សហភាពអឺរ៉ុប និងអាស៊ានបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

សហភាពអឺរ៉ុប និងអាស៊ានបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា ត្រូវបានរៀប​​ចំឡើងនៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយផ្តោតលើការខិតខំប្រឹងប្រែងបន្តដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន។

សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានប្រមូលផ្តុំអ្នកជំនាញពីសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពិភាក្សាពីវិធីសាស្រ្ត និងយុទ្ធសាស្ត្រ ដែលនឹងមិនត្រឹមតែកាត់បន្ថយគម្លាតបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងសម្របសម្រួលការតភ្ជាប់ដ៏រលូន ដោយបង្កើនសក្តានុពលសម្រាប់កិច្ចសហការ។

គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងរៀបចំសេចក្តីព្រាងឯកសារទស្សនទានសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដោយផ្សារភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិនៅក្នុងតំបន់អាស៊ាន។ គោលដៅគឺដើម្បី​ប្រែក្លាយគោលគំនិតប្រកបដោយនវានុវត្តន៍នានា ឱ្យទៅជាដំណោះស្រាយល្អប្រសើរតាមលក្ខណៈបច្ចេកទេស ដែលអាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជាវិបត្តិអាកាសធាតុ បញ្ហាសន្តិសុខស្បៀង សុខភាពសាធារណៈ ជំងឺរាតត្បាត និងវិសមភាពសេដ្ឋកិច្ច។

ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថប្រយោជន៍នៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ានសម្រាប់តំបន់។

ឯកឧត្តមមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដើម្បីដោះស្រាយបញ្ហារួមរបស់យើង ដោយប្រើប្រាស់សក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើង ស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៥-២០២៥។"

សហភាពអឺរ៉ុបបានគាំទ្រយ៉ាងសកម្មដល់គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន តាមរយៈកម្មវិធី E-READI បច្ចុប្បន្ន ទោះបីមានគំនិតផ្តួចផ្តើមផ្ទេរបច្ចេកវិទ្យានៅកម្រិតប្រទេសក្នុងតំបន់អាស៊ានក៏ដោយ គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ានមានបំណងបង្កើតជាវេទិកាថ្នាក់តំបន់សម្រាប់ការផ្ទេរ និងកិច្ចសហការបច្ចេកវិទ្យាឆ្លងព្រំដែនដោយរលូន។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមថ្នាក់តំបន់នេះ ឯកឧត្តមបានលើកឡើងថា៖ទាំងអាស៊ាន និងសហភាពអឺរ៉ុបអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការរួមកម្លាំង ក្នុងការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលមជ្ឈមណ្ឌលនេះមានសក្ដានុពលក្នុងការពន្លឿនការចែករំលែកចំណេះដឹង និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងតំបន់ទាំងពីរ និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ចំពោះបញ្ហាធំៗរបស់ពិភពលោក ដែលយើងទាំងអស់គ្នាកំពុងប្រឈម។

ឯកឧត្តម Satvinder Singh អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន បានលើកឡើងថា៖មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យានេះមានគោលបំណងដោះស្រាយតម្រូវការជាក់លាក់របស់អាស៊ាន។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចម្រុះជាង ៦០០ លាននាក់នៅក្នុងតំបន់របស់យើង ដោយគិតគូរពីតម្រូវការពិសេស និងបញ្ហាប្រឈមដែលអាចមានលក្ខណៈខុសពីមជ្ឈមណ្ឌលផ្សេងៗ ដែលត្រូវបានបង្កើតឡើងនៅទូទាំងពិភពលោក។

គំនិតផ្តួចផ្តើមមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានសហការដឹកនាំដោយ គណៈកម្មាធិការអាស៊ាន​​ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តម ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា បានធ្វើបទបង្ហាញអំពីគោលគំនិតនៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាសម្រាប់អាស៊ាន និងបានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យចែករំលែកនូវបទពិសោធន៍របស់ខ្លួន ដើម្បីរៀបចំឯកសារទស្សនទានដែលរឹងមាំ ដោយបង្ហាញពីគំរូនៃការផ្ទេរបច្ចេកវិទ្យាឆ្លងព្រំដែនដ៏ល្អប្រសើរមួយ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ប្រទេសឥណ្ឌូនេស៊ី លោកជំទាវ Ir. Boediastoeti Ontowirjo បានសង្កត់ធ្ងន់លើអាទិភាពនៃការផ្ទេរបច្ចេកវិទ្យា ជាពិសេសនៅក្នុងបរិវត្តកម្ម​​ថាមពល និងបរិវត្តកម្មឌីជីថល ដោយបញ្ជាក់ពីតម្រូវការនៃភាពជាដៃគូនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យស្រាវជ្រាវ និងនវានុវត្តន៍។

កម្ពុជាបានដាក់ចេញនូវឧបករណ៍គោលនយោបាយមួយចំនួន រួមមានគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២០-២០៣០, ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០, របៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥, និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាជាដើម ដើម្បីទាញយកសក្តានុពលពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យបានពេញលេញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។