និយ័តករមូលបត្រកម្ពុជា និងក្រសួងឧស្សាហកម្ម វបន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម

និយ័តករមូលបត្រកម្ពុជា និងក្រសួងឧស្សាហកម្ម វបន ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបគណៈប្រតិភូនៃនិយតករមូលបត្រកម្ពុជា (ន.ម.ក.) ដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។

ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដែលបានយកចិត្តទុក​ដាក់​គាំទ្រដល់​និយតករមូលបត្រកម្ពុជា កាលពីឯកឧត្តមនៅបម្រើក្នុងតួនាទីជារដ្ឋលេខាធិការ​នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ 

កិច្ចប្រជុំបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ដោយនិយតករមូលបត្រកម្ពុជាបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការធ្វើការឱ្យបានជិតស្និទជាមួយសហគ្រិនខ្មែរ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយរួម​បញ្ចូលភាពខ្លាំងនៃការគាំទ្រផ្នែកបច្ចេកទេសរបស់សហគ្រិនខ្មែរ ជាមួយនឹងជំនាញរបស់និយតករលើ​ការ​ទទួលបានទុន និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលមានស្តង់ដារ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរីកចំរើនរបស់និយតករមូលបត្រកម្ពុជា និងបានស្វាគមន៍​ចំពោះ​សំណើសហការជាមួយសហគ្រិនខ្មែរ។ ឯកឧត្តមបានសង្កត់ធ្ងន់លើតម្រូវការ​ក្នុងការផ្តោតលើ​ការគាំទ្រ​កាតាលីករទីផ្សារ​ ដែលនឹងមានឥទ្ធិពលជាវិជ្ជមានដល់ខ្សែសង្វាក់តម្លៃ និងបានផ្តល់អនុសាសន៍ឱ្យនិយតករ និងសហគ្រិនខ្មែរ កំណត់រកសហគ្រាសសក្តានុពល ជាពិសេស​នៅក្នុង​ឧស្សាហកម្មកែច្នៃកសិផល និងកែច្នៃចំណីអាហារ។

ភាគីទាំងពីរក៏បានឯកភាពគាំទ្រគ្នាទៅវិញទៅមកលើការអភិវឌ្ឍសមត្ថភាពបុគ្គលិកផងដែរ។