កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងសន្និសីទរដ្ឋមន្ត្រីនៃអង្គការ OECD
ទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ — ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលសន្និសីទ OECD ក្នុងទីក្រុងប៉ារីស ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង្គការ OECD បានប្រមូលផ្តុំមេដឹកនាំពិភពលោកមកជួបជុំគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមរួម និងជំរុញសកម្មភាពបរិវត្តកម្មវិទ្យា
សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងបទអន្តរាគមន៍ជូនដល់អង្គសន្និសីទ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការផ្តល់សារៈសំខាន់របស់កម្ពុជាដល់សមាហរណកម្មតំបន់នានា ជាពិសេសតាមរយៈស្ថាប័នតំបន់ដូចជាអាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម។ ឯកឧត្តមបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមផ្សេងៗរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យដែលផ្តល់តម្លៃបន្ថែមខ្ពស់ ដូចជាការកែលម្អបរិយាកាសធុរកិច្ច និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា។
យុទ្ធសាស្ត្រស្នូលមួយនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាគឺផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ ដែលផ្តល់អាទិភាពដល់អភិបាលកិច្ច ការអប់រំ ការស្រាវជ្រាវ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់បន្ថែមដល់អង្គសន្និសីទអំពីសារៈសំខាន់នៃការអភិវឌ្ឍមូលធនមនុស្ស និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទៅក្នុងសហគ្រាស ពិសេសក្នុងវិស័យឯកជន ដើម្បីឱ្យពួកគេបង្កើនផលិតភាព និងរួមចំណែកកាន់តែប្រសើរដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានបង្ហាញជំហក្នុងការជំរុញបរិយាប័ន្ន សមធម៌ និងនិរន្តរភាព ក្នុងការអភិវឌ្ឍ
វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្របតាមកម្មវត្ថុនៃគណៈកម្មាធិការសម្រាប់គោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ (CSTP 2024) ។
ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងអន្តរវិស័យ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងធានាបាននូវអត្ថប្រយោជន៍សង្គមពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមក៏បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការសហការបង្កើតផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រើកម្លាំងរួម ដើម្បីកសាងអនាគតមួយដែលកាន់តែមាននិរន្តរភាព។
អង្គការ OECD បានកំណត់អាទិភាពមួយចំនួនរបស់សម្រប់សន្និសីទនេះ ផ្តោតលើការដោះស្រាយបញ្ហាប្រឈមរួម និងការចាប់យកកាលានុវត្តភាពថ្មីៗ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អាទិភាពទាំងនោះរួមមានការបង្កើតគោលនយោបាយអភិបាលកិច្ចរហ័សរហួន ការលើកកម្ពស់ជីវសេដ្ឋកិច្ចដែលមានភាពធន់ ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងការបង្កើនទំនុកចិត្តសង្គមលើគំនិតផ្តួចផ្តើមផ្នែកវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទន្ទឹមនឹងការជំរុញនវានុវត្តន៍ អ្នករៀបចំគោលនយោបាយដែលចូលរួមក្នុងសន្និសីទនេះក៏មានបំណងផ្តល់អាទិភាពលើក្រមសីលធម៌នៃការអភិវឌ្ឍបច្ចេកវិទ្យា និងអត្ថប្រយោជន៍សង្គមផងដែរ។
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាមានការវិវត្តជឿនលឿនយ៉ាងឆាប់រហ័ស ហើយបញ្ហាសកលកាន់តែមានភាពស្មុគស្មាញ, ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជារឿងមិនអាចខ្វះបាន។ ការបញ្ជាក់ជំហបុរេសកម្មរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់សហគមន៍អន្តរជាតិ ក្នុងការជំរុញសក្តានុពលនៃបរិវត្តកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់វិបុលភាពសង្គម។