កម្ពុជាប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២

កម្ពុជាប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២

ភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ – ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្នុងគោលដៅជំរុញការរីកចម្រើន​ផ្នែក​​បច្ចេកវិទ្យា ដើម្បីរួមចំណែក​កាន់​តែ​ធំដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ។ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ពីថ្ងៃទី២៤ ដល់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ ក្នុងរាជធានី​ភ្នំពេញ បាន​ប្រមូលផ្តុំអ្នកដឹកនាំ អ្នករៀបចំគោលនយោបាយ នវានុវត្តន៍ករ និងភាគីពាក់ព័ន្ធពី​វិស័យ​ផ្សេងៗ ដើម្បីលើកស្ទួយតួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុង​ដំណើរ​ការអភិវឌ្ឍរបស់កម្ពុជា។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកទិវាជាតិនេះ ដែល​បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការ​ចាប់យកនវានុវត្តន៍ និងលើកកម្ពស់វប្បធម៌ឧត្តមភាពបច្ចេកវិទ្យា។

ប្រធានបទនៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំនេះ គឺ«សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការប្រើប្រាស់បច្ចេក​វិទ្យា ដើម្បីជំរុញ​ការរីកចម្រើន ជាពិសេសក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។ ជាមួយ​​នឹងការវិវត្តយ៉ាងឆាប់រហ័សនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងឌីជីថលូបនីយកម្ម កម្ពុជា​យល់ច្បាស់ពីភាពចាំ​បាច់​នៃការប្រើប្រាស់គ្រឿងឧបករណ៍ និង​ចំណេះដឹចាំបាច់ ដើម្បីឱ្យសហគ្រាសក្នុង​ស្រុក អាចរីកចម្រើនទៅមុខបានឆាប់រហ័ស ក្នុងស្ថានភាពនៃការប្រកួតប្រជែងសាកលកាន់តែខ្លាំង។

 

នៅក្នុង​សុន្ទរកថា​បើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងភាពចាំបាច់នៃការអភិវឌ្ឍវិស័យនេះ ដើម្បីឱ្យកម្ពុជាអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហា​ប្រឈមនានាជា​សាកល ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពបច្ចេកវិទ្យា និងជំរុញនវានុវត្តន៍នៅក្នុងចំណោមក្រុមហ៊ុន-សហគ្រាសក្នុងស្រុក ដែលនេះជាកត្តាសំខាន់ ក្នុងការ​ពង្រឹងជំហររបស់កម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសាកល។

 

 

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​លើក​ឡើងពីតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថាជាកត្តាលីករដើម្បីជំរុញ​ការសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ “ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ដែលរូមមានពិព័រណ៍វិទ្យាសាស្រ្ត និងពិព័រណ៍គ្រឿងឧបករណ៍ បានផ្តល់ជាវេទិកាមួយសម្រាប់ការរីកចម្រើននៃវិស័យឧស្សា​ហកម្ម និង​សហគ្រាស​ធុនតូចនិងមធ្យមរបស់កម្ពុជា ដែលបង្កើតឱកាសការងារ និងជំរុញ​កំណើន​សេដ្ឋកិច្ច។ យើងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យពួកគាត់ចាប់យកបច្ចេកវិទ្យាមកបង្កើនផលិតកម្ម គុណភាព និងផលិតភាពរបស់ខ្លួន"។

កម្មវិធីនេះក៏មានការចូលរួមពីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ របស់ប្រទេស​ថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត ដែលបង្ហាញពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

 

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹង​កំពុងបង្កើតឯកសារ​គោល​នយោបាយ​សំខាន់ៗ ដូចជាផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ២០២៥, របាយការណ៍ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងព្រះរាជាណាចក្រកម្ពុជា, របាយការណ៍ស្តីពីការវាយតម្លៃតម្រូវការបច្ចេកវិទ្យា និងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាវិស័យអបរំ សុខាភិ​​បាល កសិកម្ម ទេសចរណ៍​ ថាមពល និងឌីជីថល។

ក្រសួងក៏បាន និងកំពុងរៀបចំក្របខណ្ឌគតិយុត្ត ដើម្បីពង្រឹកការអភិវឌ្ឍបច្ចេកវិទ្យា ដែលមានដូចជា​ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា និងសេចក្តីព្រាងអនុក្រឹត្យមួយចំនួនដែល​ផ្តោតលើទិដ្ឋភាពសំខាន់ៗនៃការគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ព្រមទាំងការបង្កើត និងការគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាដើម។



Photo credits: Samdech Thipadei Hun Manet, Prime Minister of Cambodia (Telegram Channel)