ក្រសួង ឧ.​វ.ប.ន.​ បានសហការជាមួយអង្គភាព E-READI ​រៀបចំសិក្ខាសាលាស្តីពី «គម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន»

ក្រសួង ឧ.​វ.ប.ន.​ បានសហការជាមួយអង្គភាព E-READI ​រៀបចំសិក្ខាសាលាស្តីពី «គម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន»

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ASEAN Technology Management Hub,​​ ASEAN TMH) ជាគម្រោងបង្កើតវេទិកាអនឡាញដ៏ទូលំទូលាយមួយ ដែលនឹងផ្គូផ្គងលទ្ធផលស្រាវជ្រាវពីសាកលវិទ្យាល័យឬស្ថាប័នស្រាវជ្រាវណាមួយ ជាមួយនឹងតម្រូវការរបស់វិស័យឯកជន ដើម្បីពន្លឿនការស្រាវជ្រាវ ជំរុញការបង្កើតថ្មី ការចែករំលែកចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យាដោយគ្មាន​ព្រំដែននៅក្នុងតំបន់អាស៊ាន។​ ដោយផ្សារភ្ជាប់និងពង្រឹងស្ថាប័នអប់រំនិងវិស័យឯកជន មជ្ឈមណ្ឌលនេះ​នឹង​ក្លាយ​ជាថ្នាល​ដំបូង​គេ​បង្អស់​នៅ​ថ្នាក់​តំបន់​ក្នុង​អាស៊ាន។

សិក្ខាសាលាចំនួនពីរត្រូវបានរៀបចំឡើង ក្រោមជំនួយរបស់អង្គភាព Enhanced Regional EU-ASEAN Dialogue Instrument (E-READI) របស់សហភាពអឺរ៉ុប ដែលបានប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីវិស័យអប់រំ ធុរកិច្ចថ្មី និងអ្នកច្នៃប្រឌិត វិស័យឯកជន និងការិយាល័យផ្ទេរបច្ចេកវិទ្យាពីប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ធាតុចូលរួមគ្នាសម្រាប់ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ASEAN TMH​​ នេះ។

សិក្ខាសាលាលើកទី១ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីចាកាតានៅថ្ងៃទី២៣ និង​២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារស្រាវជ្រាវនិងនវានុវត្តន៍ជាតិរបស់ប្រទេសឥណ្ឌូនេស៊ី (BRIN)ដោយមានការសម្របសម្រួលជាមួយគណៈកម្មការអឺរ៉ុប អគ្គនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ (European Commission, Directorate-General for Research and Innovation, DG RTD) និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (the Science and Technology Division of the ASEAN Secretariat)។ សិក្ខាសាលានោះបានពិភាក្សាលើ «ការកំណត់អាទិភាពរបស់ភាគីអ្នកពាក់ព័ន្ធ និងការរចនាមជ្ឈមណ្ឌល(Identifying Stakeholder Priorities and Designing the ASEAN TMH Platform) »។

សិក្ខាសាលាលើកទី២ ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) របស់កម្ពុជា នៅខេត្តសៀមរាប នៅថ្ងៃទី ១៦ និង ១៧ ខែមីនា ឆ្នាំ២០២៣។ សិក្ខាសាលាលើកទី២នេះផ្តោតលើ « យុទ្ធសាស្ត្រប្រតិបត្តិការនិងយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់មជ្ឈមណ្ឌល (Implementation and Management Strategy ASEAN TMH Platform និងបានពង្រីកបន្ថែមទៅលើលទ្ធផលពិភាក្សា ដែលទទួលបានពីសិក្ខាសាលាលើកទី១»។ សហភាពអឺរ៉ុបបានបន្តកិច្ចសន្ទនារបស់ខ្លួនជាមួយអាស៊ានក្នុងព្រឹត្តិការណ៍លើកទីពីរនេះ ហើយបានចែករំលែកមេរៀនដែលខ្លួនបានរៀនពីគំនិតផ្តួចផ្តើមស្រដៀងៗនេះនៅសហភាពអឺរ៉ុប។

