ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលជួបប្រតិភូក្រុមហ៊ុន TBEA CO.,LTD នៃប្រទេសចិន

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទទួលជួបប្រតិភូក្រុមហ៊ុន TBEA CO.,LTD នៃប្រទេសចិន

នៅព្រឹកថ្ងៃសុក្រ ទី ០៦ រោជ ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០១៨ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងស្តាប់របាយការណ៌អង្កេតពីប្រតិភូក្រុមហ៊ុន TBEA Co.,Ltd នៃប្រទេសចិន ដឹកនាំដោយលោក Zhou Fengzhang នាយកគ្រប់គ្រងទីផ្សារ អន្តរជាតិ  នៅទីស្តីការក្រសួង។

បន្ទាប់ពីប្រសាសន៌ស្វាគមន៍របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រួចមក  លោក  Zhou Fengzhang បានលើក ឡើងពីប្រវត្តិ និងប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនៅក្នុងស្រុក និងលើពិភពលោក ទៅលើមុខជំនាញ ក៏ដូចជាកម្មវត្ថុអាជីវកម្មរបស់ខ្លួន ដែលផ្តោតសំខាន់ទៅលើ វិស័យ ទឹក ភ្លើង ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញជាដើម ។ ទាក់ទងនឹងប្រតិបត្តិការ នៅប្រទេសកម្ពុជា លោក ប្រធានប្រតិភូ  បានលើកបង្ហាញពីលទ្ធផលអង្កេតស្រាវជ្រាវអំពីបញ្ហា ទឹកស្អាតនៅតំបន់គោលដៅចំនួន០៦ ខេត្ត នៅប្រទេសកម្ពុជា រួមមាន៖  ខេត្ត ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ បន្ទាយមានជ័យ និងឧតត្តរមានជ័យ  ។
ក្នុងនោះ ក្រុមហ៊ុនបានធ្វើបទបង្ហាញ នូវលទ្ធផលនៃការអង្កេតរបស់ខ្លួនទៅលើការកំណត់សូចនាករ មួយចំនួន ដូចជា៖

-តម្រូវការប្រើប្រាស់ទឹកគិតជាលីត្រក្នុងមនុស្សម្នាក់

-ការប៉ាន់ប្រមាណការកើនឡើងចំនួនប្រជាពលរដ្ឋក្នុងឆ្នាំ ២០៣០-តម្រូវការ ប្រើប្រាស់ទឹក

-សមត្ថភាពផ្គត់ផ្គង់ទឹក
-កង្វះខាតទឹក និងលទ្ធភាពនៃការកសាងរោងចក្រប្រព្រឹត្តិកម្មទឹកដែល មានសមត្ថភាពខ្ពស់ ជាដើម ។ ក្រៅពីនោះតំណាងក្រុមហ៊ុន ក៏បានលើក ឡើងពីតម្រូវការទុន និងទម្រង់នៃការវិនិយោគផងដែរ ។

ឯកឧត្តម កិត្តសេដ្ឋាបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលអង្កេតរបស់ក្រុមហ៊ុន និងបានផ្តល់ ជម្រើសពីរសម្រាប់ក្រុម ហ៊ុនយកទៅពិគ្រោះពិចារណា គឺទី១៖ អាចសហការវិនិយោគផលិតទឹកស្អាត សម្រាប់លក់ដុំ និងទី២៖ ការវិនិយោគតាមទម្រង់ BOT គឺសាងសង់ ប្រតិបត្តិការ និងផ្ទេរ ដែលជាការវិនិយោគ រយៈពេលវែង។

តំណាងក្រុមហ៊ុនចិន បានបង្ហាញនូវជំហរគាំទ្រ ហើយនឹងយកការផ្តល់ជម្រើសទាំងពីរ របស់ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ទៅពិគ្រោះយោបល់ផ្ទៃក្នុងនិងសម្រេចនាពេលខាងមុខ ។