ឯកឧត្តម ហែម វណ្ណឌី ផ្តល់អនុសាសន៍១១ចំណុចដល់ FASMEC ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម

ឯកឧត្តម ហែម វណ្ណឌី ផ្តល់អនុសាសន៍១១ចំណុចដល់ FASMEC ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់​អនុសាសន៍១១ចំណុច ដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់សម្ព័ន្ធ ដែលធ្វើឡើង​នៅថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

ដោយទទួលស្គាល់ពី​តួនាទី​សំខាន់របស់សហគ្រាសធុនតូច និងមធ្យមក្នុងការ​ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា ដែលត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤ ហើយក្នុង​នោះ​វិស័យ​ឧស្សា​ហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៨,៥% ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់​ធ្ងន់​ពីភាពចាំបាច់​នៃកិច្ច​ខិត​​ខំប្រឹងប្រែងរួមគ្នា ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការ​ធ្វើ​សមាហរណកម្មទៅក្នុង​ខ្សែ​ច្រ​វាក់​តម្លៃ ទន្ទឹមនឹងការរំពឹងទុកនៃកំណើន ទាំងក្នុងវិស័យកាត់ដេរ និង​វិស័យ​កម្មន្តសាលមិនមែន​កាត់​ដេរ។

ឯកឧត្តមបានកោតសរសើរដល់សមិទ្ធផលការងាររបស់សហព័ន្ធក្នុងឆ្នាំ២០២៣ ដែលរួមមាន​ដូចជាការ​រៀប​ចំសិក្ខាសាលា កម្ម​វិធី​បណ្តុះបណ្តាល និងព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មដែលបានលើកកម្ពស់បរិយាកាស​​អំណោយផលដល់កំណើនសហគ្រាសធុនតូច និងមធ្យម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយសម្រួល​ដល់ការផ្លាស់ប្តូរចំណេះដឹង ឱកាសបង្កើតបណ្តាញ និង​ការអភិវឌ្ឍជំនាញ​សំខាន់ៗ​សម្រាប់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម។

ក្នុងគោលបំណងផ្តល់ទិសដៅជាយុទ្ធសាស្ត្រដល់សហព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យ​សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម៖

  1. បន្តអនុវត្តផែនការសកម្មភាពរបស់ខ្លួនដើម្បីសម្រេចបានគោលដៅឆ្នាំបន្ទាប់។
  2. បន្ត និងចូលរួមសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ, ជាមួយក្រសួង-ស្ថាប័ននានា ជាពិសេស​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាសហប្រធាន​ដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
  3. រក្សា និងពង្រឹងតម្លាភាព និងអព្យាក្រឹតភាពដល់សមាជិក ដើម្បីកសាងបាន​បរិយា​កាស​អាជីវកម្មឈានមុខ, ក្លាយជាអាជីវកម្មគំរូ ប្រកបដោយផលិតភាព, ភាពប្រជែងឈ្នះ និងដណ្តើមបានទីផ្សារក្នុងស្រុក និងឈានទៅទីផ្សារក្នុងតំបន់ និងទីផ្សារអន្តរជាតិ។
  4. បង្កើតកម្មវិធីជួបជាមួយសមាជិក សមាជិកា តាមប្រភេទអាជីវកម្មឱ្យបានជាប្រចាំ ដើម្បីស្វែង​យល់ និងរកដំណោះស្រាយសម្រាប់រាល់​បញ្ហាប្រឈម​ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកប​ដោយ​​បរិយាបន្ន។
  5. ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ដែលជា “អាណត្តិនៃការបង្កើនផលិតកម្ម និងផលិតភាព”។
  6. វិនិយោគបន្ថែមលើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និងវិនិយោគលើមូលធនមនុស្ស។
  7. ចាប់យក និងវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) សម្រាប់ខ្សែច្រវាក់ ផលិតកម្ម ឬសកម្មភាពអាជីវកម្មរបស់ខ្លួន។
  8. សម្រេចឱ្យបានគុណភាពប្រកបដោយស្តង់ដារ និងអភិបាលកិច្ចល្អក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។
  9. ត្រូវរួមគ្នាដើម្បីភាពរស់រាន និងរីកចម្រើន (ដូចពាក្យថា “សាមគ្គីរស់ បែកបាក់សាមគ្គី ស្លាប់”)។
  10. ត្រូវខិតខំស្វែងរកនិងបង្កើតផលិតផលឬទីផ្សារដែលមានលក្ខណៈពិសេស (niche product​/​market)។
  11. ធ្វើការឱ្យបានកាន់តែជិតស្និទ្ធជាមួយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍វិស័យ ឬអនុវិស័យថ្មីៗបន្ថែមទៀត រួមទាំងការបង្កើតជាបណ្តុំ​សហគ្រាស​ធុនតូចនិងមធ្យម (SME Clusters) និងការចូលរួមក្នុង​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដល់តំបន់​សេដ្ឋកិច្ច​ពិសេស ឬតំបន់ឧស្សាហកម្មនានា ជាដើម។

អនុសាសន៍ទាំងនេះក៏បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ភាពអង់អាចដល់សហគ្រាសធុនតូច និង​មធ្យម ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានចក្ខុវិស័យក្នុងការបង្កើតបរិយាកាស​អំណោយ​ផល និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឱ្យរីកចម្រើន។ សហព័ន្ធមានគោលបំណង​ធ្វើជា​សំឡេងរួមមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកផលប្រយោជន៍ និង​ដោះ​ស្រាយ​បញ្ហារបស់​ពួកគេ។