រដ្ឋាភិបាល និងវិស័យឯកជនជួបពិភាក្សាដើម្បីដោះស្រាយ​បញ្ហាប្រឈមសំខាន់ៗ

រដ្ឋាភិបាល និងវិស័យឯកជនជួបពិភាក្សាដើម្បីដោះស្រាយ​បញ្ហាប្រឈមសំខាន់ៗ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយតំណាងវិស័យឯកជន ដើម្បីដោះស្រាយ បញ្ហាប្រឈម​សំខាន់ៗ​ នៅមុនការរៀបចំវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលគ្រោងធ្វើនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារវិស័យ "កម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា" ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជនប្រមាណ ២០០នាក់។

តំណាងផ្នែកឯកជនវិស័យកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសេវា បានប្រមូលបញ្ហា​ប្រឈមនានាពីសមាជិករបស់ខ្លួននៅទូទាំងប្រទេស ហើយបានដាក់សំណើចំនួន ២៩ ចំណុច ដើម្បី ស្វែងរក​ដំណោះស្រាយពីរាជរដ្ឋាភិបាល។

បញ្ហាទាំងនេះមានដូចជា៖ ១. ការចូលទីផ្សាររបស់ផលិតផលក្នុងស្រុក និងការហូរចូលផលិតផលក្រៅស្រុក, ២. ការនាំចូលវត្ថុធាតុដើម គ្រឿងចក្រម៉ាស៊ីន និងសារធាតុគីមី, ៣. ពន្ធដារសម្រាប់សហគ្រាសធុនតូច, ៤. ការប្រើប្រាស់ថាមពល, ៥. ការទទួលបានហិរញ្ញប្បទាន, ៦. ការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រក្នុងផលិតកម្ម និងទីផ្សារ, ៧. ការបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម, ៨. ការនាំចេញផលិតផលទៅទីផ្សារអន្តរជាតិ, ៩. ការទទួលបានស្តង់ដារផលិតផលទាំងចំណីអាហារ និងមិនចំណីអាហារ, ១០. ការងារមាត្រាសាស្ត្រ, ១១. ការភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមជាមួយសហគ្រាសវិនិយោគ, ១២. ប្រសិទ្ធិភាពទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល, ១៣. ការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ព្រមទាំងកម្មវិធីគាំទ្រនានា, និង ១៤. ការដោះស្រាយបញ្ហាជាន់អណត្តិកិច្ចរវាងស្ថាប័នរដ្ឋ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “យើងព្យាយាមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយនឹងបន្តការសន្ទនាដោយបើកចំហ និងដោះស្រាយបញ្ហាផ្សេងៗទៀតដែលវិស័យឯកជនមាន។ ក្រសួង​ក៏​កំពុង​ធ្វើ​កំណែទម្រង់​សេវា​សាធារណៈ​សំខាន់ៗរបស់​ខ្លួន ដែលនឹងរួមបញ្ចូលការធ្វើឱ្យសេវាទាំងនោះផ្តោតលើអតិថិជន, កាត់បន្ថយចំណាយ, និងកាត់បន្ថយរយៈពេលផ្តល់សេវាជាដើម ដើម្បី​គាំទ្រដល់​វិស័យ​ឯកជន​ឱ្យបានកាន់តែល្អ​ប្រសើរ​។”

នៅក្នុងកិច្ចប្រជុំនេះ តំណាងវិស័យឯកជនបានផ្តល់កិច្ចសហការប្រកបដោយភាពស្និទ្ធស្នាល និងបានទទួលយកដំណោះស្រាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ដោយឡែក បញ្ហាដែលទាក់ទងនឹងអាណត្តិកិច្ចអន្តរក្រសួងនងត្រូវបានដោះស្រាយបន្តក្នុងក្របខណ្ឌអន្តរក្រសួង។

ក្រសួងឧស្សាហកម្ម វបន កំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាជាក់លាក់ទាំងនោះ ហើយនឹងធ្វើរបាយរាយការណ៍ជូនវេទិការរដ្ឋាភិបាល-វិស័យឯកជននាពេលខាងមុខ។