ក្រសួងឧស្សាហកម្ម វបន និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រវិស័យធុរកិច្ច

ក្រសួងឧស្សាហកម្ម វបន និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រវិស័យធុរកិច្ច

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួល​ជួប​គណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងអង្គការ Swisscontact នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ក្នុងជំនួបនោះ ភាគីទាំងពីរបានជម្រាបជូនគ្នាអំពីអាណត្តិកិច្ច និងរបៀបវារៈជា​អាទិភាព​របស់​ខ្លួន។ លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារ ដែលបាន​គាំទ្រ​កម្ពុជា​ក្នុងរយៈពេលប្រមាណជាបីទសវត្សរ៍ចុងក្រោយនេះ។

លោកក៏មានបំណង​ស្វែង​យល់​​អំពីទិស​ដៅ​ការងាររបស់សហគ្រិនខ្មែរ ដែលជាដៃគូសហការរបស់ខ្លួន ក្រោយការផ្លាស់ប្តូរប្រធាន​ក្រុម​ប្រឹក្សា​ភិបាល មកក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដោយលោកសង្កត់ធ្ងន់លើ​សារៈសំខាន់នៃការបន្ត​កិច្ច​សហប្រតិបត្តិការនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ ដែលបានគាំទ្រ​ដល់​កម្ពុជា​នាពេលកន្លងមក រួមទាំងក្នុងវិស័យថែទាំសុខភាពកុមារ។ ឯកឧត្តមបានកោតសរសើរចំពោះ​កិច្ចសហការ​ល្អ​រ​វាង​អង្គការ Swisscontact និងសហគ្រិនខ្មែរ ក្នុងការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា តាមរយៈ​គម្រោង​​លើក​កម្ពស់ប្រព័ន្ធអេកូឡូស៊ី និងការវិនិយោគសហគ្រិនភាព (3Ei)

ឯកឧត្តមបានបញ្ជាក់ជូនគណៈប្រតិភូថា សហគ្រិនខ្មែរនឹងបន្តអាណត្តិរបស់ខ្លួន ព្រមទាំងផ្តោតលើការគាំទ្រ​ជាយុទ្ធសាស្ត្រដល់​សហគ្រាសធុនតូច និងមធ្យម ដូចជាការធ្វើអាទិភាវូបនីយកម្ម ដោយគាំទ្រធុរ​កិច្ច​កាតាលីករ (market catalysts) ដើម្បីជំរុញ​ការអភិវឌ្ឍខ្សែច្រវាក់​តម្លៃក្នុងវិស័យ និងអនុវិស័យជាក់លាក់មួយចំនួន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តមបានស្នើឱ្យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ បន្តគាំទ្រដល់ការរៀបចំផែនទីបង្ហាញផ្លូវ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាពនៅកម្ពុជា និងសិក្សាឱកាសសហការជាមួយមជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា ដែលមានតួនាទីជំរុញការអភិវឌ្ឍជំនាញនៅនឹងកន្លែងការងារ និងជំរុញការអភិវឌ្ឍផលិតភាពជាតិ។