ក្រសួងឧស្សាហកម្ម វបន និងឧស្សាហកម្មផលិតទឹកកកពិភាក្សាស្វែងរកវិធីកែលម្អផលិតកម្ម និងលើក​កម្ពស់​ស្តង់ដារគុណភាពទឹកកក

ក្រសួងឧស្សាហកម្ម វបន និងឧស្សាហកម្មផលិតទឹកកកពិភាក្សាស្វែងរកវិធីកែលម្អផលិតកម្ម និងលើក​កម្ពស់​ស្តង់ដារគុណភាពទឹកកក

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាលើកដំបូង បានអញ្ជើញសហគ្រាសផលិត​ទឹកកកទាំង៦៦មូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដើម្បីសំណេះសំណាល ស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន និងស្វែងរក​វិធីកែលម្អគុណភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃផលិតកម្មទឹកកក។

ថ្លែងទៅកាន់ម្ចាស់សហគ្រាសផលិតទឹកកកនៅក្នុងជំនួបកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម​រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ទឹកកកដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់ការពិសា​ប៉ុណ្ណោះ​ទេ ប៉ុន្តែជាធាតុចូលសេដ្ឋកិច្ចគន្លឹះមួយ ដែលត្រូវបានប្រើដូចជាសម្រាប់ក្លាសេសាច់ បន្លែ និងផ្លែឈើជាដើម។ ឯកឧត្តម​បាន​សង្កត់​ធ្ងន់​លើសារៈសំខាន់នៃការកែលម្អ​ឧស្សាហកម្មនេះ។ 

ឯកឧត្តម​រដ្ឋមន្ត្រី បានបន្តថា៖ “រោងចក្រផលិតទឹកកកមួយចំនួនត្រូវតែកែលម្អហើយ ដើម្បីធានាថា​ទឹកកក​ដែលផលិត​បានត្រូវ​តាមស្តង់​ដារ​គុណភាព និងអាចទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ ការងារនេះ​រួមបញ្ចូលទាំងការគិតគូរ​លើទិដ្ឋ​ភាព​ជាច្រើន រួមទាំងការផលិត ការវេចខ្ចប់ និងការដឹក​ជញ្ជូន​ទឹកកកជាដើម។”

ក្នុង​ជំនួប​នោះ ម្ចាស់សហគ្រាសផលិត​ទឹកកក​ក៏បានជម្រាបជូនពីកង្វល់​​ទាក់ទងនឹងការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ។ ពួកគាត់​បានស្នើ​ឱ្យ​ក្រសួង​រឹត​បន្តឹង​ការផ្តល់អាជ្ញាប័ណ្ណបង្កើត​រោងចក្រ​ផលិត​ទឹកកក ដោយ​ព្រួយ​​បារម្ភ​ពី​ការប្រកួតប្រជែងតម្លៃ ដែលចុងក្រោយនឹងធ្វើឱ្យខាតបង់ទាំងអស់គ្នា។ 

ពួកគាត់ក៏បានស្នើសុំឱ្យមានការបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលធនធាន​មនុស្ស ជាពិសេសអ្នកបច្ចេកទេស អ្នកគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម និងជាងជួសជុលម៉ាស៊ីន។

ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសំណើរបស់សហគ្រាសផលិតទឹកកក និងបានលើកឡើងថា ក្រសួងកំពុង​ធ្វើការ​ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការគាំទ្រឱ្យបានកាន់តែប្រសើរ និងកំពុង​ពិនិត្យ​លទ្ធភាព​បង្កើតតំបន់ប្រមូលផ្តុំឧស្សាហកម្ម ដើម្បីសហគ្រាសអាចផ្លាស់ប្តូរទីតាំង និងពង្រីកប្រតិបត្តិការ​របស់​ខ្លួន។ ឯកឧត្តម​បាន​​បន្តជំរុញ​សហគ្រាស​ផលិត​ទឹកកក​ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​ឧស្សាហកម្ម និងខិតខំពង្រឹង​គុណភាព។ 

បច្ចុប្បន្ន​ រាជធានី​ភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹកកក​ចំនួន៦៦មូលដ្ឋាន ដែល​អាច​ផលិត​ទឹកកក​បាន​ប្រមាណ ១២២.៣៣៥ តោន​ក្នុង​មួយ​ខែ។