មូលនិធិ Konrad និងក្រសួងឧស្សាហកម្ម វបន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផ្នែកបញ្ញាសិប្បនិមិត្ត និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច
គណៈប្រតិភូមកពីមូលនិធិ Konrad-Adenauer-Stiftung បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីគាំទ្រការអភិវឌ្ឍជំនាញផ្នែកបញ្ញាសិប្បនិមិត្ត (AI) របស់កម្ពុជា និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំរវាងប្រទេសអាល្លឺម៉ង់ និងកម្ពុជា។
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូអាល្លឺម៉ង់ មានគោលបំណងស្វែងយល់ថាតើអាឡឺម៉ង់អាចធ្វើយ៉ាងណា ដើម្បីពង្រឹងភាពជាដៃគូពិភពលោករបស់ខ្លួន និងជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសនានាក្នុងតំបន់អាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកទស្សនៈទានអំពីការពឹងអាស្រ័យគ្នាទៅវិញទៅមក និងសក្តានុពលនៃភាពជាដៃគូកាន់តែរឹងមាំជាមួយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចតូច ដូចជាកម្ពុជា នឹងកាលានុវត្តភាពក្នុងការគ្រប់គ្រងនិងពិពិធកម្មហានិភ័យនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន។
ដោយសារការវិយោគរបស់អាល្លឺម៉ង់នៅកម្ពុជានៅមានកម្រិត ឯកឧត្តមបានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើពាណិជ្ជកម្ម និងការវិនិយោគកាន់តែខ្លាំងបន្ថែមទៀត។
ឯកឧត្តមក៏បានស្នើដល់ភាគីអាល្លឺម៉ង់ ឱ្យពង្រឹងកិច្ចសហការផ្នែកការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាពិសេសលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា។
គណៈប្រតិភូអាល្លឺម៉ង់ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការគាំទ្រដល់ការត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាផងដែរ។