ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ ពិភាក្សាវិធីបង្កើនស្តង់ដារសុវត្ថិភាពរោងចក្រនៅកម្ពុជា

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ ពិភាក្សាវិធីបង្កើនស្តង់ដារសុវត្ថិភាពរោងចក្រនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបតំណាងមកពីគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពជីវិត និងអគារ (LABS) ដឹកនាំ​ដោយ​នាយកប្រតិបត្តិ លោក Emerald Am និងបានពិភាក្សាអំពីការលើកកម្ពស់សុវត្ថិភាព​រោងចក្រ​នៅកម្ពុជា។

លោក Emerald Am បានជម្រាបជូនអំពីបេសកកម្មរបស់ LABS និងបំណងប្រាថ្នា​របស់​ខ្លួនក្នុងការធ្វើយ៉ាងណាទាក់ទាញឱ្យម៉ាកយីហោកំពូលៗ ដូចជា GAP និង Nike ពេញចិត្តនឹងស្តង់ដារ​សុវត្ថិភាពរោងចក្ររបស់កម្ពុជា ដើម្បីជំរុញឱ្យក្រមហ៊ុនទាំងនេះបន្តបញ្ជាទិញនិងគាំទ្រការផលិត និងបង្កើតរោងចក្រ​កាន់តែច្រើននៅក្នុងប្រទេស។

លោកបានលើកឡើងថា គំនិតផ្តួចផ្តើម LABS ផ្តោតលើការលុបបំបាត់គ្រោះថ្នាក់បណ្ដាលមកពីចរន្តអគ្គិសនី គ្រោះអគ្គីភ័យ និងហានិភ័យ​សុវត្ថិភាពរចនាសម្ព័ន្ធ​ដែល​អាច​បង្ការបាន នៅក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតសម្ភារប្រើប្រាស់។ ដោយមានប្រតិ​បត្តិ​​ការនៅក្នុងប្រទេសដែលមានរោងចក្រច្រើន ដូចជាឥណ្ឌូនេស៊ី កម្ពុជា ឥណ្ឌា និងវៀត​ណាម បច្ចុប្បន្ន LABS បានជួយគាំទ្រកម្មករជាង១លាននាក់នៅក្នុងរោងចក្រចំនួន ៥១៩ ចាប់តាំងពីស្ថាប័ននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ ជាមួយ​នឹងអត្រាកែលម្អសុវត្ថិភាពជារួម ៨១% និងការរកឃើញហានិភ័យជាមធ្យមចំនួន ៤៣ ក្នុងមួយ​រោងចក្រ LABS បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ និងអនុវត្តស្តង់ដារ​សុវត្ថិភាព​ ដោយសហការជាមួយស្ថាប័នរដ្ឋា​ភិបាល សមាគមឧស្សាហកម្ម និងក្រុមហ៊ុន​អធិការ​កិច្ច។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនៃកិច្ចសហការនេះ និងបានជម្រាបជូនថា ច្បាប់​ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មកំពុងស្ថិតក្នុងការពិនិត្យកែលម្អ ដើម្បីបំពេញ​តម្រូវ​ការ​ដែលកាន់តែតឹងរ៉ឹង​របស់​ម៉ាកយីហោធំៗរបស់ពិភពលោក ហើយ​ក្រម​អគារជាតិក៏នឹងត្រូវបានរៀបចំឡើង ដែល​ក្រមនេះនឹងមាន​សារៈ​សំខាន់​សម្រាប់​ការ​ធានា​សុវត្ថិភាព​រោងចក្រផងដែរ

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុ​លោម​តាមស្តង់ដារសុវត្ថិភាព ព្រោះវានឹងជួយលើក​កម្ពស់​កេរ្តិ៍ឈ្មោះរោងចក្រ និងបង្កើនការទុកចិត្ត ព្រមទាំងបានលើកទឹកចិត្ត LABS ឱ្យសហការ​ជាមួយ​រោង​ចក្រកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើនចំនួនរោងចក្រដែលបញ្ចប់កម្មវិធីរបស់ខ្លួន ក៏ដូចជាដើម្បីលើក​កម្ពស់ស្តង់ដារសុវត្ថិភាពរោចក្រជារួម។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងបាន និងកំពុងជំរុញការពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិ​សុវត្ថិភាព និងបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់រោងចក្រជាបន្តបន្ទាប់។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួង​រីករាយសហការដោយប្រើប្រាស់ជំនាញរបស់ LABS ដើម្បីពង្រឹងស្តង់ដារសុវត្ថិភាពរោងចក្របន្ថែមទៀត។