ក្រសួងឧស្សាហកម្មរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មី ដើម្បីពង្រឹងសេវាវិញ្ញាបនបត្រកម្មសហគ្រាសធុនតូចនិងមធ្យម និងឧស្សាហកម្ម

ក្រសួងឧស្សាហកម្មរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មី ដើម្បីពង្រឹងសេវាវិញ្ញាបនបត្រកម្មសហគ្រាសធុនតូចនិងមធ្យម និងឧស្សាហកម្ម

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពបរិវត្តកម្មឌីជីថល នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យាព័ត៌មាន "ស្នើសុំប្រកាសបង្កើត វិញ្ញាបនបត្រដំណើរការ និងបន្តដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងប្រកាសបង្កើតឧស្សាហកម្ម។

សិក្ខាសាលាមានគោលដៅផ្សព្វផ្សាយអំពីថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ និងធ្វើតេស្តសាកល្បង ដើម្បីប្រមូលធាតុចូលសម្រាប់កែលម្អប្រព័ន្ធ និងបង្កើនភាពងាយស្រួលដល់ម្ចាស់សហគ្រាសចូលប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង។ សិក្ខាសាលានេះត្រូវបានរៀបចំដោយសហការជាមួយអគ្គនាយកដ្ឋានឧស្សាហកម្ម, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, និងស្ថានទូតអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាន សុភា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Kelly Wyett ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍វិស័យសាធារណៈរបស់ CAPRED កិច្ចសិក្ខាសាលានេះមានការចូលរួមពីតំណាងសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងឧស្សាហកម្មសរុបប្រមាណ៩០នាក់។