ក្រសួងឧស្សាហកម្ម វ.ប.ន ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដោយផ្តោតលើការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងវិស័យឌីជីថល
កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី, ព្រមទាំងមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបប្រមាណ ៦០០ នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបានជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ រាជរដ្ឋាភិបាលកំពុងផ្តោតលើការកសាងសសរស្តម្ភចំនួន ៣ សំខាន់ៗ គឺ៖ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។
ឯកឧត្តមបានលើកឡើងថា៖ "ការលើកកម្ពស់ការចូលរួមដោយស្មើភាព ដោយគ្មានការរើសអើងយេនឌ័រ នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាបន្ន។"
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមជាច្រើន រួមទាំងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០២៤ ដែលបានកំណត់អំពីការអភិវឌ្ឍធនធានមនុស្ស ដោយជំរុញការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំឌីជីថល ជាពិសេស ដល់ស្ត្រីនៅតាមក្រសួង-ស្ថាប័ន និងការរៀបចំកម្មវិធីតម្រង់ទិស ជំរុញ និងលើកទឹកចិត្តដល់យុវជន ជាពិសេសយុវនារី ដើម្បីឈានទៅកាត់បន្ថយគម្លាតយេនឌ័រពាក់ព័ន្ធនឹងជំនាញឌីជីថល។ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ក៏បានកំណត់អំពីការអភិវឌ្ឍធនធានមនុស្ស ដោយនិសិ្សតសាកលវិទ្យាល័យ ៥០% ត្រូវបញ្ចប់ការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ហើយក្នុងនោះ ៤០% ជាស្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឱ្យបង្កើតបរិយាកាសអំណោយផលសម្រាប់ការកសាងសមត្ថភាពរបស់ស្ត្រី និងបណ្តុះវប្បធម៌សាមគ្គីឯកភាពផ្ទៃក្នុង ដែលលើកកម្ពស់ការមិនរើសអើងយេនឌ័រ។ ឯកឧត្តមក៏បានជំរុញឱ្យបន្តការគាំទ្រដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃដោះស្រាយការលំបាករបស់មន្ត្រី និងបុគ្គលិកកិច្ចសន្យា ដែលជាស្រី្ត។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមន្ត្រីរាជការជាស្ត្រីទាំងអស់បន្តអភិវឌ្ឍខ្លួនឯងជាប្រចាំ បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងមានសាមគ្គីភាពខ្ពស់ក្នុងចំណោមនារីគ្នាឯងផង និងជាមួយមន្ត្រីរាជការបុរសផង ដើម្បីប្រសិទ្ធភាពការងារ និងជោគជ័យរួមរបស់ក្រសួងទាំងមូល។