សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លេីកទី​១៤​ ឆ្នាំ​២០២២

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លេីកទី​១៤​ ឆ្នាំ​២០២២

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លេីកទី​១៤​ ឆ្នាំ​២០២២ - Cambodia Japan Water Supply and Sewer Seminar 2022 (14th)

សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុនលេីកទី​១៤​ ឆ្នាំ​២០២២​ ដែល​ស្ថិត​ក្រោមការឧបត្ថម្ភរបស់អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ-សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ប្រទេសជប៉ុន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កម្ពុជា ដោយមានកិច្ចសហការរៀបចំគាំទ្រ ពីក្រសួងសុខាភិបាលការងារ និងសុខមាលភាពនៃប្រទេសជប៉ុន (MHLW) និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសជប៉ុន JICA ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ ពីថ្ងៃទី២៧ ដល់​ថ្ងៃ​ទី​ ២៨​ ខែមករា ឆ្នាំ២០២២​ ក្រោមអធិបតីភាព​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ច​ម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ និង​ឯកឧត្តម​ មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា​ តាមប្រព័ន្ធ​អនឡាញ​ និង​ដោយផ្ទាល់​ នៅ​ទី​ស្តី​ការ​ក្រសួង​ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងមន្ទីរ អង្គភាព សមាគម ស្ថាប័នពាក់ព័ន្ធ​ជាច្រេីន​រូបទៀត​ ។

បន្ទាប់ពី​សន្ទរកថា​ស្វាគមន៍​ពីលោក​ KANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ​ លោក​ AZUMA Toshihiro ប្រធាននាយកដ្ឋានក្រសួងសុខាភិបាល ការងារ និងសុខមាលភាពនៃប្រទេសជប៉ុន​ និងមតិចាប់អារម្មណ៍របស់​ឯកឧត្តម​ មីកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា​រួចមក​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​សម្ដែង​នូវ​ទឹក​ចិត្ត​រីករាយ​ គាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានសិក្ខាសាលានេះឡេីងជារៀងរាល់ឆ្នាំ​ ដែលមកដល់ពេលនេះ​ ជាសិក្ខាសាលា​លេីកទី​១៤​ហេីយ​ បេីទោះជានៅមានវិបត្តិកូវីដ​១៩ក៏​ដោយ​ ។ នេះបានបង្ហាញនូវទំនាក់ទំនងដ៏ល្អរវាងកម្ពជា-ជប៉ុន​ និង​ជាពិសេស​លេីវិស័យ​ទឹកស្អាត​ ប្រជាជនកម្ពុជា​តែង​នឹក​គុណ​ដល់ប្រទេស​ជប៉ុន​ ដែល​បានដេីរតួយ៉ាងសំខាន់លេីវិស័យទឹកស្អាតនៅកម្ពុជា​ ដូចសុភាសិតខ្មែរដែលថា បានផ្លែឈើ ហូប ត្រូវនឹកឃើញដល់អ្នកដាំដើមឈើ។

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានថ្លែង​អំណរគុណ​ជាពិសេស​​ចំពោះវិស័យឯកជន របស់ជប៉ុន​ដែលបាន​ចំណាយពេលវេលាដ៏មានតម្លៃចូលរួមសិក្ខាសាលា​នេះទាំងការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញ ហើយបានចូលរួមធ្វើជាវាគ្មិនផងដែរ។ សិក្ខាសាលានេះ នឹងបង្ហាញអំពីវិស័យទឹកស្អាតរបស់ កម្ពុជា ស្ថានភាព បញ្ហាប្រឈម ការត្រៀមអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត និងស្ថានភាព ប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតទឹកនៅកម្ពុជា, ការសហការគាំទ្ររបស់ភាគីជប៉ុនដល់វិស័យទឹកស្អាតនៅកម្ពុជានិង​ ទំនាក់ទំនងរវាងការផ្គត់ផ្គង់ទឹកស្អាត សុខភាព សាធារ​ណៈ និងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំសូមអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វាគ្មិននៃប្រទេសជប៉ុនដែលនឹងចូលរួម ធ្វើបទ បង្ហាញ ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យានានា ដល់អង្គសិក្ខា សាលា អំពីការងារដែលពាក់ព័ន្ធ នឹង ការគ្រប់គ្រងការអភិវឌ្ឍវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជា ទិសដៅក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទឹក​ស្អាតនៅកម្ពុជា​ ដែល​នឹងរួមចំណែកការសម្រេចបាន​នូវគោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​បានកំណត់ថា ៖ «ពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹក​ស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០% ត្រឹមឆ្នាំ២០២៥ ដោយឈរលើ លក្ខខណ្ឌបួនយ៉ាងគឺ ទឹកត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។ ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងខិតខំ​ប្រឹង​ប្រែងក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទឹកស្អាត តាមរយៈ ការកសាងឯកសារបទដ្ឋានគតិយុត្តិ,ការវិ​និ​យោគលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត, ការពង្រឹងស្ថាប័នរបស់អង្គភាពរដ្ឋាករទឹកសាធារណៈ រួមមាន៖​ ការចុះពិនិត្យវឌ្ឍនភាព និងការជំរុញអង្គភាពរដ្ឋាករទឹកសាធា​ រ​ណៈឱ្យទៅជាអង្គភាពស្វយ័ត, ការលើកទឹកចិ​ត្ត និងពន្លឿនការ ចេញប្រកាសអនុញ្ញាតជូនប្រតិបត្តិករទឹក​ស្អាតឯកជន ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត, ការពង្រឹងសមត្ថភាពធនធានមនុស្សសម្រាប់វិស័យ, ការកសាងឧបករណ៍នានាសម្រាប់គាំទ្រដល់ការដឹកនាំវិស័យ និងការកៀរគរហិរញ្ញប្បទានសម្រាប់វិស័យ ជាដើម សូមបញ្ជាក់ថា​ នៅរសៀលថ្ងៃដដែលនេះដែរ​ ក៏​មាន​ពិធីចុះហត្ថលេខាលេីរបាយការណ៍សកម្មភាពនិង​សមិទ្ធផលការងាររយ:ពេល២ឆ្នាំ​ក្រោមអនុស្សារណ:​យោគយល់​គ្នា​ រវាងឯកឧត្តម​ អ៊ុំ​ សុថា​ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ជាមួយ​ លោក​ ARITA Hitoshi អនុ​ប្រធាន​សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង គីតាគ្យូស៊ុ(KOWBA) ពីប្រទេសកម្ពុជា​ និងជាមួយ​លោកKANEO Akitoshi អគ្គនាយកអង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ​ ពីប្រទេស​ជប៉ុន​ ហេីយ​សិក្ខាសាលា​នេះទៀតសោត​ ត្រូវបានដឹកនាំ​បន្តដោយ​ឯកឧត្តម​រដ្ឋលេខាធិការ​ អ៊ុំ​ សុថា​ តំណាងឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ រហូត​ដល់បិទអង្គសិក្ខាសាលា​ នៅព្រឹកថ្ងៃទី​២៨​ ខែ​ ឆ្នាំ​ដដែល​ ។

រូបភាពច្រើនទៀត