កិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

កិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

កិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

(THE 19TH ASEAN MINISTERIAL MEETING ON SCIENCE, TECHNOLOGY, AND INNOVATION_AMMSTI-19

នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេ​ខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជារដ្ឋមន្ត្រីផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក​ម្ពុ​ជាក្នុងអាស៊ាន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួម «កិច្ចប្រជុំលើកទី១៩ រដ្ឋម​ន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» តាប្រព័ន្ធអនឡាញ ពីទីស្តីការក្រ​សួង​ឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​។

កិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម បណ្ឌិ​​ត Huynh Thanh Dat រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋសង្គមនិ​យមវៀតណាម ដែលជាប្រធានប្តូវេននៃកិច្ចប្រជុំ។

តាមសេចក្តីថ្លែងការណ៍រួមបានបង្ហាញថា៖

១. ​​​​​​កិច្ចប្រជុំលើកទី១៩ រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (AMMSTI-19)​ បានប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ឯក​ឧ​​ត្ត​ម​សាស្ត្រាចារ្យរងបណ្ឌិត ហ៊ុញ ថាញ់ ដាត (H.E. Assoc. Prof. Huynh Thanh Dat) រដ្ឋមន្រ្តីក្រសួង វិទ្យាសា​ស្រ្ត និងបច្ចេកវិទ្យានៃប្រទេសវៀតណាម។

២.​ កិច្ចប្រជុំបានសាទរដល់ប្រទេសវៀតណាម ចំពោះការរៀបចំកិច្ចប្រជុំលើកទី៨១ គណកម្មការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (Committee on Science, Technology and Innovation, COSTI) និងកិច្ចប្រជុំពាក់ព័ន្ធដែលបានរៀបចំឡើងពីថ្ងៃទី១៣ ដល់ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធអនឡាញ (Zoom) រួមជាមួយគ្នានឹង កិច្ចប្រជុំលើកទី១៩ រដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិ​ទ្យា និងនវានុវត្តន៍ (AMMSTI-19)។

៣. កិច្ចប្រជុំបានសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីមានការបើកឡើងវិញនូវច្រកព្រំដែននៃរដ្ឋជាសមាជិកអាស៊ាន។ ការចាក់វ៉ាក់សាំងប​ង្កា​រ​ ជំងឺកូវីដ-១៩ បានយ៉ាងច្រើនក្នុងរដ្ឋសមាជិកនីមួយៗ ដែលជំរុញឱ្យមានការបើកច្រកព្រំដែនឡើងវិញប្រ​កបដោយសុវត្ថិភាព។ កិច្ចសហប្រតិបត្តិការខ្លាំងក្នុងចំណោមរដ្ឋជាសមាជិកក្នុងការខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាការបង្ហាញឱ្យឃើញនូវការត្រៀមខ្លួនរួចរាល់សម្រាប់ឆ្លើយតបការរីករាលដា​លនៃជំងឺរាតត្បាតផ្សេងៗនាពេលអនាគត។

៤. កិច្ចប្រជុំបានកំណត់នូវការអនុវត្តជាអាទិភាពប្រចាំឆ្នាំ២០២២ សម្រាប់វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចតទៅ៖

− ការអនុវត្តគម្រោងកូវីដ-១៩ របស់អាស៊ានចំនួនពីរ រួមមាន៖ (១) ASEAN COVID-19 ​​ Genomics Project និង (២) ASEAN-Wide Anti COVID-19 Sero-Surveillance Study

− ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា (តំណាក់កាលទី១)

− ការបង្កើនការប្រើប្រាស់ការគណនាដែលមានសមត្ថភាពខ្ពស់​ (High Performance Computing, HPC)

− ការអនុវត្តការសិក្សាសមិទ្ធិលទ្ធភាពលើគំរូផ្ទេរបច្ចេកវិទ្យាសម្រាប់គម្រោងពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

− ការរៀបចំសិក្ខាសាលា ស្ដីពីការអនុវត្តលើបញ្ញាសិប្បនិម្មិតសម្រាប់សន្តិសុខថាមពល កសិកម្ម សន្តិសុខសាយប័រ និងឧស្សាហកម្មច្នៃប្រឌិតឆ្នាំ២០២២ និង

− ការបង្កើតបណ្តាញអាស៊ាន ស្តីពីសេដ្ឋកិច្ចជីវសាស្ត្រ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។

