ឯកឧត្តម ហែម វណ្ណឌី ផ្តល់ទស្សនទានស្តីពីបច្ចេកវិទ្យាសម្រាប់កំណើនប្រកបដោយបរិយាបន្ន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន

ឯកឧត្តម ហែម វណ្ណឌី ផ្តល់ទស្សនទានស្តីពីបច្ចេកវិទ្យាសម្រាប់កំណើនប្រកបដោយបរិយាបន្ន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ទស្សនទាន​ស្តីពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន សម្រាប់​តំបន់​អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅទី​ក្រុង​ភ្នំពេញ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដើម្បីផ្តល់​ជា​វេទិកាស្វែងរកយុទ្ធសាស្រ្តក្នុងការប្រើប្រាស់​បច្ចេក​វិទ្យាជាប្រយោជន៍ដល់គ្រប់ផ្នែកនៃ​សង្គម។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំកំពូលនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យា ជាកាតាលីករដើម្បីជំរុញ​កំណើនប្រកបដោយបរិយាបន្ននៅក្នុងតំបន់។ ឯកឧត្តមបានលើក​ឡើង​ពី​តម្រូវការនៃការវិនិយោគជាយុទ្ធសាស្រ្តក្នុងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាញយកសក្តានុពលដែលមិនទាន់បានប្រើប្រាស់ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចអាស៊ានដែលមានភាពចម្រុះ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិន​ភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុង  វិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង។”

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គមឌីជីថល។ កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០ (STI  Roadmap 2030) ក្នុងគោលដៅជំរុញបរិវត្តកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ ដើម្បីប្រែក្លាយ​​កម្ពុជា​ឆ្ពោះ​ទៅ​ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស​ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០។

ដោយទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការ​វិនិយោគលើវិស័យនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការអនុម័តច្បាប់ និងបទប្បញ្ញត្តិថ្មីៗ រាជរដ្ឋាភិបាលមានគោលដៅពង្រឹងបរិយាកាសធុរកិច្ច និងជំរុញនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា។

ឯកឧត្តមបានលើកឡើងនូវធាតុផ្សំសំខាន់ចំនួនបី ដែលចាំបាច់ដើម្បីសម្រេចកំណើន​ប្រកបដោយ​បរិយាបន្ន​ រួមមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងការចាប់យក​បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ​ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់សក្តា​នុពល​នៃ​បច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "បញ្ញាសិប្បនិម្មិត៖ ដំណើរផ្លូវនាអនាគត"។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជាវេទិកាមួយសម្រាប់រដ្ឋជាសមាជិកអាស៊ានដើម្បីផ្លាស់ប្តូរគំនិត និងយុទ្ធសាស្រ្តប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍក្នុងប្រទេសនីមួយៗ និងក្នុងតំបន់ទំាងមូល។

ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ចំពោះការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កំណើនប្រកបដោយ​បរិយាបន្ន​ក្នុងតំបន់អាស៊ាន ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធចាប់យកនវានុវត្តន៍ សហការគ្នា និងបង្កើតការតភ្ជាប់ ដើម្បីកសាងអនាគតរួមមួយ ដែលពលរដ្ឋអាស៊ានគ្រប់រូបមានឱកាសរីកចម្រើន និង​រួមចំណែកដល់ភាពរុងរឿងនៃសហគមន៍នេះ។

កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ក្រោមប្រធានបទ "បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាបន្ន" មានគោលដៅបង្ហាញសក្តានុពលរបស់អាស៊ាន និង​ជំរុញកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ ដូចជាបច្ចេកវិទ្យា ការតភ្ជាប់របស់អាស៊ាន និរន្តរភាព និង​ថាមពល​កកើត​ឡើងវិញជាដើម។