អ្នកនវានុវត្តន៍កម្ពុជាចំនួន១០រូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា

អ្នកនវានុវត្តន៍កម្ពុជាចំនួន១០រូបត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា

ភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីនវានុវត្តន៍កម្ពុជាចំនួន១០រូប ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុង វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២៣ ជ័យលាភីទាំងនេះ រួមមានអ្នកនវានុវត្តន៍ជាសិស្ស និងអ្នកនវានុវត្តន៍តាមសហគមន៍ ដែលត្រូវបានទទួលស្គាល់ចំពោះការរួមចំណែកដ៏សំខាន់របស់ពួកគេដល់វិស័យនវានុវត្តន៍។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តរៀនសូត្រ និងការសហការគ្នាក្នុងវិស័យនវានុវត្តន៍។ ឯកឧត្តមបានលើកទឹកចិត្តអ្នកនវានុវត្តន៍កម្ពុជាឱ្យចែករំលែកគំនិតជាមួយមិត្តភ័ក្តិនៅក្នុងតំបន់ និងមិត្តភ័ក្តិមកពីប្រទេសឥណ្ឌា ព្រមទាំងចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៅកម្ពុជា។

ឯកឧត្តមបានណែនាំដល់ជ័យលាភីទាំងអស់ឱ្យគិតមិនត្រឹមតែពីដំណើរការនវានុវត្តន៍ប៉ុណ្ណោះទេ តែត្រូវសិក្សា​​ខ្សែច្រវាក់ផលិតកម្មទាំងមូល ដោយកំណត់យន្តការទីផ្សារ និងតួអង្គសំខាន់ៗដែលអាចទទួលយកដំណោះស្រាយនវានុវត្តន៍របស់ពួកគេ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា អ្នកនវានុវត្តន៍ត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីបង្កើតជាអេកូឡូស៊ី និងថានវានុវត្តន៍ត្រូវតែបង្កើតតម្លៃបន្ថែម និងត្រូវតែអាចពង្រីកផលឱ្យបានកាន់តែទូលំទូលាយ។

វេទិកាឫសគល់នវានុវត្តន៍អាស៊ាន-ឥណ្ឌា ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយមានការផ្លាស់វេនក្នុងចំណោម​​រដ្ឋសមាជិកអាស៊ាន គឺជាវេទិកានវានុវត្តន៍ថ្នាក់តំបន់មួយ ដែលគាំទ្រដោយសាធារណរដ្ឋឥណ្ឌា។ វេទិកាឆ្នាំ២០២៣នេះ ត្រូវបានរៀបចំដោយប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា នៅលើកោះឡាំកាវី រដ្ឋកេដា ដោយមានអ្នកនវានុវត្តន៍ប្រមាណ២០០នាក់ ចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងគំនិត នៅក្នុងវិស័យនវានុវត្តន៍។

ការជ្រើសរើសអ្នកនវានុវត្តន៍ក្នុងប្រទេសកម្ពុជា ត្រូវបានសម្របសម្រួលដោយលេខាធិការដ្ឋាននៃគណៈកម្មាធិកាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ក្រសួងឧស្សាហកម្ម វបន។

ជ័យលាភីសិស្សចំនួន នាក់ និងជ័យលាភីសហគមន៍ចំនួន ៥នាក់ ត្រូវបានជ្រើសរើសដើម្បីបង្ហាញពីនវានុវត្តន៍របស់កម្ពុជា និងផ្តល់ឱ្យកាសដល់ពួកគេក្នុងការរៀនសូត្រ ប្រមូលការយល់ដឹងពីវិស័យនវានុវត្តន៍ពីបណ្តាប្រទេសអាស៊ាន និងសាធារណៈរដ្ឋឥណ្ឌា។