៥. កិច្ចប្រជុំបានកោតសរសើរលទ្ធផលដែលសម្រេចបានក្នុងគម្រោង “ASEAN COVID-19 Genomics Project” និងគម្រោងសិក្សាស្រាវជ្រាវលើ “ASEAN-Wide Anti COVID-19 Sero-Surveillance Study​(ASSeSS)”។​​ ASSeSS គឺជាផ្នែកមួយនៃវត្ថុបំណងកសាងសមត្ថភាពក្រោមការផ្ដួចផ្ដើមរបស់អាស៊ាន ដេអ៊ិ​ច ​(ASEAN Dx)​ ដែលគ្របដណ្ដប់លើគំនិតផ្ដួចផ្ដើមផ្សេងៗទៀតដូចជា បណ្ដុំសិក្ខាសាលាស្ដីពី ការត្រៀមខ្លួនសម្រាប់ការរីករាលដាលនៃជំងឺរាតត្បាត​ និងការពិគ្រោះយោបល់តំបន់ស្ដីពី ការពន្លឿនការសិក្សាវិភាគ (Accelerating Diagnosis Access) ក្នុងតំបន់អាស៊ាន។

៦.​ កិច្ចប្រជុំបានទទួលស្វាគមន៍ វគ្គថ្មីមួយទៀតនៃការសិក្សា HPC នៅខែធ្នូ ឆ្នាំ២០២២ នៅប្រទេសថៃ ដើម្បីលើកកម្ពស់ជំនាញ HPC នៅក្នុងតំបន់អាស៊ាន។​​ កិច្ចប្រជុំបានផ្តល់សិទ្ធិដល់រដ្ឋសមាជិកអាស៊ាន ចំនួនបួនបន្ថែមទៀត ក្នុងការប្រើប្រាស់ Japan’s Fugaku Supercomputer តាមរយៈការអំពាវនាវប្រចាំឆ្នាំដែលហៅថាការសាកល្បង Fugaku (Fugaku Trial)។ កិច្ចប្រជុំក៏បានបង្ហាញពីតម្រូវការក្នុងការស្វែងរកការរួមបញ្ចូលគ្នារវាង HPC និង Quantum Computing ក្នុងការគាំទ្របរិវត្តិកម្មឌីជីថលក្នុងតំបន់អាស៊ាន។

៧. អង្គប្រជុំបានអនុម័តលើអាទិភាពចំនួនប្រាំមួយសម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

− ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ដំណាក់កាលទី២)

− ការរៀបចំសិក្ខាសាលា និងអំពាវនាវឱ្យមានឯកសារស្តីពីបញ្ញាសិប្បនិម្មិតទៅលើសន្តិសុខថាមពល កសិកម្ម សន្តិសុខសាយប័រ និងបញ្ហាដែលកំពុងកើតមានលើសុខភាព ឆ្នាំ២០២៣

− ការបង្កើតបណ្តាញអាស៊ានស្តីពីសេដ្ឋកិច្ចជីវសាស្ត្រ សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង (ដំណាក់កាលទី២)

− ការបង្កើតយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវក្នុងតំបន់អាស៊ាន

− ការបង្កើតថ្នាលសម្រាប់ការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

− ការបង្កើតផែនទីបង្ហាញផ្លូវអាស៊ានសម្រាប់សេដ្ឋកិច្ចព័ណ៌ខៀវ។

៨. អង្គប្រជុំបានកោតសរសើរចំពោះផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ២០១៦-២០២៥ ស្របទៅនឹងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC Blueprint) ឆ្នាំ២០២៥ និងបានគាំទ្រដល់ការអភិវឌ្ឍផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥។

៩. អង្គប្រជុំបានផ្លាស់ប្តូរទស្សនស្តីពី "ការពង្រឹងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព" និង "ការពន្លឿនសម្ទុះសេដ្ឋកិច្ចដោយបំភាយកាបូនទាបតាមរយៈបដិវត្តន៍ឧស្សាហកម្ម​ ៤.០" ដូចខាងក្រោម៖

− អង្គប្រជុំបានគូសបញ្ជាក់ពីតួនាទីរបស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជារួមនូវបញ្ហាបរិស្ថាន

ប​ញ្ហាប្រឈមក្នុងសង្គម ​និងការបង្កើតឱកាសសេដ្ឋកិច្ច។ អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរថា បណ្តាប្រទេសដែលជាសមាជិកអាស៊ានត្រូវចាប់យកវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ថែមទៀតដោយកាត់បន្ថយគម្លាតនៃវិស័យនេះ បង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍មូលធនមនុស្សផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយប្រសិទ្ធភាព បង្កើនមាត្រដ្ឋាននវានុវត្តន៍របស់សហគ្រិន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីឱ្យកាន់តែរឹងមាំ និងសម្របគោលន​យោបាយ អាស៊ានជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ

