ឯកឧត្តម ហែម វណ្ណឌី ចែករំលែកអំពីដំណើរអភិវឌ្ឍន៍ និងចក្ខុវិស័យកម្ពុជាសម្រាប់អនាគត ជាមួយ និស្សិតសាកលវិទ្យាល័យ Cornell
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសំណេះសំណាលជាមួយក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Cornell ដឹកនាំដោយលោកស្រីបណ្ឌិត Diva Vanchan និងសាស្ត្រាចារ្យ Richard Fincher ។ បណ្ឌិត Vanchan បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបពីចំណាប់អារម្មណ៍របស់ក្រុមនិស្សិតលើការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិមិត្ត។
ក្នុងកិច្ចសន្ទនាប្រកបដោយភាពកក់ក្តៅនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ដល់ក្រុមនិស្សិតពីដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជា ពីសម័យកាលដ៏រុងរឿងនៃអាណាចក្រខ្មែរ ទៅរបបខ្មែរក្រហមដ៏ខ្មៅងងឹត រហូតដល់ការដឹកនាំរដ្ឋបច្ចុប្បន្នដែលមានសេដ្ឋកិច្ចកំពុករីកលូតលាស់។
ប្រធានបទសំខាន់មួយនៃកិច្ចសន្ទនានេះគឺភាពជោគជ័យរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដែលនាំទៅដល់ការបើកប្រទេសឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។ ឯកឧត្តមបានជម្រាបអំពីអាណត្តិកិច្ចរបស់ក្រសួង និងបានពិភាក្សាប្រធានបទសំខាន់ៗជាច្រើន ដូចជាការផ្គត់ផ្គង់ទឹកស្អាត ជំនួយអភិវឌ្ឍន៍ផ្លូវការ ទំនាក់ទំនងឧស្សាហកម្មជាមួយម៉ាកយីហោល្បីៗ អាទិភាពនៃហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពហិរញ្ញវត្ថុសាធារណៈ និងចក្ខុវិស័យសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសជាដើម។
ឯកឧត្តមបានជំរុញឱ្យគណៈប្រតិភូមើលមកកម្ពុជាមិនត្រឹមតែជាទីផ្សារនៃប្រជាជន១៧ លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែករួមមួយនៃអាស៊ាន និងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា រួមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ពីភាពទាក់ទាញរបស់កម្ពុជាជាគោលដៅវិនិយោគ ដោយលើកឡើងអំពីស្ថិរភាពនយោបាយ និងស្ថិរភាពទំនាក់ទំនងឧស្សាហកម្ម។
ដោយបង្ហាញពីសុទិដ្ឋិនិយមសម្រាប់អនាគត ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីរបស់យុវជនដែលមានសមត្ថភាពផ្នែកបច្ចេកវិទ្យា និងភាសាអង់គ្លេស ថាជាកម្លាំងចលករ ដើម្បីទាញយកប្រយោជន៍ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។
សាកលវិទ្យាល័យ Cornell គឺជាសមាជិកនៃ Ivy League ដែលជាក្រុមនៃមហាវិទ្យាល័យ និងសាកលវិទ្យាល័យឯកជននៅសហរដ្ឋអាមេរិកដ៏មានកិត្យានុភាពចំនួន៨ ដែលល្បីល្បាញខាងឧត្តមភាពសិក្សា ប្រវត្តិដ៏សម្បូរបែប និងដំណើរការជ្រើសរើសនិស្សិតដ៏តឹងរឹង។