ក្រសួងឧស្សាហកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើនវិស័យឯកជន

ក្រសួងឧស្សាហកម្ម និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើនវិស័យឯកជន

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ដឹកនាំ ដោយ​លោក Paul Clements ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយ​តម្រូវការរបស់​វិស័យឯកជននៅកម្ពុជា។

នៅក្នុង​ជំនួប​នោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរការចូល​រួមរបស់វិស័យឯកជន ព្រមទាំងបានជម្រាបជូនពីអាណត្តិកិច្ចរបស់ក្រសួង និងកំណែទម្រង់ដែលក្រសួងកំពុងអនុវត្តសំដៅសម្រួលដល់កំណើននៃវិស័យឯកជន។

លោក Clements បាន​លើកឡើងថា សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​អស់រយៈពេល៣១ឆ្នាំហើយ ហើយបច្ចុប្បន្នក៏ជាសហប្រធាននៃក្រុមការងារ ឃ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនផងដែរ។ ដោយមានសមាជិកចម្រុះ ស្ថាប័ននេះបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៤១ មកពីប្រមាណជា២០ប្រទេស។ លោកបានបន្ថែមទៀតថា សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាបានផ្តល់ជាវេទិកា​ដ៏សំខាន់ ដើម្បីលើកកម្ពស់​ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិនៅកម្ពុជា ដោយសម្រប​សម្រួលការកសាង​ទំនាក់ទំនង ការតស៊ូមតិ និងការចែករំលែកចំណេះដឹងក្នុងចំណោម​សមាជិករបស់​ខ្លួន។

ឯកឧត្តម ហែម វណ្ណឌី បានស្នើឱ្យពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ និងសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា តាមរយៈការពង្រីកអនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នាដែលមានស្រាប់ និងបានស្នើឱ្យដាក់បញ្ចូលយន្ត​ការ​គាំទ្រដ៏ទូលំទូលាយបន្ថែមទៀត​សម្រាប់​អាជីវ​កម្ម ដើម្បីឆ្លុះបញ្ចាំងអាណត្តិកិច្ចរបស់ក្រសួង។

ឯកឧត្តមបានកោតសរសើរចំពោះការប្តេជ្ញាចិត្តអនុវត្តគោលការណ៍ "កម្ពុជាជាធំ" និងបានជម្រាបជូន​គណៈ​
ប្រតិភូអំពីអភិក្រមរបស់ក្រសួងក្នុងថែបំប៉នអាជីវកម្ម ដោយផ្តោតលើការគាំទ្រជាជាងការប្រើវិធានការ​ដាក់
ពិន័យ។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាតំណាងរបស់សភា​ពាណិជ្ជកម្ម និងសមាគម​ធុរ​កិច្ច​នានា ​ក្នុងការតស៊ូមតិចំពោះបញ្ហារបស់សមាជិកខ្លួន ដោយលើកឡើងថា៖ "រាជរដ្ឋាភិបាលមិនអាចជួបជជែកជាមួយម្ចាស់អាជីវកម្មគ្រប់រូបបានទេ។ យើងត្រូវការភាពតំណាងសហគមន៍ធុរកិច្ចទាំងនេះ ដើម្បីរាជរដ្ឋាអាចយល់ដឹង និងចាត់វិធានការដោះស្រាយបញ្ហារបស់ពួកគាត់។"

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្មរីករាយនឹងផ្តល់អ្នកជំនាញបច្ចេកទេស ដើម្បីចែករំលែកចំណេះដឹងបច្ចេកទេសដល់សមាជិកសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា ទាក់ទងវិស័យផ្សេងៗ រួម​ទាំងសុវត្ថិភាព​ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម ការផ្គត់ផ្គង់ទឹកស្អាត និងស្តង់ដារជាដើម។ ឯកឧត្តមបានលើកទឹកចិត្តសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាឱ្យពង្រីកវិសាលភាពរបស់ខ្លួនឱ្យលើសពី​សមាជិកបច្ចុប្បន្ន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម និងការផ្លាស់ប្តូរចំណេះដឹងកាន់តែទូលំទូលាយ។

សម្រាប់ចក្ខុវិស័យកម្ពុជា ២០៣០ និង ២០៥០ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំ​បាច់នៃការ​ជំរុញ​ការផលិត និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក​លើការនាំចូលវត្ថុធាតុដើម។ ឯកឧត្តមបានលើកឡើងថា ការថ្ពក់សហគ្រាសក្នុងស្រុកចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗ (Backward linkages) នឹងបង្កើនភាពធន់ដល់ខ្សែច្រវាក់ផលិតកម្មនៃវិស័យឧស្សាហកម្មកម្ពុជា។

លោក Clements បានបង្ហាញការគាំទ្រចំពោះចក្ខុវិស័យនេះ និងបានលើកឡើងថា ការផលិតក្នុងស្រុកដើម្បីជំនួសការនាំចូលគឺជាកត្តាសំខាន់។ ទន្ទឹមនឹង​នោះ លោកបានស្នើឱ្យមានការតម្រឹមគោលនយោ​បាយដើម្បីសម្រួលដល់ប្រតិបត្តិការ​អាជីវ​កម្ម។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាក្នុងការសម្របសម្រួល​វេទិ​កា​​សភាពាណិជ្ជកម្មអន្តរជាតិនានា និងបង្ហាញឆន្ទៈក្នុងការ​ពង្រីកអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងឧស្សាហកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត។

ទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបាននិងកំពុងជំរុញឱ្យបងប្អូនឈានចូលក្នុងប្រព័ន្ធ ដើម្បី​ពួកគាត់អាចចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់នៃឧស្សាហកម្មធំៗ។ ឯកឧត្តម​បានជម្រាបជូនអំពីគោលនយោបាយលើកទឹកចិត្តរបស់​រដ្ឋាភិ​បាល ដែលរួមមានទាំងការ​លើក​ទឹកចិត្តផ្នែកពន្ធ អត្ថប្រយោជន៍របបសន្តិសុខសង្គម និងកម្មវិធីអភិវឌ្ឍន៍ជំនាញជាដើម សំដៅគាំទ្រ​ដល់​ការឈានចូលក្នុងប្រព័ន្ធ និងអាចក្លាយជាទៅជាដៃគូដ៏មានតម្លៃរបស់ឧស្សាហកម្មធំៗ រួមទាំង​សមាជិក​នៃសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាផងដែរ។