ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​នូវសៀវភៅស​ក្បាលទី២​និងក្បាលទី៣​ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​នូវសៀវភៅស​ក្បាលទី២​និងក្បាលទី៣​ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​នូវសៀវភៅស​ក្បាលទី២​និងក្បាលទី៣​ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា

ក្រោមជំនួយហិរញ្ញវត្ថុ​ និងបច្ចេកទេសពីទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​(USAID) តាមរយៈ​អង្គការ​ Pact Cambodia និងក្រោមគម្រោងសហគ្រិននារីសកម្ម​ បានសហការ​គាំទ្រ​សៀវភៅ​ ស​ ក្បាលទី២​ ដែលមានចំណងជេីងថា​ ៖”ការលេីក​កម្ពស់​ការចូលទៅកាន់ទីផ្សារ​ ,ការអភិវឌ្ឍផលិតផលនិងសេវាកម្មប្រកប​ដោយគុណភាពសម្រាប់សហគ្រិនស្ត្រីក្នុងប្រទេសកម្ពុជា”និងមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ​ (CIPE)​ បានគាំទ្រ​សៀវភៅ​ សក្បាល​ទី៣​ ដែលមានចំណងជេីងថា៖”ការពង្រឹងភាពធន់នៃធុរកិច្ចសហគ្រាសធុនតូចបំផុត​ តូច​ និងមធ្យម​ (MSMEs)​សម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា​ ,ការបង្កើត​បរិយាកាស​ធុរកិច្ច​អំណោយផល​ ការជម្នះ​ និងការគ្រប់គ្រងហានិភ័យ​ “​ បានត្រូវបោះពុម្ពរួចរាល់មក​ សៀវភៅ​ ស​ ទាំងពីរក្បាល​នេះ​ ត្រូវបានប្រារព្វពិធីសម្ពោធដាក់​ឲ្យប្រេី​ប្រាស់ជាផ្លូវការ​ ក្រោមអធិបតីភាព​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ នៅទីស្តីការក្រ​សួង​ ។ សមាសភាព​ចូលរួមពីស្ថាប័នពាក់ព័ន្ធ​ និងអង្គការដៃគូនាឱកាសនោះ​ រួមមាន​៖-លោកជំទាវ​ ចម​ និម្មល​ រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ចកម្ម​-លោកជំទាវ​ គង់ សូរីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី​ -លោក​ ជំទាវ អេង លីគង់ ប្រធានបណ្ដាញសាខានិងស្ត្រីកម្ពុជា− អ្នកស្រី សាប៊ីន យ៉ៅគ្គឺស, នាយកប្រចាំប្រទេសនៃអង្គការPact Cambodia − អ្នកស្រី ចេននីហ្វឺ អែនឌ័រសាន់, មន្ត្រីកម្មវិធីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្រាប់សហគ្រាសឯកជនអន្តរជាតិ-លោក​ សុខ​ ណារិន​ ប្រធានតំណាងប្រចាំកម្ពុជា​ នៃអង្គការ​ UNIDO ព្រមទាំងសហការីជាច្រេីនរូបទៀត​ ដែល​បានចូលរួមដោយផ្ទាល់​ និងតាមប្រព័ន្ធអនឡាញ​ ។

