ក្រុមហ៊ុន Hainan Litree គ្រោងវិនិយោគរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ក្រុមហ៊ុន Hainan Litree គ្រោងវិនិយោគរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគ​របស់​ខ្លួន​ក្នុង​វិស័យទឹកស្អាតនៅកម្ពុជា។

នាយកប្រតិបត្តិ លោកបណ្ឌិត Cai Yunlong បានរាយការណ៍ថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា UF Membrane ដោយសារក្រុមហ៊ុនបានបង្កើតលទ្ធផលជោគជ័យជាសកល និងមានភ្នាក់ងារផ្តល់បច្ចេកវិទ្យានេះ នៅក្នុង​ប្រទេសជាច្រើន។ ឧបករណ៍ចម្រោះទឹកម៉ាក Litree របស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់​យ៉ាង​​ទូលំ​​ទូលាយចំពោះប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទឹកសម្រាប់តំបន់ប្រជុំជន សម្រាប់តម្រូវការ ឧស្សាហកម្ម និងបច្ចេកវិទ្យាចម្រោះទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដែលបាន និងកំពុង​ផ្តល់អត្ថ​ប្រយោជន៍ដល់មនុស្សជាង៣លានគ្រួសារនៅទូទាំងពិភពលោក។

នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane  របស់ក្រុមហ៊ុន ត្រូវ​បានប្រើប្រាស់នៅក្នុងខេត្ត-ក្រុងជាច្រើន ដោយបានរួមចំណែកដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ ១១.០០០ម៉ែត្រគូប/ថ្ងៃ។ លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្នុងរយៈពេល ៣-៥ ឆ្នាំ​ខាង មុខនេះ ក្រុមហ៊ុន​គ្រោង​នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០-១០០ លានដុល្លារទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់។ ដោយសង្កត់ធ្ងន់​លើ​សារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យា ទាំងនៅក្នុងវិស័យសា​ធារ​ណៈ និងឯកជន ឯកឧត្តម រដ្ឋមន្ត្រី បាន​លើក​​ទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំ​សម្រាប់​ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់​ឧត្តមភាពបច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក។

តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់ខ្លួន ក្នុងការដោះ​ស្រាយ​បញ្ហាផ្គត់ផ្គង់ទឹកស្អាត និងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា membraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈ ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា។