លោកជំទាវស្នងការអឺរ៉ុប ជូតា អេភើលឡៃនីន ទស្សនកិច្ចរោងចក្រផលិតទឹកស្អាតបាក់ខែង និងប្រកាសចាប់ផ្តើមដំណាក់ទី៣នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ក្រោមគំនិតផ្តួចផ្តើមច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប

លោកជំទាវស្នងការអឺរ៉ុប ជូតា អេភើលឡៃនីន ទស្សនកិច្ចរោងចក្រផលិតទឹកស្អាតបាក់ខែង និងប្រកាសចាប់ផ្តើមដំណាក់ទី៣នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ក្រោមគំនិតផ្តួចផ្តើមច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ បានរួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង។ រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ​គឺជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្រ្តវិនិយោគច្រកចូលទៅកាន់ពិភពលោក​របស់អឺរ៉ុប (EU Global Gateway)​​។ ការវិនិយោគនេះ​បានជួយធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ​ជាង​២​លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ 

ដំណើរទស្សនកិច្ចផ្លូវការនេះត្រូវបានទទួលដោយ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

លោកជំទាវស្នងការអឺរ៉ុប ​ជូតា អេភើលឡៃនីន ​បានលើកសរសើរអំពីភាពដៃគូរដ៏រឹងមាំរវាង​ទីភ្នាក់ងារអភិវដ្ឍន៌បារាំង (AFD) ធនាការវិនិយោគអឺរ៉ុប និងសហភាពអឹរ៉ុប​​ ថាជាក្រុមការងារអឺរ៉ុបដ៏ខ្លាំង​មួយ ជាពិសេសក្នុងវិស័យទឹក​ស្អាត។​ លោកជំទាវក៏បានរំលេចអំពីសារៈសំខាន់នៃការទទួលបានសេវាទឹកស្អាត ថាជាសិទ្ធិមូលដ្ឋានដ៏សំខាន់មួយ​ និងជាកត្តាដ៏ចំបងក្នុងការជួយដល់ការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព​នៅកម្ពុជា។


លោកជំទាវ ជូតា អេភើលឡៃនីន បានលើកឡើងថា៖ “​​ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី​១​​ និងដំណាក់កាលទី២  សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។​ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាស​ការសន្យាផ្តល់ជំនួយឥតសំណងចំនួន​១៣​​លានដុល្លាសហរដ្ឋអាមេរិក  (១២​ លានអឺរ៉ូ) ដើម្បីគំាទ្រដល់​គម្រោងបាក់ខែងដំណាក់កាលទី៣​​​ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺ​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។”

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ "រោងចក្រផលិតទឹកស្អាតបាក់ខែងគឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ហើយនេះជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ យើងសូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចំពោះការបន្តគាំទ្រដ៏ខ្ជាប់​ខ្ជួនក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។”

រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី​១​​ និងដំណាក់កាលទី​២ ដែលមានសមត្ថិភាពផលិតទឺកស្អាតចំនួន​ ​​​៣៩០.០០០ ម៉ែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។​ គម្រោងនេះក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មី ដល់ប្រជាពលរដ្ឋប្រមាណ​ ១៧០,០០០​ តំណ រួមទាំងប្រជាពល​រដ្ឋ​ក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា​ ២៥.០០០​ តំណផងដែរ។

 

គម្រោងដំណាក់កាលទី​៣ គឺជាការពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហាន​ទៅមុខមួយទៀតគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ពន្ធ័ទឹកស្អាតប្រកដោយ​និរន្តរភាព​ និងឆ្លើយតបទៅនឹងកំណើនដ៏គំហុកនៃតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ​ និងតំបន់ជុំវិញ។​​​

លោកជំទាវស្នងការអឺរ៉ុប ​ជូតា អេភើលឡៃនីន បានជ្រើសរើសយកកម្ពុជា ជាប្រទេសទី​១​ ក្នុងតំបន់អាស៊ីអាគ្នេយ៌ ដើម្បីបំពេញទស្សនកិច្ច។​​ ការជួបសន្ទនារបស់លោកជំទាវជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​ យុវជន និងសង្គមស៊ីវិល គឺជាឱកាសមួយ ដើម្បីឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអឺរ៉ុប និងកម្ពុជា នាពេលកន្លងមក ក៏ដូចជាដើម្បីប្រកាសការចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមថ្មី​ៗ ​ដើម្បីលើកកម្ពស់ការវិនិយោគក្នុងភាពជាដៃគូ​ជាមួយសហភាពអឹរ៉ុប។​