តាមប្រសាសន៍របស់លោកជំទាវឧកញ៉ា​ មហា​ឧបាសិកា​ពុទ្ធសាសនូបត្ថម្ភក៍ កែវ​ មុំ​ ប្រធានសមាគមស្ត្រីិកម្ពុជា​ បានបញ្ជាក់ថា​៖ការកសាង “សៀវភៅ “ស” ទាំង២នេះ គឺពិតជាមាសសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាគឺជាឯកសារមួយដ៏សំខាន់សម្រាប់សមាគមសហគ្រិនស្រ្តីកម្ពុជា, អង្គការ, ស្ថាប័នរដ្ឋ និងឯកជន, ដៃគូអភិវឌ្ឍន៍, ស្ថាប័នឬអ្នកស្រាវជ្រាវជាដើម ដើម្បីប្រើប្រាស់ជាឯកសារក្នុងការធ្វេីគោល​នយោ​បាយ​ ឬការកសាងសមត្ថភាព ឬស្វែងរកការគាំទ្រមតិ ក្នុងន័យការពារផលប្រយោជន៍​របស់ស្ត្រីនិយាយដោយឡែក និងដើម្បីគាំទ្រដល់​កំណើនសេដ្ឋកិច្ច ពង្រីកអេកូសហគ្រិនភាព និងស្ថិរភាពសង្គមនិយាយជារួម ដែលការងារទាំងអស់នេះគឺស្របទៅតាម​ទស្សនវិស័យ និងបេសកកម្មរបស់យើង។​ ក្នុងនោះ​ តាមរយៈបទបង្ហាញរបស់លោកជំទាវ​ ម៉ម​ ដាត្ថាលីណែត​ អនុប្រធានទទួលបន្ទុក​កិច្ចការផ្ទៃក្នុងនៃសមា​គម​សហគ្រិនស្ត្រីកម្ពុជា​ ស្តីពី​ខ្លឹមសារនៃសៀវភៅ​សក្បាលទី២​ និងទី៣​ ក៏បានបញ្ជាក់ផងដែរថា​៖ដើម្បីផលិតបានជា សៀវភៅស នេះឡើង យើងបានឆ្លងកាត់នូវការសិក្សាស្រាវជ្រាវ ប្រមែប្រមូល និងចងក្រងនូវរាល់បញ្ហាប្រឈម និងសំណើដំណោះស្រាយនានារបស់សហគ្រិនស្រ្តីនៅកម្ពុជាយើង តាមរយៈការធ្វើវេទិកាសាធារណៈនៅតាមខេត្តគោលដៅប្រមាណជា១១, ការស្ទង់មតិ, ការប្រជុំក្រុមគោលដៅ, ការបោះឆ្នោតជ្រើសរើស​បញ្ហាអាទិភាព, ការកសាងសេចក្តីព្រាង, ការសិក្សា និងប្រមូលព័ត៌មាន និងឆ្លងកាត់សិក្ខាសាលា និង ការពិគ្រោះយល់ និងការត្រួតពិនិត្យ ពីអ្នកជំនាញជាតិ និងអន្តរជាតិនានា​។

តាមរយៈការចងក្រងនូវសៀវភៅសទាំងពីរក្បាលនេះ​ យេីងបានកំណត់បញ្ហាប្រឈមជាអាទិភាពចំនួន៣​ សម្រាប់​សៀវភៅស​ក្បាលទី២​ គឺ៖ទី១-លទ្ធភាព​ទទួល​បាន​ទីផ្សារ​ និងការផ្សព្វផ្សាយផលិតផលក្នុងស្រុកនៅមាន​កម្រិត​ ទី២-កង្វះទុនក្នុងការពង្រីក​ និងបង្កេីតអាជីវកម្ម​ ទី៣-ខ្វះ​ជំនាញឌីជីថល​និងចំណេះដឹង​ព័ត៌មាន​វិទ្យា​ ។ ចំណែក​សៀវភៅ​សក្បាលទី៣​ ក៏បានកំណត់បញ្ហាប្រឈមអាទិភាពចំនួន៣​ ផងដែរ​គឺ​ ទី១-បុគ្គលិក​ខ្វះ​ជំនាញ​ និងប្រាក់ឈ្នួលខ្ពស់​ ទី២-ការលំ​បាកទទួលបានប្រាក់កម្ចីពីធនាគារសម្រាប់អាជីវកម្មខ្នាតមីក្រូ​ ទី៣-ផលប៉ះពាល់នៃមេរោគឆ្លងកូវីដ-១៩​ មកលេីអាជីវកម្ម​ ។