− អង្គប្រជុំបានឯកភាពថា ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចគ្មានកាបូន បច្ចេកវិទ្យាឈានមុខទាំងឡាយដើរតួនាទីមិនអាចខ្វះបានក្នុងការកាត់បន្ថយការបំភាយកាបូន ដែលអាចឱ្យអាស៊ានសម្រេចបាននូវការអភិវឌ្ឍឧស្សាហកម្មដ៏រឹងមាំ ខណៈដែលនៅតែការពារបរិស្ថាន។ បច្ចេកវិទ្យា ៤.០ គួរតែជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម។ ក្នុងន័យនេះ វិស័យសាធារណៈនឹងមានភាពប្រសើរឡើងក្នុងការផ្តល់សេវា ខណៈដែលវិស័យឯកជននឹងអាចបង្កើនផលិតភាព។ ដល់ទីបញ្ចប់នេះ អាស៊ានចាំបាច់ត្រូវពង្រឹងសមត្ថភាព ដើម្បីរៀបចំកម្លាំងពលកម្មអាស៊ានក្នុងការក្រសោបយក បដិវត្តន៍ឧស្សាហកម្ម ៤.០ និង

− អង្គប្រជុំបានគាំទ្រគំនិតផ្តួចផ្តើមដែលស្នើឡើងដោយបណ្តាប្រទេសដែលជាសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំ COSTI-81 និងបានស្វាគមន៍ចំពោះសំណើឆ្ពោះទៅរក “ការចាប់យកវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” និង“ការពន្លឿនសម្ទុះសេដ្ឋកិច្ចដែលបញ្ចេញកាបូនទាបតាមរយៈបដិវត្តន៍ឧស្សាហកម្ម ៤.០​” ដើម្បីដាក់បញ្ចូលក្នុងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជាផ្នែកសក្តានុពលផ្សេងៗក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា។

១០. អង្គប្រជុំបានកត់សម្គាល់ពីតម្រូវការក្នុងការពង្រឹងអាណត្តិកម្មរបស់ COSTI ដោយជំរុញឱ្យមានភាពជាដៃគូឯកជន-សាធារណៈកាន់តែរឹងមាំ និងលើកកម្ពស់តួនាទីដ៏សំខាន់របស់គណៈប្រឹក្សាយោបល់របស់ COSTI ជាស្ថាប័នប្រឹក្សាដែលជួយ COSTI ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

១១. អង្គប្រជុំបានយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេលវែង រវាងអាស៊ាន ដៃគូសន្ទនា ក៏ដូចជាអង្គការអន្តរជាតិ/តំបន់ ក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អង្គប្រជុំបានសង្កត់ធ្ងន់ពីសារៈប្រយោជន៍ សម្រាប់បណ្តាប្រទេសដែលជាសមាជិកអាស៊ានក្នុងការបន្តសហការ និងប្រើប្រាស់មូលនិធិរបស់ដៃគូសន្ទនាអាស៊ាន ក្នុងដំណើរការអនុវត្តគម្រោងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងផ្នែកដែលពាក់ព័ន្ធទៅនឹងអាទិភាពប្រចាំឆ្នាំ។ អង្គប្រជុំបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននិងស្ត្រីក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ស្ទែម ការពង្រឹង កិច្ចសហប្រតិបត្តិការរវាងសាធារណៈនិងឯកជន ការដោះស្រាយបញ្ហាសាកល និងការជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ កិច្ចប្រជុំ បានឱ្យតម្លៃដល់សមធម៌ក្នុងការទទួលបាននូវការគាំទ្រពីដៃគូសន្ទនា និងមានទស្សនថា គម្រោងក្រោមកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ដែលបានអនុវត្តតាមរយៈការគាំទ្រនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់អាស៊ាន។

១២. អង្គប្រជុំបានកត់សម្គាល់ថា ប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រៅផ្លូវការលើកទី១២ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (IAMMSTI-12) នៅឆ្នាំ២០២៣។

១៣. អង្គប្រជុំបានសម្តែងនូវការកោតសរសើរចំពោះប្រទេសវៀតណាម សម្រាប់ការសម្របសម្រួលប្រកប ដោយប្រសិទ្ធភាពដែលធានាបាននូវភាពជោគជ័យនៃកិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