បណ្ឌិត្យសភានគរបាលកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

បណ្ឌិត្យសភានគរបាលកម្ពុជាស្វែងរកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តម​សេនីយ៍​សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំបាន​ផ្តោត​លើការពង្រឹងកិច្ច​សហប្រតិ​បត្តិ​ការ​ដើម្បីផ្តល់ការអប់រំ និងការបណ្តុះបណ្តាលមន្ត្រីនគរបាល និង​មន្ត្រីពន្ធនាគារ ដោយផ្តោតសំខាន់លើ​ការបណ្តុះ​បណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបនោះ ឯកឧត្តម ឯក មនោសែន បានស្នើសុំការគាំទ្រពីក្រសួង រួមទាំងស្នើឯកឧត្តមរដ្ឋមន្ត្រីធ្វើបាឋកថា និង​បញ្ជូនមន្ត្រី​ជំនាញដើម្បីចែករំលែកចំណេះដឹងជាមួយសិក្ខាកាមជាមន្ត្រីនគរបាល និងមន្ត្រី​ពន្ធនាគារនៃបណ្ឌិត្យ​សភា​នគរបាលកម្ពុជា។ គោលដៅគឺដើម្បីបំពាក់ចំណេះដឹង និងជំនាញចាំបាច់ដល់​សិក្ខាកាមក្នុង​ការដោះស្រាយ​បញ្ហាថ្មីៗដែលកំពុងកើតមាននៅក្នុងវិស័យបច្ចេកវិទ្យា និងសន្តិសុខ រួមទាំង​ការការពារសុវត្ថិ​ភាព​ឌីជីថលនៅលើ​គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីអាណត្តិកិច្ចរបស់ក្រសួង និងបានបញ្ជាក់ពីសារៈសំខាន់​នៃ​​កិច្ច​​សហ​ការ​រវាងការមន្ត្រីនគបាល និងក្រសួង ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់យុគសម័យទំ​នើប។

ឯកឧត្តមបានលើកឡើងថា ក្រសួងឧស្សាហកម្ម វបន នឹងផ្តល់ការសហការផ្នែកបណ្តុះបណ្តាល រួមទាំងសមត្ថភាពផ្នែកមន្ទីរពិសោធន៍ និងចែករំលែកនូវព័ត៌មាន និងចំណេះដឹងក្នុងវិស័យដែលក្រសួងទទួលបន្ទុក។

ឯកឧត្តមក៏បានលើកឡើងពីតម្រូវការនៃកិច្ចសហការ រវាងក្រសួង និងមន្ត្រីអនុវត្តច្បាប់ ដើម្បីលើកកម្ពស់​អនុលោមភាព​របស់រោងចក្រ-សហគ្រាសផងដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈ​សំខាន់នៃនវានុវត្តន៍​ក្នុងវិស័យ​សាធារណៈ ដោយផ្តោតលើការបង្កើតតម្លៃបន្ថែម និងថាវិស័យសាធារណៈគួរឈានមុខលើផ្នែកនវានុវត្តន៍។

​​​​​​​