ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់របស់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់របស់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ រួមទាំង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្ទីរនិងអង្គភាពជំនាញជុំវិញខេត្ត បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់របស់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងប្រមាណ ២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។

គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមខែសីហា ឆ្នាំ២០២៣ ខាងមុខ។

ទំហំការងាររបស់គម្រោង រួមមាន៖ ស្ថានីយបូមទឹកឆៅ សមត្ថភាព ៧.២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត សមត្ថភាព ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) តម្លើងបំពង់នាំទឹកឆៅប្រវែង ៨.៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតប្រវែងសរុប ៧៥,៤គីឡូម៉ែត្រ (សម្រេចបាន ៧៨,២%)។ សរុបរួមនៃការសាងសង់គម្រោងទាំងមូល គឺសម្រេចបានប្រមាណ ៦៤,៦%។

ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅក្នុងក្រុងពោធិ៍សាត់ ប្រមាណជាង ៨៦% (ឬប្រជាពលរដ្ឋក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកខេត្តពោធិ៍សាត់ទាំងមូល ចំនួនជិត ៧០%) នឹងទទួលបានសេវាទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តភាព ដែលនឹងចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ។