រដ្ឋមន្ត្រី ហែម វណ្ណឌី ផ្តល់ទស្សនៈវិស័យស្តីពីសហគ្រាសធុនតូច និងមធ្យម

រដ្ឋមន្ត្រី ហែម វណ្ណឌី ផ្តល់ទស្សនៈវិស័យស្តីពីសហគ្រាសធុនតូច និងមធ្យម

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឆ្លៀត​ពេល​ពីការងារដ៏មមាញឹក ធ្វើបទបឋកថាស្តីពីសហគ្រាសធុនតូច និងមធ្យម ទៅកាន់និស្សិត សាស្រ្តាចារ្យ និងសាធារណជន ប្រមាណ១៥០នាក់ នៅសាលា CamEd នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការចែករំលែកគឺជាការយកចិត្តទុកដាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបានផ្តល់នូវបរិបទជាសាវតានៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចេញពីសង្គ្រាមស៊ីវិល និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពនៃសហគ្រាសរដ្ឋ ធ្វើឱ្យផលិតកម្មមានដំណើរយឺត និងបង្កឱ្យមានការហូរចូល​ផលិតផលពីក្រៅប្រទេសសម្រាប់បំពេញតម្រូវការក្នុងស្រុក។

ឯកឧត្តមបានលើកឡើងថា សហគ្រាសធុនតូច និងមធ្យម បច្ចុប្បន្នប្រឈម​នឹងបញ្ហាមួយចំនួន ដូចជាលទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ បញ្ហាក្នុងការអនុលោមតាមស្តង់ដារ លក្ខខណ្ឌតម្រូវទីផ្សារ និងការប្រកួតប្រជែងកាន់តែខ្លាំង។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សហគ្រាសធុនតូច និងមធ្យមបច្ចុប្បន្នបានរួមចំណែក​យ៉ាងសំខាន់​ដល់សេដ្ឋកិច្ចកម្ពុជា ពោលគឺប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប និង៧០% នៃ​ការងារ។ អាជីវកម្មភាគច្រើនបំផុតរបស់កម្ពុជាស្ថិតក្នុងប្រភេទមីក្រូ ឬសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានតែ ,% ប៉ុណ្ណោះ​ជាប្រភេទ​ឧស្សាហកម្ម និង ២% ត្រូវបានចាត់ថ្នាក់ជាសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយ "បញ្ហាប្រហោងកណ្តាល" នៅក្នុងសេដ្ឋកិច្ច និងបានជម្រាបជូនថា រាជរដ្ឋាភិបាលបានអនុវត្តគំនិតផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់​សហគ្រាស​ធុន​តូច និងមធ្យម ក្នុងគោលបំណងបង្កើតបរិយាកាសអំណោយផលបន្ថែមទៀត ដើម្បីឱ្យពួកគេរីកចំរើន ដូចជា​​តាមរយៈការផ្តល់ការគាំទ្រផ្នែកជំនាញ បច្ចេកវិទ្យា និងហិរញ្ញវត្ថុជាដើម។

ឯកឧត្តម បានឆ្លើយសំនួររបស់អ្នកចូលរួមក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងបានបញ្ជាក់ថា គណនេយ្យករ​ដែលមានការទទួលស្គាល់ ហើយដែលមួយចំនួនទទួលបានការបណ្តុះបណ្តាលនៅសាលា CamEd អាច​ដើរ​តួ​នាទីយ៉ាងសំខាន់ ក្នុងការគាំទ្រឱ្យសហគ្រាសធុនតូច និងមធ្យម ​​ធ្វើ​ទំនើបកម្ម ជាពិសេសបង្កើត​បញ្ជិការ​គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

នៅចុងបញ្ចប់នៃបឋកថានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសិស្សនិស្សិត ឱ្យជំរុញលើកកម្ពស់​ការយល់ដឹងអំពីភាពចាំបាច់នៃការចូលរួមក្នុងសេដ្ឋកិច្ច​ក្នុងប្រព័ន្ធ ដើម្បីឱ្យ សហគ្រាសធុនមីក្រូ តូច និងមធ្យម អាចរីកធំធាត់បានឆាប់រហ័ស ដោយសារតែឧស្សាហកម្មធំៗ និង​គម្រោងវិនិយោគ​ផ្ទាល់ពី​បរទេស ត្រូវការខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកពីវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ។