កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ បានបញ្ចប់ដោយ ផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់

កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ បានបញ្ចប់ដោយ ផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់

កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥  (COSTI-85) បានបិទបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់។

គណៈកម្មាធិការនេះនឹងបញ្ជូនលទ្ធផលនៃកិច្ចប្រជុំ និងអនុសាសន៍របស់ខ្លួន ជូនកិច្ចប្រជុំរដ្ឋ​មន្ត្រី​អាស៊ាន​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេច។

ផ្នែកសំខាន់មួយនៃកិច្ចប្រជុំ COSTI-85 នៅទីក្រុងសៀមរាបនេះ គឺការពិនិត្យសកម្មភាពដែលកំពុង​បន្ត​ចំនួន ៩៣ រួមមានគម្រោងដែលគាំទ្រដោយមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF)។ គម្រោងសំខាន់ៗពីរគឺ គម្រោងតាមដានហ្សែនជំងឺរាតត្បាតសម្រាប់អាស៊ាន និងការសិក្សា​តាមដានភាពស៊ាំរបស់ប្រជាជនទៅនឹងមេរោគកូវីដ-១៩ កំពុងត្រូវបានអនុវត្ត។

អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន៦៩ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍។ អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ទួរគី ចក្រភព​អង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះ។ ជាឧទាហរណ៍ ប្រទេស​អូស្ត្រាលីកំពុងគាំទ្រការបង្កើតផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ​វត្តន៍ (APASTI) ឆ្នាំ ២០២៦-២០៣៥។ ស្រដៀងគ្នានេះដែរ ប្រទេសចិនបានផ្តល់ថវិកាគាំទ្រ​គម្រោង​ជាច្រើន​ក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ACCF) រួមទាំងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្មវិធីសហគ្រិនភាពចិន-អាស៊ាន ឆ្នាំ២០២៤ និងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ានជាដើម។

ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជា​ប្រធាន​គណៈកម្មាធិការអាស៊ាន COSTI បានលើកឡើងថា៖ “ការ​ប្រើប្រាស់ថវិកា​ដៃគូ​សន្ទនា​មានសារៈ​សំខាន់ណាស់ ដើម្បីពង្រីកលទ្ធភាពក្នុងការស្រាវជ្រាវអនុវត្តប្រកបដោយប្រសិទ្ធភាព និងជំរុញវឌ្ឍនភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាស៊ាន។

មូលនិធិសរុបពីដៃគូសន្ទនា រួមមានអូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារ។ ឯកឧត្តមបានបន្ថែមថា រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់​មូលនិធិ ទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយ​វិទ្យា សាស្ត្រជាក់ស្តែង។

កិច្ចប្រជុំបានបិទបញ្ចប់ដោយពិនិត្យ និងព្រមព្រៀងលើលទ្ធផលនៃការអនុវត្តអាទិភាពឆ្នាំ២០២៣ ដែល រួមមានការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន សិក្ខាសាលាស្តីពីបញ្ញាសិប្បនិម្មិត និង​ការ​បង្កើតយុទ្ធសាស្ត្រស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។

កិច្ចប្រជុំ COSTI-85 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។ កិច្ចខិត​ខំប្រឹង​ប្រែងទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាន​នៅលើឆាកពិភពលោក។