ក្នុងពិធីបើកសិក្ខាសាលាលើកទី២ លោក ទីបូ ប៉័កតឺវ៉ាង់ Thibaut Portevin ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអាស៊ានបានអបអរសាទរអាស៊ានចំពោះការអភិវឌ្ឍន៍ ASEAN TMH ក្នុងតំបន់របស់ខ្លួន ហើយមានប្រសាសន៍ថា ​​«សហភាពអឺរ៉ុបមានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ដែលនឹងផ្តល់ជូនសាកលវិទ្យាល័យអាស៊ាន ស្ថាប័នស្រាវជ្រាវ ក្រុមហ៊ុនឯកជន និងទីភ្នាក់ងាររដ្ឋាភិបាល គឺជាឱកាសមួយដើម្បីធ្វើអន្តរកម្មកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនឥទ្ធិពលសង្គម និងសក្តានុពលពាណិជ្ជកម្មនៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងការច្នៃប្រឌិតរបស់ពួកគេ ហើយនឹងរួមចំណែកដល់ដំណើរការសមាហរណកម្មក្នុងតំបន់»។

នៅក្នុងសុន្ទរកថាបើក លោកស្រីបណ្ឌិត ហ្ស៊ូរីណា ម៉ុកតា  Zurina Moktar ប្រធានលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានមានប្រសាសន៍ថា «សិក្ខាសាលាបានប្រមូលផ្តុំតំណាងមកពីសាកលវិទ្យាល័យ ការិយាល័យផ្ទេរបច្ចេកវិទ្យា និងវិស័យឯកជនមកពីទូទាំងអាស៊ាន ដែលនឹងក្លាយជាឆ្អឹងខ្នងរបស់ ASEAN TMH ។ វេទិកាថាមវន្តដែលនឹងផ្គូផ្គងការស្រាវជ្រាវសាកលវិទ្យាល័យដែលអាចសម្រេចបានពាណិជ្ជកម្មជាមួយវិស័យឯកជនដែលជំរុញដោយការបង្កើតថ្មី។ វគ្គសិក្ខាសាលានេះក៏ជាការបង្ហាញអំពីការចូលរួមជាក់ស្តែងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែលនៅទីបំផុតនឹងពង្រឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ឆ្ពោះទៅមុខ»។

ប្រធានគណៈកម្មាធិការជាតិឥណ្ឌូនេស៊ីនៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) លោកជំទាវបណ្ឌិត បូឌាអាស្តូទី អូនតូវាចូ (Boediastoeti Ontowirjo) បានបង្ហាញថា សិក្ខាសាលានេះត្រូវបានគេរំពឹងថានឹងទទួលនូវគំនិតសម្រាប់គម្រោង ASEAN TMH ដែលអាចធ្វើទៅបាន និងគួរឱ្យទុកចិត្តបំផុត។ ដូច្នេះ BRIN ជាទីភ្នាក់ងាររដ្ឋាភិបាលតែមួយគត់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលទទួលខុសត្រូវលើការស្រាវជ្រាវ និងការបង្កើតថ្មី នឹងបន្តគាំទ្រដល់ការអនុវត្ត និងយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ASEAN TMH នេះ»។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានកម្មាធិការជាតិកម្ពុជានៃគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (COSTI) ប្រចាំប្រទេសកម្ពុជាបានបន្ថែមក្នុងសុន្ទរកថារបស់លោកថា «គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ASEAN TMH របស់អាស៊ាននឹងមិនត្រឹមតែជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនការច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីទូទាំងតំបន់អាស៊ានដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងជាសកលដោយការប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។ ដូច្នេះហើយ សិក្ខាសាលា EU-ASEAN មានសារៈសំខាន់បំផុតក្នុងការកំណត់មូលដ្ឋានគ្រឹះ និងទិសដៅត្រឹមត្រូវសម្រាប់គំនិតផ្តួចផ្តើមនេះ។ កម្ពុជាប្តេជ្ញាបន្តធ្វើការជាមួយដៃគូ អ្នករួមចំណែក និងអ្នកពាក់ព័ន្ធ ដើម្បីធានាដល់ការបង្កើត និងប្រតិបត្តិការប្រកបដោយជោគជ័យនៃ មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ASEAN TMH​ នេះ»​។