ក្រសួងឧស្សាហកម្ម វបន ដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ ថ្នាលផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH

ក្រសួងឧស្សាហកម្ម វបន ដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ ថ្នាលផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ KhmerSME MATCH

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ “ថ្នាលផ្គូផ្គងអាជីវកម្មតាមប្រព័ន្ធអនឡាញ ឬ KhmerSME MATCHដែលជាថ្នាលផ្គូផ្គងអាជីវកម្មឌីជីថលថ្នាក់ជាតិសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។


ឯកឧត្តម មាន សុភា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH មានគោលដៅជំរុញកំណើន ចីរភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា។

ថ្នាលផ្គូផ្គងអាជីវកម្ម KhmerSME MATCH ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធុរកិច្ច និងទីភ្នាក់ងារ GIZ ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍នៃបរិវត្តកម្មឌីជីថល សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមអាចចូលរួមក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោក។


 

ឯកឧត្តមបានលើកឡើងថា៖ “KhmerSME MATCH នឹងត្រូវបានប្រើប្រាស់ធ្វើជាថ្នាលផ្គូផ្គងអាជីវកម្ម ដែលម្ចាស់អាជីវកម្មអាចចុះឈ្មោះនៅលើគេហទំព័រយ៉ាងងាយស្រួល ចំណេញពេលវេលា និងអាចស្វែងរកព័ត៌មានទាក់​ទងនឹងប្រភេទអាជីវកម្មនានាដែលខ្លួនត្រូវការ និងប្រាស្រ័យទាក់ទងគ្នាតាមរយៈមុខងារនៅលើគេហទំព័រដោយផ្ទាល់។”

ឯកឧត្តមបានសង្កត់ធ្ងន់ថា KhmerSME MATCH មានរចនាសម្ព័ន្ធដ៏ឆ្លាតវៃ ដែលអ្នកប្រើប្រាស់អាចទទួលបានព័ត៌មានទាំងឡាយនៃអាជីវកម្មផ្សេងៗ ដំណឹងថ្មីៗពាក់ព័ន្ធនឹងអាជីវកម្មរបស់ខ្លួន ទទួលបានឱកាសពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស និងផលប្រយោជន៍ជាច្រើនទៀត។