គណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានជ្រើសតាំង

គណៈកម្មាធិការប្រតិបត្តិថ្មីនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានជ្រើសតាំង

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានអញ្ជើញជាអធិបតីក្នុងការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាណត្តិ ឆ្នាំ២០២៤-២០២៨។

លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការ បានជម្រាបជូនពីប្រវត្តិសង្ខេបរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងពន្យល់អំពីនីតិវិធីនៃការបោះឆ្នោត។ លោកជំទាវបានបញ្ជាក់​ថា ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​រាល់​៥​ឆ្នាំម្តង និងបាន​ប្រកាស​បេក្ខភាព​ស្ត្រី​ចំនួន ១៥​រូប ដែលបានឈរឈ្មោះសម្រាប់​អាណត្តិ​ថ្មីនេះ។

ថ្លែងទៅកាន់អង្គបោះឆ្នោត ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីសាវតារបស់សមាគម ដែលបានបង្កើតឡើងនៅទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងមាននាមដើមជា សមាគមនារីសង្គ្រោះជាតិកម្ពុជា។ សមាគមកាលនោះមានបេសកកម្មរួមចំណែកផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវជ័យជំនះជាប្រវត្តិសាស្រ្ត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាគមបានប្រែក្លាយទៅជានិមិត្តរូបនៃក្តីសង្ឃឹម និងវឌ្ឍនភាពសម្រាប់ស្ត្រីកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីសំខាន់របស់សមាគមក្នុងការជំរុញចលនាស្ត្រី និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


ការបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធាននៃគណៈកម្មាធិការប្រតិបត្តិរបស់សមាគម សាខាក្រសួងនា ឧ.វ.ប.ន នាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងចំពោះសមភាពយេនឌ័រ សន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នាក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។