រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា តម្លៃជិត៣៧ លានដុល្លារត្រូវបានសម្ពោធដាក់ដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា តម្លៃជិត៣៧ លានដុល្លារត្រូវបានសម្ពោធដាក់ដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

រោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា។

ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីងគឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងឧស្សាហកម្មយានយន្តរបស់កម្ពុជា។ក្នុងពិធីសម្ពោធនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងអំណរគុណក្រុមហ៊ុនតូយ៉ូតាដែលបានពង្រីកធុរកិច្ចរបស់ខ្លួនពិសេសការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុងមកជាការវិនិយោគសង់រោងចក្រផ្គុំនិងដំឡើងរថយន្តនេះ។ឯកឧត្តមបានសង្កត់ធ្ងន់ថាការ​សម្ពោធ​ដាក់ឱ្យដំណើរការរោងចក្រ​នេះនឹងក្លាយ​ជាកម្លាំងការ​ទាក់ទាញ​ ​វិនិយោគិន​បរទេសមកកម្ពុជា​។ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទុនវិនិយោគសរុបនៃវិស័យឧស្សាហកម្មរបស់កម្ពុជាមានចំនួនជាង ១៩.០៦១,៣ លានដុល្លារអាមេរិក កើនឡើង ១៣,៥៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឯកឧត្តមបានកត់សម្គាល់​ពីកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានរោងចក្រចំនួន ៨១ កំពុងដំណើរការ កើនឡើង ២,៥៣% ធៀបនឹងឆ្នាំ២០២៣។ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាថ្មីនេះប្រើទុនវិនិយោគចំនួន ៣៦.៧៨១.០០០ដុល្លារអាមេរិក ផ្តល់ការងារចំនួន១៥០កន្លែង និងមានសមត្ថភាពផ្គុំ និងដំឡើងរថយន្តចំនួន ១.៣២០គ្រឿង ផ្តោតលើរថយន្តតូយ៉ូតាពីរប្រភេទគឺ Toyota FORTUNER និង Toyota HILUX ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងឆ្នាំ​២០២៤។ក្រុមហ៊ុនតូយ៉ូតាបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយការផ្តល់រថយន្ត​តូយ៉ូតា​ដល់អាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)នៅក្នុងឆ្នាំ១៩៩៣។ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation បានលើកឡើងថា៖ "ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់យើងបានបោះជំហានទៅមុខ រួមគ្នានឹងរដ្ឋាភិបាលកម្ពុជា ដោយបានពង្រីក និងបង្កើនសកម្មភាពអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រុមហ៊ុននឹងបន្តជំរុញអាជីវកម្មរបស់ខ្លួនមិនត្រឹមតែការផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្ត តាមរយៈការបង្កើត សាលាបណ្ដុះបណ្ដាលតូយ៉ូតា (Toyota Academy) តបតាមការណែនាំរបស់សម្តេចធិបតីនាយក​រដ្ឋមន្ត្រីផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាបច្ចុប្បន្ន​មាន​រោងចក្រដំឡើងរថយន្តចំនួន ៦៖

  1. រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG
  2. រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD
  3. រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI
  4. រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA
  5. រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល, និងកំពុងដំណើរការសាកល្បង
  6. រោងចក្ររបស់ TOYOTA TSUSHO MANUFACTURING នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលកំពុងដាក់សម្ពោធឱ្យដំណើរការជាផ្លូវការនៅ​ថ្ងៃនេះ។

ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថារោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះគឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជាដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចការបង្កើតការងារ និងវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា។