មូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្មត្រូវបានដាក់ឱ្យដំណើរការដើម្បីជំរុញនវានុវត្តន៍

មូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្មត្រូវបានដាក់ឱ្យដំណើរការដើម្បីជំរុញនវានុវត្តន៍

មូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្មកម្ពុជា (Cambodia Patent Database) ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅពង្រឹងការការពារកម្មសិទ្ធិបញ្ញា និងជំរុញនវានុវត្តន៍។ កម្មវិធីនេះត្រូវបានរៀបចំឡើង រួមជាមួយនឹងសិក្ខាសាលាពង្រឹងសមត្ថភាពលើការប្រើប្រាស់សេវាអនឡាញរបស់មូលដ្ឋានទិន្នន័យនេះ

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ប្រកាសនីយបត្រតក្កកម្មមានតួនាទីសំខាន់ក្នុងការការពារកម្មសិទ្ធិបញ្ញា ទាក់ទាញអ្នកវិនិយោគ និងបង្កើនទំនុកចិត្តលើសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានរំលេចពីសារៈសំខាន់នៃប្រកាសនីយបត្រតក្កកម្ម ដែលផ្តល់ភាពអង់អាចដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកច្នៃប្រឌិត ដើម្បីពន្លឿននវានុវត្តន៍ និងលើកកម្ពស់ការប្រកួតប្រជែង ទន្ទឹមនឹងនោះទប់ស្កាត់ការរំលោភបំពាន និងការក្លែងបន្លំ។

កម្មសិទ្ធិបញ្ញាមានទម្រង់ផ្សេងៗ រួមទាំងប្រកាសនីយបត្រតក្កកម្ម ពាណិជ្ជសញ្ញា សិទ្ធិអ្នកនិពន្ធ និងអាថ៌កំបាំងពាណិជ្ជកម្មជាដើម។ កម្មសិទ្ធិបញ្ញាផ្តល់សិទ្ធិផ្តាច់មុខដល់អ្នកបង្កើត និងអ្នកច្នៃប្រឌិត ចំពោះការបង្កើតថ្មីរបស់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេគ្រប់គ្រង និងទទួលអត្ថប្រយោជន៍ពីកម្មសិទ្ធិបញ្ញារបស់​ខ្លួន

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាដើម្បីជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍផលិតផល បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ឱ្យរីកចម្រើនជឿនលឿន វាជារឿងសំខាន់ណាស់ដែលលទ្ធផលការស្រាវជ្រាវ និងអភិវឌ្ឍន៍ទាំងនោះទទួលបានការការពារ។ ប្រកាសនីយបត្រតក្កកម្មផ្តល់ការការពារ​ផ្លូវច្បាប់ប្រឆាំងនឹងការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការរំលោភលើការបង្កើតថ្មីទាំងនោះ។"

អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បាននិងកំពុងគាំទ្រកម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (IPAS) ដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យ ការដំណើ​រការទទួលពាក្យសុំ ការចេញលិខិតបង់ប្រាក់​ ការចុះបញ្ជី ការបោះពុម្ពផ្សាយ និងការស្រាវជ្រាវព័ត៌មានការបោះពុម្អម្របបl as then d ាំរបស់ សម្តេចអប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។

ការដាក់ឱ្យដំណើរការមូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្ម និងសិក្ខាសាលាពង្រឹងសមត្ថភាពលើសេវាកម្មអនឡាញនេះ គឺជាជំហានថ្មីមួយទៀតដ៏សំខាន់ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីប្រកាសនីយបត្រតក្កកម្ម និងកម្មសិទ្ធិបញ្ញារបស់កម្ពុជា ដើម្បីថែបំប៉ននវានុវត្តន៍ ពង្រឹងការការពារកម្មសិទ្ធិបញ្ញា បង្កើនការយល់ដឹង និងជំរុញកំណើនសេដ្ឋកិច្ច។

តំណភ្ជាប់ទៅ មូលដ្ឋានទិន្នន័យប្រកាសនីយបត្រតក្កកម្ម