់​ការសិក្សា​ស្រាវជ្រាវ​ ការ​ប្រឡងប្រណាំង​ និងការជំរុញល្បឿនអភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បង្កើត​ជា​កាលានុវត្តភាពសម្រាប់ធ្វេីធុរកិច្ច​និងវិនិយោគ​ រួមចំណែក​ដល់ការ​ជំរុញ​ល្បឿន​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ លេីគ្រប់វិស័យប្រកបដោយបរិយាប័ន្ន​ ។

ទន្ទឹម​នឹង​ការ​កត់សំគាល់​ និងគាំទ្រនូវចំណុចលេចធ្លោមួយចំនួនរបស់ក្រសួង រួមជាមួយនឹងការផ្តល់អនុ​សាសន៍​គន្លឹះចំនួន១១ចំណុច​ ដល់ក្រសួងរួចមក​ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន​ ឈិន​ បានលេីកទឹកចិត្តដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ បន្តខិតខំប្រឹងប្រែង​ បំពេញ​ភារកិច្ច​ក្រោម​សមត្ថកិច្ច​របស់ក្រសួងឲ្យសម្រេចបានជោគជ័យកាន់តែ​ច្រេីនថែមទៀត​ ដេីម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងស្តារ​ និងជំរុញ​កំណេីនសេដ្ឋកិច្ច​កម្ពុជា​នៅក្នុងបរិបទថ្មី​ ។ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា៖សន្និបាត​របស់ក្រសួង​រយ:ពេល​៣ថ្ងៃ​នេះ​ នឹង​ដំណេីរ​ការ​ដោយ​រលូន​ ហេីយ​សម្រេចបានតាមលទ្ធផលដ៏ត្រចះត្រចង់តាមការគ្រោងទុក​ ។