ជាមួយគ្នានេះ​បទបង្ហាញក៏បានលេីកឡេីងពីសំណេីរ​ និងអនុសាសន៍គោលនយោបាយសម្រាប់រដ្ឋាភិ​បាល​ ស្ថាប័នហិរញ្ញវត្ថុនិងដល់ដៃគូអភិវឌ្ឍមានដូចជា​៖-បង្កេីត​ឲ្យមានមជ្ឈមណ្ឌលសេវាកម្មអាជីវកម្ម​ខ្នាត​ MSMEs-បង្កេីត​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក​-បង្កេីត​ច្បាប់​ Franchise និងe-Franchise ដេីម្បី​ផ្តល់ឱកាសដល់អាជីវកម្មស្ត្រី​-ពង្រឹង​ភាពធន់ខ្នាត​MSMEs របស់​ស្ត្រី​ដេីម្បីរក្សាប្រតិបត្តិការ​ និងការងារ​ -បង្កេីនចំណេះដឹងផ្នែកហិរញ្ញវត្ថុទូទៅរបស់សហគ្រិនស្ត្រី​ -និងពិនិត្យនិងគាំទ្រគម្រោងការសន្សំ​សហករណ៍​ ដែលអាចផ្តល់ប្រាក់កម្ចីមិនមានទ្រព្យបញ្ចាំជាដេីម​ ។

មានប្រសាសន៍ក្នុងអង្គពិធី​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម​ និងថ្លែងអំណរគុណដល់អង្គការជាដៃគូដែលបានសហការគាំទ្រ​លេច​ចេញនូវសៀវភៅស​ក្បាលទី២​ និងក្បាលទី៣​នេះឡេីង​ បន្ទាប់ពី​សៀវភៅ​ស​ ក្បាលទី១​ ដែលមាន​ចំណងជេីងថា៖"ការលេីកកំពស់ការទទួលបានការអប់រំ​ និងព័ត៌មាន​សម្រាប់​សហគ្រិន​ស្ត្រី​នៅកម្ពុជា"ត្រូវបានសម្ពោធដាក់ឲ្យប្រេីប្រាស់កាលពីខែកញ្ញា​ឆ្នាំ២០២០​ កន្លងទៅ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​ចាត់​ទុក​សៀវភៅ​ស​នេះ​ មានសារៈសំខាន់​ ពីព្រោះ​ បានសិក្សាស្រាវជ្រាវ​តាមបែបវិទ្យាសាស្ត្រ​ ហេីយកំណត់បាន​នូវបញ្ហាជាអាទិភាព​ និងដាក់ចេញសំណេីរជាគោល​នយោបាយសម្រាប់ពិចារណា​ ។

បន្ទាប់ពី​នេះ​ យេីងទាំងអស់គ្នារួមមានស្ថាប័នពាក់ព័ន្ធ​ ស្ថាប័ន​ហិរញ្ញវត្ថុ​ ក៏ដូចជាដៃគូអភិវឌ្ឍ​ យកសៀវភៅនេះមកសិក្សាស្រាវជ្រាវ​ តាមមុខសញ្ញា​ ហេីយឯកឧត្តម​បានកំណត់រយៈពេលពីរខែទៀត​ ដេីម្បីជួបជុំគ្នាពិភាក្សារក​ដំណោះស្រាយជាក់ស្តែង​ ។

សូមបញ្ជាក់ថា៖នាឱកាសនោះ ក៏មានការធ្វេីបទបង្ហាញពីមន្ត្រីជំនាញរបស់ក្រសួង​ជូនអង្គពិធីស្វែងយល់ ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃការចុះបញ្ជីតាមប្រព័ន្ធអនឡាញ​ និងបទបង្ហាញពីគោលការណ៍ទូទៅអំពីសុវត្ថភាពចំណីអាហារផងដែរ​ ។

រូបភាពច្រើនទៀត