កម្ពុជា និងកូរ៉េខាងត្បូងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញវិស័យឧស្សាហកម្មរ៉ូបូត

កម្ពុជា និងកូរ៉េខាងត្បូងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីជំរុញវិស័យឧស្សាហកម្មរ៉ូបូត

ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ – អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត បានចុះអនុស្សា     រណៈនៃការយោគយល់គ្នា ដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើឧស្សាហ​កម្មរ៉ូបូត។

 

អនុស្សារណៈនៃការយោគយល់គ្នានេះបង្កើតក្របខណ្ឌយុទ្ធសាស្រ្ត សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដែលជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ រួមបញ្ចូលទាំងការបង្កើតគោលនយោបាយគាំទ្រ និងយុទ្ធសាស្រ្ត ដើម្បីជំរុញបច្ចេកវិទ្យារ៉ូបូត ក៏ដូចជាសមានកម្ម និងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតបម្រើឧស្សាហកម្ម (Industrial robotic technology) នៅក្នុងសហគ្រាសធុនតូច និងមធ្យមវិស័យផលិតកម្ម ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍​ផងដែរ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ក្នុងការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ យើងមានគោលបំណងសាបព្រួសគ្រាប់ពូជ សម្រាប់ការរីកធំធាត់នៃធុរកិច្ចបង្កើតថ្មីក្នុងឧស្សាហកម្មរ៉ូបូត ដោយផ្តល់ឱ្យពួកគេនូវការណែនាំ និងការគាំទ្រចាំបាច់ ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ទៅជាអាជីវកម្មដែលរីកចម្រើន។ កម្ពុជាក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារ ពង្រឹងបទដ្ឋានឧស្សាហកម្ម និងការពារកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតផងដែរ។”

 

 

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័ននៃប្រទេសទាំងពីរនឹងគ្របដណ្តប់លើគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងគោលដៅជំរុញឧស្សាហកម្មរ៉ូបូត។ អនុស្សារណៈនេះក៏រួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការនានា ដូចជាការរៀបចំដំណើរបេសកកម្មពាណិជ្ជកម្ម ការបង្កើតភាពជាដៃគូអាជីវកម្មនៅក្នុងវិស័យនេះ និងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាបច្ចេកវិទ្យា ការតាំងពិព័រណ៌ និងការងារផ្សព្វផ្សាយ ដើម្បីស្វែងរកដំណោះស្រាយរ៉ូបូតជាដើម។

កិច្ចសហការក៏នឹងលើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងស្តង់ដាររ៉ូបូត ព្រមទាំងបង្កើតប្រព័ន្ធវិញ្ញាបនបត្រ​កម្មគុណភាព​ដ៏រឹងមាំ និងដឹកនាំការស្រាវជ្រាវ និងការស្ទង់មតិរួមគ្នាលើវិស័យរ៉ូបូត បញ្ញាសិប្បនិម្មិត និងការធ្វើស្វ័យប្រវត្តិកម្ម ។