ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងក្រសួងឧស្សាហកម្ម វបន ពង្រឹងកិច្ចសហប្រតិបត្តិការ​លើបច្ចេកវិទ្យាកាត់បន្ថយវិទ្យុសកម្មចំណីអាហារ និងគ្រប់គ្រងសត្វល្អិតចង្រៃ

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងក្រសួងឧស្សាហកម្ម វបន ពង្រឹងកិច្ចសហប្រតិបត្តិការ​លើបច្ចេកវិទ្យាកាត់បន្ថយវិទ្យុសកម្មចំណីអាហារ និងគ្រប់គ្រងសត្វល្អិតចង្រៃ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ពិភាក្សា​ការងារស្តីពី​កិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់គោលបំណង​ឧស្សាហកម្ម រួមទាំងការកាត់​បន្ថយវិទ្យុសកម្មចំណីអាហារ និងបច្ចេកទេសគ្រប់គ្រងសត្វល្អិតចង្រៃ នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ដឹកនាំដោយ ឯកឧត្តម  Liu Hua កាលពីថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងរបៀបវារៈ​នៃ​ការ​អភិវឌ្ឍរបស់ប្រទេសជាច្រើន។ ឯកឧត្តមបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ​បច្ចេក​ទេស​ដែលផ្តល់ដោយ IAEA និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង​ក្នុងការជំរុញកិច្ច​សហប្រតិ​បត្តិការនេះបន្ថែមទៀត ដើម្បីទាញយកបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់​ការអភិវឌ្ឍ​របស់កម្ពុជា។

 

ឯកឧត្តម Liu Hua បានជម្រាបជូនពីបេសកកម្មរបស់ IAEA ក្នុងការលើកកម្ពស់ការប្រើប្រាស់​បច្ចេកវិទ្យានុយក្លេអ៊ែរប្រកបដោយសុវត្ថិភាព និងសន្តិភាពនៅទូទាំងពិភពលោក។ តាមរយៈ​កម្ម​វិ​ធី​​កិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ខ្លួន ទីភ្នាក់ងារ IAEA កំពុងពង្រីកការគាំទ្រដល់រដ្ឋ​ជា​សមាជិក​នៅក្នុងវិស័យផ្សេងៗ ដូចជាសុខាភិបាល កសិកម្ម និងបរិស្ថាន។ កម្មវិធីដែលកំពុង​ដំណើរ​ការនៅក្នុង​ប្រទេស​កម្ពុជា រួម​មានការប្រើប្រាស់បច្ចេកទេសនុយក្លេអ៊ែរសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ការអភិវឌ្ឍកសិកម្ម និងបរិក្ខារកាត់បន្ថយវិទ្យុសកម្មជាដើម ក្នុងគោលដៅលើកកម្ពស់សន្តិសុខ និង​សុវត្ថិ​ភាព​ចំណី​អាហារ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា​ កម្ពុជាបានត្រៀមខ្លួនក្នុងការពង្រឹង និងពង្រីកកិច្ច​សហ​ប្រតិបត្តិការលើបច្ចេកវិទ្យាកាត់​បន្ថយវិទ្យុសកម្ម​ឧស្សាហកម្ម ពិសេសឧស្សាហកម្មចំណីអាហារ​ និង​ការគ្រប់គ្រងសត្វរុយ ដោយប្រើបច្ចេកទេសបង្កាត់ដើម្បីបន្ថយការបង្កកំណើតនៃសត្វល្អិតចង្រៃ (sterile insect technique) ឯកឧត្តមបានបញ្ជាក់​ការប្តេជ្ញាចិត្តរបស់កម្ពុជា​ក្នុងការ​ជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ IAEA ទាំងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពុហភាគី និង​ទ្វេភាគី។