ក្រសួងឧស្សាហកម្ម វបន និងក្រុមប្រឹក្សាជាតិគាំពារសង្គម ពិភាក្សារកវិធីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រសួងឧស្សាហកម្ម វបន និងក្រុមប្រឹក្សាជាតិគាំពារសង្គម ពិភាក្សារកវិធីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានទទួលជួបតំណាងក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំ​ពារសង្គម ដើម្បីពិភាក្សាអំពីកិច្ចសហការក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងជំនួបនោះ ឯកឧត្តម ចន ណារិទ្ធ បានជម្រាបជូនអំពីរចនាសម្ព័ន្ធស្ថាប័ន របៀបវារៈជាអាទិភាព និង​សមិទ្ធផលការងារកន្លងមករបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គម ដូច​ជា​កា​រអនុវត្តមូលនិធិសមធម៌សុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម និងកម្មវិធីផ្តល់សាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិគាំពារសង្គមជាតួអង្គមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធ​សាស្ត្រ​ជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តមបានលើកឡើងពីវិធានការគន្លឹះចំនួន ដែលត្រូវចូលរួមអនុវត្តដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងបានជំរុញការរៀបចំផែន​ការ​សកម្មភាពលម្អិត​របស់ខ្លួន ​និងបន្តគិតគូរអំពីក្របខណ្ឌគោលនយោបាយ និងវិធានការជាក់ស្តែងសម្រាប់ក្រុមគោលដៅ

 

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុង​ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធ ទៅដល់ក្រុមប្រជាពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កិច្ចប្រជុំនេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែង ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ពួកគាត់ និង​រួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយបរិយាបន្ននៅកម្ពុជា។