ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងឧស្សាហកម្ម វនប ជាង២០០នាក់ចូលរួមបរិច្ចាគឈាម
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន២១៥នាក់ ដែលក្នុងនោះ១០០នាក់មកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចូលរួមបរិច្ចាគឈាម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ កម្មវិធីនេះមានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដែលបានបង្ហាញនូវសាមគ្គីភាពសម្រាប់បុព្វហេតុដ៏ឧត្ដមនៃការជួយសង្គ្រោះជីវិតមនុស្ស។
ដោយបង្ហាញជាគំរូ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី បានស្ម័គ្រចិត្តបរិច្ចាគឈាមមុនគេ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមទាំងអស់ដែលបានចូលរួម ដោយលើកឡើងថា៖ “ឈាមមិនអាចត្រូវបានផលិតក្នុងរោងចក្រទេ ហើយប្រទេសជាតិយើងពឹងផ្អែកលើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។”
ឯកឧត្តមបានហៅការបរិច្ចាគឈាមថា ជាការធ្វើទានដ៏ថ្លៃថ្លា ដែលអាចជួយសង្គ្រោះជីវិតមនុស្សទាំងអស់ដែលត្រូវការឈាម ដោយគ្មានការរើសអើង។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីការកកើតឡើងវិញនូវកោសិកាឈាមដោយធម្មជាតិ និងថាការបរិច្ចាគឈាមមិនត្រឹមតែមានសុវត្ថិភាពទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់សុខភាពទៀតផង។ ឯកឧត្តមបានបន្ថែមថា៖ “ខ្ញុំសង្ឃឹមថាឈាមដែលយើងបានបរិច្ចាគក្នុងថ្ងៃនេះនឹងជួយសង្គ្រោះជីវិតមនុស្សជាច្រើន”។
លើសពីបុព្វហេតុមនុស្សធម៌ ការបរិច្ចាកឈាមផ្តល់នូវអត្ថប្រយោជន៍សុខភាពមួយចំនួន ដូចជាការទទួលបានការពិនិត្យសុខភាព កាត់បន្ថយកម្រិតជាតិដែកក្នុងឈាមដែលអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំរុញការផលិតកោសិកាឈាម លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត និងបង្កើតវប្បធម៌បរិច្ចាគនិងស្មារតី "ខ្មែរជួយខ្មែរ"។
បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជាត្រូវការឈាមចន្លោះពី ៣០០ ទៅ ៣៥០ ប្លោក ក្នុងមួយថ្ងៃ។ មជ្ឈមណ្ឌលបន្តអំពាវនាវឱ្យប្រជាពលរដ្ឋកាន់តែច្រើនចូលរួមបរិច្ចាគឈាម និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិត ដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការគាំទ្រជាបន្តបន្ទាប់។