កម្ពុជាប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដោយផ្តោតនវានុវត្តន៍ និងគំនិតច្នៃប្រឌិត

កម្ពុជាប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដោយផ្តោតនវានុវត្តន៍ និងគំនិតច្នៃប្រឌិត

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤។   

ក្នុងសុន្ទរកថាជូនដល់អង្គពិធី ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកគឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា វឌ្ឍនភាពបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមសាធារណជន ជាពិសេសនវានុវត្តន៍ករ អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត។ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត" ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងវិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងរាជរដ្ឋាភិបាល ក្នុងការជំរុញនវានុវត្តន៍ដើម្បីសុខុមាលភាពសង្គម និងលើកកម្ពស់ផលិតភាពនៅក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗរបស់ជាតិ។ ដោយលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍបច្ចេកវិទ្យា និងភាពចាំបាច់នៃក្របខណ្ឌច្បាប់ដ៏រឹងមាំ ដើម្បីគាំទ្រនវានុវត្តន៍ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលចំពោះកម្មសិទ្ធិបញ្ញា រួមទាំងជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ឯកឧត្តមបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងគំនិតច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញផលិតកម្មឧស្សាហកម្ម ដោយបង្កើនភាពប្រកួតប្រជែង និងពង្រីកការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិផងដែរ។