ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី “នីតិវិធីរៀបចំ និងអនុវត្តថវិកាសមិទ្ធកម្ម និងកិច្ចព្រមព្រៀងសមិទ្ធកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនឹងការអនុវត្តថវិកាសមិទ្ធកម្មប្រមាណ ១២០ នាក់។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់​អំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្រប​តាម​គោលការណ៍ណែនាំស្តីពីការអនុវត្តថវិកាសមិទ្ធកម្ម។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្ត​អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយ៉ាងសកម្ម និងប្រកបដោយការទទួលខុស​ត្រូវ​ខ្ពស់ ជាពិសេសផ្តោតលើ "គណនេយ្យភាពសមិទ្ធកម្ម" ជាដំណាក់កាលចុងក្រោយរបស់ខ្លួន។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលានេះ ឯកឧត្តម  ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃចំណេះដឹង និងបទពិសោធន៍ដែល​ទទួល​បាន​ពីសិក្ខាសាលានេះ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់នៃកំណែទម្រង់ដើម្បីការរីកចំរើន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "ក្រសួងបានដាក់​អង្គ​ភាពចំនួន ៨ បន្ថែមទៀត ជាអង្គភាពថវិកា ដែលនឹងពង្រឹងការគ្រប់គ្រងថវិកា និងដំណើរការប្រតិបត្តិការ។ ការកែទម្រង់នេះនឹងសម្រួលដល់​ការ​គ្រប់គ្រងហិរញ្ញវត្ថុ និងពង្រឹងគណនេយ្យភាពរបស់ក្រសួង។”

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្សាភ្ជាប់ស្វ័យភាពជាមួយនឹងការទទួលខុសត្រូវ និងបានពន្យល់អំពីផែន​ការ​អនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មជាមួយអង្គភាពថវិកា។ ឯកឧត្តមបានបន្ថែមថា៖ ”ការកែទម្រង់ទាំង​នេះ​ទាមទារ​ឱ្យមានកិច្ចសន្យាសមិទ្ធកម្ម ដែលជាសូចនាករ​គន្លឹះ​សម្រាប់វាស់វែង។”

ជាមួយនឹងអង្គភាពថវិកាថ្មីចំនួន៨នេះ ក្រសួងបាន និងកំពុងប្រែក្លាយអង្គភាពថវិកាទាំង៣៤របស់ខ្លួន រួមទាំង​មន្ទីរ ទៅជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិត្រឹមត្រីមាសទី៣ឆ្នាំ២០២៤។ ក្រសួងក៏នឹងបន្ត​កិច្ចខិត​ខំ​ប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពក្នុងចំណោមអង្គភាពទាំងនេះ។