ពិធីដាក់ឱ្យដំណើរការគម្រោង «ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមដើម្បី មានភាពធន់ និងទីផ្សារប្រកួតប្រជែង»

ពិធីដាក់ឱ្យដំណើរការគម្រោង «ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមដើម្បី មានភាពធន់ និងទីផ្សារប្រកួតប្រជែង»

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសដាក់ឲ្យដំណើរការគម្រោងស្តីពី «ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមដើម្បី មានភាពធន់ និងទីផ្សារប្រកួតប្រជែង» ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអេកម៉ិក ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីស្តីទីកម្ពុជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ព្រមទាំងតំណាងពាក់ព័ន្ធមកពីក្រសួង ស្ថានទូត សាកលវិទ្យាល័យ វិស័យឯកជន និងស្ថាប័នផ្សេងទៀត បានចូលរួមក្នុងកម្មវិធីនេះនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីស្តីទីកម្ពុជាយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ បានចែករំលែកអំពីសារៈសំខាន់ និងភាពចាំបាច់នៃគម្រោងនេះ នៅក្នុងដំណើរវិវត្តនៃនិម្មាបនកម្មកិច្ច សហប្រតិបត្តិការអនុតំបន់មេគង្គ ក៏ដូចជាបានបំពេញបន្ថែម ចំពោះកិច្ចខិតខំប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យអាទិភាព។ គម្រោងនេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម របស់យើង ដើម្បីមានភាពធន់ និងមានភាពប្រកួតប្រជែង នៅក្នុងសេដ្ឋកិច្ចឌីជីថលពិភពលោក។

ឯកឧត្តម សុខ សូកេន ក៏បានលើកឡើងបន្ថែមថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព នៃអនុតំបន់មេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ដោយបានផ្ដល់ជំនួយបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីជំរុញការរីកចម្រើនសង្គមសេដ្ឋកិច្ច។ ជាក់ស្តែងសម្រាប់ប្រជាជន ជាពិសេសថ្មីៗនេះ កម្ពុជានិងជប៉ុន បានឯកភាពគ្នាតម្លើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នៅឆ្នាំ២០២៣ នាឱកាសខួបអនុសាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាជំហានដ៏សំខាន់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា MIKAMI Masahiro បានថ្លែងសង្កត់ធ្ងន់ពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ចំពោះសេដ្ឋកិច្ចរបស់តំបន់មេគង្គ ប៉ុន្តែសហគ្រាសទាំងនេះ កំពុងតែជួបការលំបាកក្នុងគ្រាមានជំងឺរាតត្បាត កូវីដ-១៩ ដោយសារធនធាន និងសមត្ថភាពពួកគេមានកម្រិត។ លោកបានថ្លែងថា យើងត្រូវតែជួយគាំទ្រដល់ភាពធន់របស់សហគ្រាសធុនតូច និងមធ្យម ដើម្បីឲ្យពួកគេអាចយកឈ្នះឧបសគ្គ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងសម្របខ្លួនបានទៅនឹង «ប្រក្រតីភាពថ្មី»

ឯកឧត្តម MIKAMI Masahiro បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុនវាយតម្លៃខ្ពស់ ចំពោះក្របខណ្ឌកិច្ចសហប្រតិបត្តិការអេកម៉ិច ដោយមើលឃើញថា វាជាគំនិតផ្តួចផ្តើមតែមួយគត់របស់តំបន់មេគង្គ ហើយមានឆន្ទៈគាំទ្រឲ្យបានច្រើន តាមដែលអាចធ្វើទៅបាននាពេលអនាគត ក្នុងនាមជាដៃគូអភិវឌ្ឍន៍អេកម៉ិក។ យើងសង្ឃឹមថា ប្រទេសជប៉ុន និងបណ្តាប្រទេសក្នុងតំបន់មេគង្គអាចសហការគ្នា ដើម្បីឲ្យអ្វីៗវិលមករកភាពប្រក្រតីវិញ ក្នុងពេលឆាប់ៗនេះ»

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានថ្លែងថា បច្ចេកវិទ្យាបានវិវត្តក្លាយទៅជាឧបករណ៍ដ៏សំខាន់មួយ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ នៃការរាតត្បាតពីជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់សេដ្ឋកិច្ច ជាពិសេសទៅលើសហគ្រាសធុនតូច និងមធ្យម ទាំងផ្នែកផ្គត់ផ្គង់ និងតម្រូវការ។ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញឲ្យមានភាពប្រកួតប្រជែងនៃអាជីវកម្ម ជាពិសេសនៅពេលដែល បរិយាកាសអាជីវកម្មមានបម្លាស់ប្តូរឥតឈប់ឈរ និងការបង្កើតបច្ចេកវិទ្យាអភិវឌ្ឍន៍ សម្រាប់ដំណើរការអាជីវកម្មមានកាន់តែច្រើនឡើង។ ខុសប្លែកពីសហគ្រាសធំៗ សហគ្រាសធុនតូច និងមធ្យម ពុំសូវមានលទ្ធភាពក្នុងការវិនិយោគទៅលើបច្ចេកវិទ្យានោះទេ ពីព្រោះតែកង្វះទុន និងការយល់ដឹងតិចតួចអំពីគុណសម្បត្តិ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បង្កើនផលិតភាព។ ដោយសារលទ្ធភាពនៃការប្រើប្រាស់ឧបករណ៍ និងជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅមានកម្រិត ពួកគេពិបាកនឹងសម្របខ្លួនទៅនឹងវិបត្តិជំងឺរាតត្បាត កូវីដ-១៩ ដើម្បីបន្តអាជីវកម្មទៅមុខទៀត។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង នាយកគម្រោង និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូច្នេះវាពិតជាមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃតម្រូវការបច្ចេកវិទ្យា ការចាប់យកបច្ចេកវិទ្យា និងការបង្កើតថ្នាលបច្ចេកវិទ្យានានាសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមដែលអាចកើតមានឡើង និងការស្ដារឡើងវិញពីបញ្ហាទាំងនោះ​។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការចូលទីផ្សារ ការចាប់យក និងស្វែងរកបច្ចេកវិទ្យា ក៏ដូចជាការយល់ដឹងកាន់តែច្បាស់អំពីខ្សែសង្វាក់ផ្គត់ផ្គង់ ភាពរឹងមាំ និងការប្រកួតប្រជែង វាគឺជាជារឿងមួយចាំបាច់ក្នុងការបង្កើតប្រព័ន្ធពាណិជ្ជកម្មឆ្លាតវៃ។

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល និងប្រជាជនជប៉ុន គម្រោងកិច្ចសហប្រតិបត្តិការអេកម៉ិក «ការចាប់យកបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមដើម្បីមានភាពធន់ និងទីផ្សារប្រកួតប្រជែង» នេះ មានគោលបំណងបង្កើតនូវប្រព័ន្ធ និងថ្នាលបច្ចេកវិទ្យាដ៏មានប្រសិទ្ធភាពមួយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យា ដើម្បីឲ្យកាន់តែមានភាពរឹងមាំ និងការប្រកួតប្រជែងខ្ពស់៕