គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិភាក្សាស្វែងរកវិធីគាំទ្រការចូលក្នុងប្រព័ន្ធរបស់សហគ្រាសធុនមីក្រូ

គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធពិភាក្សាស្វែងរកវិធីគាំទ្រការចូលក្នុងប្រព័ន្ធរបស់សហគ្រាសធុនមីក្រូ

នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានពិភាក្សាស្វែងរកវិធីគាំទ្រការចូលក្នុងប្រព័ន្ធរបស់សហគ្រាសធុនមីក្រូ ដោយផ្តោតលើការរៀបចំ​ស្ថានភាព​នីតិបុគ្គល និងអត្ថប្រយោជន៍ពាក់ព័ន្ធសម្រាប់សហគ្រាសទាំងនោះ។ កិច្ចពិភាក្សាបានដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កិច្ចប្រជុំបានបង្ហាញគំរូពីប្រទេសមួយចំនួនដូចជា ប្រទេសបេនីន និងប្រេស៊ីល ដែលកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានផ្តល់បច្ច័យដ៏សំខាន់ចំពោះសេដ្ឋកិច្ចជាតិ

នៅកម្ពុជា យោងតាមជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ ជិត ៩៣% នៃអង្គភាពសេដ្ឋកិច្ចគឺជាសហគ្រាសធុនមីក្រូ ដោយក្នុងនោះមានតែ ៦,៥% ប៉ុណ្ណោះដែលបានចុះបញ្ជី ដែលជាទូទៅធ្វើឡើងនៅ​រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃគណៈកម្មាធិការនេះរៀបចំធ្វើសាមញ្ញកម្មដំណើរការចុះឈ្មោះសហគ្រាសធុនមីក្រូ សម្រាលលក្ខណ្ឌតម្រូវ និងផ្តល់ការលើកទឹកចិត្តសម្រាប់ការចូលក្នុងប្រព័ន្ធរបស់ពួកគាត់។ គោលដៅគឺផ្តល់ស្ថានភាពស្របច្បាប់ដល់សហគ្រាសធុនមីក្រូ ដើម្បីផ្តល់លទ្ធភាព​ឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជំនួយនានា ដូចជាការបណ្តុះបណ្តាលជំនាញ លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំពារសង្គមជាដើម ដែលអាចជួយឱ្យសហគ្រាសទាំងនោះ​ពង្រីកប្រតិបត្តិការ និងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា។