លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

លទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នៅថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ខ្លួននៅទីស្តីការក្រសួង។

ក្នុងថ្ងៃទី១នៃអង្គសន្និបាត (ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤) ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ បានថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារដែលក្រសួង ឧ.វ.ប.ន សម្រេចបានក្នុងឆ្នាំ២០២៣ ដោយផ្តោតលើ៖ វិស័យឧស្សាហកម្ម, សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល, ការងារកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព, វិស័យទឹកស្អាត, ការងារស្ដង់ដារូបនីយកម្ម, ការងារមាត្រាសាស្ត្រ, ការងារវាយតម្លៃទទួលស្គាល់, ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការងារកែទម្រង់ជាដើម។

កម្មវិធីបន្ទាប់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ឧ.វ.ប.ន បានថ្លែងសុន្ទរកថាបើកអង្គសន្និបាត និងបានកោតសរសើរចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឧ.វ.ប.ន គ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសកម្ម ដោយលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា និងបញ្ញាស្មារតី ក្នុងការចូលរួមបំពេញការងារមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាក្នុងពេលកន្លងមក។

ក្នុងរយៈពេលពេញមួយថ្ងៃនៃអង្គសន្និបាត វាគ្មិនតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធបានចូលរួមកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ១) ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ, ២) របៀបវារៈអាទិភាពនៃវិស័យទឹកស្អាត, ៣) ការកែទម្រង់សេវាសាធារណៈ, ៤) ការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា និងមានកិច្ចពិភាក្សារួមពាក់ព័ន្ធនឹងរបាយការណ៍ស្តីពីការអភិវឌ្ឍឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក របាយការណ៍ស្តីពីការ     កសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដោយនាយកប្រតិបត្តិសហគ្រិនខ្មែរ (K.E.) និងការងារផ្សេងៗទៀត ក្នុងគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ទទួលមតិយោបល់ ការកែលម្អ និងដកស្រង់បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង។

នៅល្ងាចថ្ងៃទី១នៃអង្គសន្និបាត មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន និងពីធីបំពាក់មេដាយការងារជូនមន្រ្តីរាជការចំនួន១៩០ រូប។

ថ្ងៃទី២នៃអង្គសន្និបាត (ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤) ពេលព្រឹក កិច្ចប្រជុំផ្ទៃក្នុងចង្អៀត ដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានមជ្ឈមណ្ឌល អគ្គាធិការ ប្រធាន នាយកដ្ឋាន អធិការ ប្រធានមន្ទីរទាំង២៥ ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក និងអគ្គនាយករដ្ឋាករទឹកទាំង ១១។ កិច្ចប្រជុំ បានពិភាក្សាលើប្រធានបទស្តីពី៖ ១) ការកែទម្រង់ ឬវិសោធនកម្មបទដ្ឋានគតិយុត្ត, ២) ការងារអាទិភាពជាយុទ្ធសាស្ត្ររបស់ក្រសួង, និង ៣) ការពង្រឹងសេវាគាំទ្រទូទៅ (រដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ)។ ចុងបញ្ចប់នៃវគ្គនេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបូកនិងផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗ សម្រាប់យកទៅអនុវត្តបន្តឱ្យមានប្រសិទ្ធភាព។

នៅពេលរសៀល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ " តេជោសែន " និងអញ្ជើញពិធីបិទអង្គសន្និបាត ។ ក្នុងពីធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាអន្តរាគមន៍ ដោយប្រកាសគាំទ្រពេញទំហឹងនូវ “វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ” ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីអំពីដំណើរការនៃអង្គសន្និបាទរយៈពេលពីរថ្ងៃ និងវឌ្ឍនភាពនៃលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ ដែលរួមមាន៖ ១) វិស័យឧស្សាហកម្ម, វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការងារកសាងប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សហគ្រិនភាព, ការងារគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការងារទឹកស្អាត, ការងារស្តង់ដារូបនីយកម្ម, ការងារមាត្រាសាស្រ្ត,  ការងារវាយតម្លៃទទួលស្គាល់នៃកម្ពុជា,  និងការងារវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ការងារមន្ទីររាជធានី-ខេត្ត, ចូលរួមគាំទ្រកម្មវិធីកំណែទម្រង់នានា, និងគាំទ្រសកម្មភាពការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្ត, ២)ការកសាងបន្ថែមហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បម្រើឱ្យការបំពេញភារកិច្ចរបស់មន្ត្រីរាជការ ដែលរួមបញ្ជូលទាំងអគារទីស្តីការក្រសួងថ្មីកម្ពស់១៨ជាន់ ដែលត្រូវបានប្រសិទ្ធនាមថា “អគារ តេជោសែន” ហើយដែល សម្តេចធិបតី នាយករដ្ឋមន្ត្រី ទើបបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ, ៣) ការងារកសាងលិខិតបទដ្ឋានគតិយុត្តបន្ថែមលើច្បាប់ដែលកំពុងមានជាធរមាន, ៤) ការបន្តអនុវត្តលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយផ្តោតទៅលើកិច្ចការចម្បងជាអាទិភាព ក្នុងនោះធ្វើការកែទម្រង់ ការគ្រប់គ្រងគុណភាព, គុណវុឌ្ឍិ និងប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការតាមយន្តការគុណាធិបតេយ្យ, ៥) ការពង្រឹងយន្តការ អធិការកិច្ចរោងចក្រ សហគ្រាស ដោយចូលរួមជាមួយអធិការកិច្ចអន្តរក្រសួង-ស្ថាប័ន, ៦) ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដោយផ្តោតការយកចិត្តទុកដាក់លើការចូលរួមអនុវត្តផែនការសកម្មភាព គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មសិទ្ធិបញ្ញានៃបណ្ដាប្រទេសនានា នៅក្នុងតំបន់ និងពិភពលោក, ៧) វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម៖ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងការជំរុញការចុះបញ្ជីសហគ្រាសធុនតូច និងសិប្បកម្ម តាមរយៈប្រព័ន្ធអនឡាញ (CamDX) និងបានដាក់ចេញឱ្យអនុវត្តន៍នូវឯកសារយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលកម្ពុជា ឆ្នាំ២០២២-២០២៦, ៨) ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹកស្អាត ដោយបន្តអនុវត្តគោលនយោបាយលើកទឹកចិត្តដល់វិស័យឯកជនក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត និងការបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសម្រាប់រដ្ឋាករទឹកសាធារណៈ, ៩) ការគ្រប់គ្រង និងជំរុញអភិវឌ្ឍន៍ស្តង់ដារ តាមរយៈការពង្រឹងគុណភាពនិងសុវត្ថិភាពផលិតផល និងសេវាកម្មស្របទៅតាមចរន្ត និងនិន្នាការនៃទីផ្សារជាតិ តំបន់ និងអន្តរជាតិ និងលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ១០) ការងារមាត្រាសាស្ត្រ៖ ជំរុញផ្សព្វផ្សាយឱ្យមានការយល់ដឹង និងចលនាឱ្យមានការចូលរួមអនុវត្តច្បាប់ស្តីពីមាត្រាសាស្ត្រពីសំណាក់វិស័យឯកជន ដើម្បីជួយលើកកម្ពស់កិត្យានុភាពនៃផលិតផល និងសេវាកម្មរបស់ កម្ពុជា, ១១) ការងារវាយតម្លៃទទួលស្គាល់នៃកម្ពុជា៖ បានរួមចំណែកដល់ការកាត់បន្ថយរបាំងបច្ចេកទេសនៃការធ្វើពាណិជ្ជកម្ម (TBT) និងរបាំងអនាម័យ និងភូតគាមអនាម័យ (SPS) ដែលនេះជាកត្តាសំខាន់បំផុតក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ចរាចរណ៍ទំនិញ និងសេវាកម្មឆ្លងដែន, ១២) វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ បាន និងកំពុងរៀបចំក្របខណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ និងគតិយុត្ត, លើកកម្ពស់ការស្រាវជ្រាវតាមវិស័យអាទិភាពរបស់កម្ពុជា និងលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ជាតិ ដោយរៀបចំប្រែក្លាយជាគ្រឹះស្ថានសាធា-    រណៈរដ្ខបាល ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួង។

