ក្រសួងព័ត៌មាន និងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការដើម្បីផ្តល់ការគាំទ្រដល់អ្នកសារព័ត៌មានក្រោមក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រសួងព័ត៌មាន និងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការដើម្បីផ្តល់ការគាំទ្រដល់អ្នកសារព័ត៌មានក្រោមក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការគាំទ្រអ្នកសារព័ត៌មានកម្ពុជា និង​ជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការ​អនុវត្ត​​យុទ្ធសាស្ត្រជាតិនេះ  និងបានបញ្ជាក់ថា អ្នកសារព័ត៌មានគឺជាក្រុមអាទិភាពមួយ ក្នុងចំណោមក្រុមអាទិភាពទាំង១៥ នៃយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានបន្ថែមថា ការចូលរួមរបស់អ្នកសារព័ត៌​ក្នុងក្របខណ្ឌ​យុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យពួកគាត់អាចទទួលបានអត្ថប្រយោជន៍ផ្សេងៗ រួមមានលទ្ធភាពទទួលសេវាហិរញ្ញវត្ថុ ឱកាសអភិវឌ្ឍន៍ជំនាញ និងជំនួយសង្គមនានា។ឯកឧត្តម  នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះការគាំទ្រអ្នកសារព័ត៌​មាន និងបាលើក​ឧទាហរណ៍​មួយចំនួនស្តីពីអត្ថប្រយោជន៍នៃការចុះឈ្មោះចូលក្នុងប្រព័ន្ធរបស់អ្នកសារ​ព័ត៌មាន រួមមានការកំណត់ជាក្រុមអាទិភាពដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាការបញ្ចុះតម្លៃលើការពិនិត្យសុខភាពនៅក្លីនីកដៃគូរបស់ក្រសួងជាដើម។ ឯកឧត្តម ​បាន​ជម្រាបជូនថា ក្រសួង​ព័ត៌មាន​កំពុងរៀបចំ​បង្កើត​វិទ្យាស្ថាន​​ដើម្បីបណ្តុះបណ្តាល​អ្នក​សារព័ត៌មាន ដោយ​ផ្តោតជាពិសេស​លើ​វិស័យ​សារព័ត៌មាន​អនឡាញ ដែល​អាច​ជា​អត្ថប្រយោជន៍ដ៏សំខាន់មួយទៀត​ក្នុង​ការ​សម្រួល​ដល់​ការពង្រឹងជំនាញ និងការចាប់យកជំនាញថ្មីរបស់អ្នកសារព័ត៌មាន។យោងតាមក្រសួងព័ត៌មាន បច្ចុប្បន្នកម្ពុជាមានអ្នកសារព័ត៌មានប្រមាណមួយម៉ឺននាក់ ហើយ​​ប្រហែល ៦.៣០០ នាក់ បានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានប័ណ្ណសារ​ព័ត៌មាន។ ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​ក្នុង​ការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងបានជម្រាបជូនពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ​របស់​​​អ្នក​សារព័ត៌មាន និងស្ថាប័នព័ត៌មាន ជាពិសេសក្នុងស្ថានភាពនៃការវិត្តយ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធផ្សព្វផ្សាយអនឡាញ។ ឯកឧត្តម​ក៏​បានលើកថា អ្នកសារព័ត៌មានមួយចំនួនបានស្នើសុំអត្ថប្រយោជន៍​របបសន្តិសុខ​សង្គម ដែលអាចត្រូវបានសម្របសម្រួលក្រោមយន្តការនៃការអនុវត្តយុទ្ធសាស្ត្រជាតិនេះ។ក្រសួងទាំងពីរបានព្រមព្រៀងសហការលើទិដ្ឋភាពនានានៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ក្រុមគោលដៅ “អ្នកសារព័ត៌មាន” រួមទាំងការរៀបចំយុទ្ធនាការផ្សព្វផ្សាយ​ និងពង្រឹងការយល់​ដឹង​ជាសាធារណៈ ដើម្បីបង្ហាញអត្ថប្រយោជន៍នៃការចូលក្នុងប្រព័ន្ធរបស់​អ្នកសារព័ត៌​មាន។ លើសពីនេះ ក្រសួងទាំងពីក៏នឹងសហការលើគំនិតផ្តួចផ្តើមផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីសម្រេចគោលដៅរួម តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” របស់រាជរដ្ឋាភិបាល។