ជប៉ុន នឹងបន្តគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា និងពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ជប៉ុន នឹងបន្តគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា និងពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ជប៉ុន នឹងបន្តគាំទ្រវិស័យទឹកស្អាតរបស់កម្ពុជា និងពង្រីកកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានពិភាក្សាការងារអំពីការបន្តការគាំទ្រដល់វិស័យទឹកស្អាតនៅកម្ពុជា និងកិច្ចសហការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញសេចក្តីរីករាយចំពោះការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ខណៈដែលឆ្នាំ២០២៣ នេះជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបតិ្តការដើម្បីគាំទ្រអាណត្តិកិច្ចសំខាន់ៗរបស់ក្រសួង និងបានគូសរំលេចថា សេវាគាំទ្រដូចជាការចុះបញ្ជីផលិតផល តក្កកម្ម មន្ទីរពិសោធន៍ និងស្តង់ដារ សុទ្ធតែជាសេវាដែលមានសារៈសំខាន់ដើម្បីទាក់ទាញក្រុមហ៊ុនជប៉ុនឱ្យវិនិយោគក្នុងប្រទេសកម្ពុជា។ ជាអាទិភាពបន្ថែមថ្មីរបស់រដ្ឋាភិបាលជប៉ុន, ភាគីជប៉ុនត្រៀមចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបច្ចេកវិទ្យាឌីជីថល ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលតែងតែផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់វិស័យទឹកស្អាតរបស់កម្ពុជា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើននៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃទឹកស្អាត ដែលមិនត្រឹមតែសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់សម្រាប់វិស័យឧស្សាហកម្ម និងសុខភាពសាធារណៈ ផងដែរ។ បន្ថែមលើនេះ ឯកឧត្តមបានស្នើឱ្យរដ្ឋាភិបាលជប៉ុនពង្រីកការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ហើយក្រសួងត្រៀមខ្លួនជានិច្ចដើម្បីសហការឱ្យបានជិតស្និទ្ធ។