កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានកំណត់មាគ៌ាបញ្ញាសិប្បនិម្មិតឆ្ពោះទៅអនាគតសម្រាប់តំបន់

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានកំណត់មាគ៌ាបញ្ញាសិប្បនិម្មិតឆ្ពោះទៅអនាគតសម្រាប់តំបន់

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) ត្រូវបានរៀប​ចំឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងប្រារព្ធពិធី ក្រោម​​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

 

ក្រោមមូលបទ​ "ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត" កិច្ចប្រជុំនេះបានឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) សម្រាប់សង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងលើពិភពលោក។

បច្ចេកវិទ្យា AI បាននិងកំពុងផ្លាស់ប្តូរពិភពលោករបស់យើង។ វាបង្កើនប្រសិទ្ធភាព កាត់បន្ថយ​​ចំណាយ និងលើកកម្ពស់ការផលិត។ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ AI ត្រូវបានរំពឹងថានឹងមានឥទ្ធិពលលើការងារ​ចំនួន , ពាន់លាននាក់ និង ប្រាក់ឈ្នួលប្រមាណ ១៤, ទ្រីលានដុល្លារអាមេរិក ​នៅទូទាំង​ពិភព​លោក ដែលនឹងប៉ះពាល់ ៥០% នៃសេដ្ឋកិច្ចពិភពលោក។

AI នឹងធ្វើឱ្យអាស៊ានផ្លាស់ប្តូរ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបពី ១០ ទៅ ១៨% ដែលមានតម្លៃប្រមាណ១ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០។ កិច្ចប្រជុំ AMMSTI-20 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ បានពិភាក្សាអំពីការវិវត្តទាំងនេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំ AMMSTI-20 បានលើកឡើងថា៖ "បញ្ញាសិប្បនិម្មិតតំណាងឱ្យកម្លាំងផ្លាស់ប្តូរដ៏ធំ ដែលអាចជំរុញឱ្យមានភាពជឿនលឿនដែលមិនធ្លាប់មាននៅទូទាំងតំបន់របស់យើង។ នៅក្នុងកិច្ចប្រជុំ AMMSTI-20 គោលដៅរបស់យើងគឺទាញយកសក្តានុពលរបស់ AI ប្រកបដោយការទទួលខុសត្រូវ ដោយធានាថា បច្ចេកវិទ្យានេះបម្រើដល់ផលប្រយោជន៍សមូហភាពជាវិជ្ជមាន និងជំរុញកំណើនប្រកបដោយបរិយាបន្ន។"


កិច្ចប្រជុំ AMMSTI គឺជាព្រឹត្តិការណ៍រួមរបស់អាស៊ាន ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការ​ចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មកពីបណ្តាប្រទេសជាសមា
ជិក​អាស៊ានទាំង១០ ប្រទេសទីម័រខាងកើតក្នុងនាមជាអ្នកសង្កេតការណ៍ និងលេខាធិការដ្ឋានអាស៊ាន។

កម្ពុជាបានទទួលវេនជាប្រធាន និងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ AMMSTI លើកទី២០នេះ។ មានគំនិតផ្តួចផ្តើមថ្នាក់តំបន់មួយចំនួនដែលកម្ពុជាកំពុងដឹកនាំ និងដឹកនាំរួមគ្នាជាមួយប្រទេសអាស៊ាន ដូចជាគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាអាស៊ាន និងគំនិតផ្តួចផ្តើមស្តីពីការផ្ទេរបច្ចេកវិទ្យាអាស៊ាន​ជា​ដើម។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ AI បាន​រីក​ចំរើនយ៉ាងខ្លាំងក្នុងវិស័យជាច្រើន ដូចជាវិស័យឧស្សាហកម្ម សេវាកម្ម ផលិតកម្ម សុខាភិបាល និង​ហិរញ្ញវត្ថុ។ មានការយល់ឃើញផ្សេងៗគ្នា ចំពោះ​ការរីកចម្រើននៃ AI តែក៏មានការឯកភាព​ជាសកល​លើ​សក្តានុពលរបស់វា ក្នុងការ​ពង្រឹង​ប្រតិ​បត្តិការ និងកែលម្អបរិយាកាសអាជីវកម្មជារួម។ ទោះជាយ៉ាងនេះក្តី ក្តីបារម្ភ​នៅតែមានទាក់ទង​នឹង​ផល​ប៉ះ​ពាល់ផ្នែកសីលធម៌ពីការប្រើប្រាស់ AI និងបច្ច័យអវិជ្ជមាន​ដែលអាច​កើត​មានលើមនុស្សជាតិ។”

ការរីកចម្រើនដែលមិនអាចឃាត់បានរបស់ AI ត្រូវបានជំរុញដោយកំណើនទិន្នន័យដ៏ច្រើន និងការពង្រីក​ចំណេះ​ដឹងយ៉ាងឆាប់រហ័សនៅក្នុងវិទ្យាសាស្ត្រទិន្នន័យ (data sciences) ដែលជំរុញដោយតម្រូវការ និង​ការប្រកួតប្រជែងរបស់វិស័យឯកជន។ រដ្ឋាភិបាល​ជាច្រើនកំពុងរៀបចំក្របខ័ណ្ឌបទប្បញ្ញត្តិ​ សម្រាប់គ្រប់គ្រង ដើម្បីដោះស្រាយក្តីបារម្ភទាក់ទងនឹងការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ បរិយាបន្នភាព ឯកជនភាព ហានិភ័យសុវត្ថិភាព គម្លាត​ជំនាញ ស្តង់ដារនីយកម្ម តម្លាភាព យុត្តិធម៌ និងការទទួលខុស​ត្រូវ។

ការពិភាក្សាវែកញែកទាំងនេះបង្ហាញពីតម្រូវការនៃការយល់ដឹងដ៏ទូលំទូលាយអំពី AI មុននឹង​បង្កើត​ក្រប​ខ័ណ្ឌ​​ច្បាប់ និងអភិបាលកិច្ចផ្លូវការ។ ការធ្វើដូច្នេះនឹងធានាថា វិស័យធុរកិច្ច និយតកររដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗអាចទទួលយក AI ជារួម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

“ដោយជំរុញកិច្ចសហប្រតិបត្តិការ និងការចែករំលែកការយល់ដឹង តាមរយៈវេទិកាសំខាន់ៗ ដូចជាកិច្ចប្រជុំ AMMSTI និង COSTI នៅពេលនេះ យើងអាចបង្កើតក្របខ័ណ្ឌ និងយុទ្ធសាស្រ្តដែលផ្តល់លទ្ធភាពដល់ប្រទេសជាសមាជិកអាស៊ានក្នុងការរៀបចំមាគ៌ាបញ្ញាសប្បនិម្មិតឆ្ពោះទៅអនាគត។ ដោយធ្វើការរួមគ្នា យើងអាចធានាបានថា ​បញ្ញាសប្បនិម្មិតនឹងចូលរួមបង្កើនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់យើង ទន្ទឹមនឹងនោះរក្សាបាននូវគោលការណ៍ និងគុណតម្លៃរបស់អាស៊ាន។”