ក្រុមហ៊ុន កូកា-កូឡា សង្ឃឹមជឿជាក់ និងប្ដេជ្ញាពង្រឹងអាជីវកម្មនៅកម្ពុជា

ក្រុមហ៊ុន កូកា-កូឡា សង្ឃឹមជឿជាក់ និងប្ដេជ្ញាពង្រឹងអាជីវកម្មនៅកម្ពុជា

ម៉ាកយីហោភេសជ្ជៈដ៏ល្បីរបស់ពិភពលោក កូកា-កូឡា តាមរយៈក្រុមហ៊ុនច្រកដប (ក្រុមហ៊ុនភេសជ្ជៈកម្ពុជា) បានបង្ហាញក្តីសង្ឃឹមជឿជាក់ និងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជា ដោយលើកហេតុផលស្ថិរភាពនៅក្នុងប្រទេស។

ក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Joseph Ho នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជាបានលើកឡើងថា ទោះបីឆ្នាំ២០២៣ជាឆ្នាំដ៏លំបាកក៏ដោយ ក្រុមហ៊ុនមេរបស់ខ្លួន គឺ Swire Coca-Cola កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់។

ក្រុមហ៊ុន កូកា-កូឡា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបន្តអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ក្រុមហ៊ុន កូកា-កូឡា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ហើយបានជំរុញឱ្យក្រុមហ៊ុនប្រើប្រាស់បទពិសោធន៍អន្តរជាតិរបស់ខ្លួន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការពង្រឹងគុណភាព ស្តង់ដារ និងអភិបាលកិច្ច ដែលអាចឱ្យពួកគេក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់កូកា-កូឡា និងឧស្សាហកម្មធំៗនាពេលអនាគត។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន កូកា-កូឡា ឱ្យវិនិយោគលើការស្រាវជ្រាវ អភិវឌ្ឍ និងធ្វើទីផ្សារទំនិញដែលប្រើវត្ថុធាតុដើមក្នុងស្រុក, ធ្វើឱ្យខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនកាន់តែបៃតង, និងពិចារណាវិនិយោគលើការកែច្នៃ និងប្រើប្រាស់ឡើងវិញសំណល់ដប។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកំពុងអនុវត្តរបៀបវារៈកំណែទម្រង់ ដើម្បីធានាថាមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការផ្គត់ផ្គង់ទឹកស្អាត ស្តង់ដារ និងសេវាមន្ទីរពិសោធន៍ សម្រាប់គាំទ្រដល់ឧស្សាហកម្ម។