អង្គសន្និបាតបានទទួលអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការដែលក្រសួង ឧ.វ.ប.ន គប្បីផ្តោតការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត រួមមានជាអាទិ៍៖ ទី១-ពន្លឿនការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឆ្ពោះទៅឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ព្រមទាំងគំនិតផ្ដួចផ្ដើមនៃការរៀបចំចងក្រងជាសម្ព័ន្ធនៃបណ្ដាមន្ទីរពិសោធន៍ជាតិ, ទី២-ត្រូវត្រៀមខ្លួនសម្រាប់ជំរុញការរៀបចំការចុះបញ្ជីតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម CamDX ឱ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៤, ទី៣-ត្រូវដឹកនាំ និងចលនាការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ជាពិសេសការផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចពីធនធានដែលមានក្នុងស្រុក, ទី៤-សិក្សាស្រាវជ្រាវអំពីធនធានដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍកសិ-ឧស្សាហកម្ម និងសិក្សាអំពីលទ្ធភាពបង្កើតសួនឧស្សាហកម្មរបស់ជាតិមួយ និងជំរុញការបង្កើតបណ្ដុំសួនសហគ្រាសធុនតូច និង មធ្យម (SMEs Cluster), ទី៥-ពន្លឿនការកែសម្រួល និងបញ្ចប់នូវសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា សេចក្តីព្រាងអនុក្រឹត្យពាក់ព័ន្ធនឹងសហគ្រាសធុនតូចនិងមធ្យម និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងការអភិវឌ្ឍ, ទី៦-ពិនិត្យលទ្ធភាពក្នុងការចូលរួមអនុវត្តការងារនៅក្នុងគំនិតផ្តួចផ្តើមនៃការបង្កើត «មជ្ឈមណ្ឌលគាំទ្រធុរកិច្ច និង SMEs ក្នុងការចាប់យកឌីជីថល» (SMEs Go Digital Supporting Hubs) ដោយបន្តដឹកនាំ និងពង្រីកអាណត្តិរបស់ សហគ្រិនខ្មែរ ឱ្យក្លាយជាកាតាលីករនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងជាស្ពានគាំទ្រការបង្កើត និងការអភិវឌ្ឍវិស័យថ្មីៗទៀត, ទី៧-បន្តពង្រឹងការគ្រប់គ្រង និងអភិរក្សដីស្រែអំបិល (ខេត្តកំពត-កែប), ទី៨-ចាត់ចែងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានភាពបន់បែន ព្រមទាំងជំរុញការពង្រឹងនិយតកម្ម និងអាជ្ញាបណ្ណ និងរៀបចំបង្កើតនិយ័តករទឹកស្អាត, ទី៩-បន្តជំរុញការអភិវឌ្ឍ និងអនុម័តស្តង់ដារថ្មីៗបន្ថែមទៀត លើមុខទំនិញដែលជាយុទ្ធសាស្ត្រសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ, ទី១០-គិតគូររៀបចំក្របខណ្ឌអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យបច្ចេកវិទ្យា (Tech Talents Development Framework) សម្រាប់រយៈពេលមធ្យម និងវែង, ទី១១-បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់របស់រាជរដ្ឋាភិបាល សំដៅកែលម្អការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋទូទៅ, ទី១២-បន្តជំរុញការកៀរគរចំណូលថវិកាជាតិគ្រប់ប្រភេទ និងបន្តចូលរួមអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ទី១៣-ពង្រឹងការរៀបចំផែនការសកម្មភាពលម្អិត និងសូចនាករគន្លឹះយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដោយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការយ៉ាងសកម្មបំផុតជាមួយក្រសួង ឧ.វ.ប.ន និងផ្ដល់ធាតុចូលឱ្យទាន់ពេលវេលា ។

បន្ទាប់មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិតិយស បំពាក់មេដាយជូនថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលមានស្នាដៃការងារចំនួន១៣ រូប។

អង្គសន្និបាតបានបិទបញ្ចប់ទៅនៅថ្ងៃដដែល ប្រកបទៅដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ លើការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៣ កន្លងមក និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