គណៈប្រតិភូធុរកិច្ចអាមេរិកស្វែងរកឱកាសពង្រីកអាជីវកម្ម និងវិនិយោគនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចអាមេរិកស្វែងរកឱកាសពង្រីកអាជីវកម្ម និងវិនិយោគនៅកម្ពុជា

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូធុរកិច្ចអាមេរិក មកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយអនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ឯកឧត្តម Brian McFeeters កិច្ច ប្រជុំបានពិភាក្សាលើបញ្ហាប្រឈមបច្ចុប្បន្ន ឱកាស និងកិច្ចសហប្រតិ​បត្តិការ​សម្រាប់ការវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបនោះ ឯកឧត្តម Brian McFeeters បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវត្តមានអចិន្ត្រៃយ៍របស់ធុរកិច្ចអាមេរិកកាន់​តែ​ច្រើន​នៅកម្ពុជា។ ឯកឧត្តមបានសាទរចំពោះលទ្ធផលនៃជំនួបជាមួយសម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រី ថាជាការចាប់ផ្តើមដ៏ជោគជ័យមួយ និងបានលើកឡើងថា វត្តមាន​របស់​គណៈប្រតិភូធុរកិច្ចអាមេរិកពេលនេះ បញ្ជាក់ពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនទាំងនេះ នៅក្នុង​ទិដ្ឋភាព​សេដ្ឋ​កិច្ច​ដែល​កំពុងវិវត្តជឿនលឿនរបស់កម្ពុជា។

គណៈប្រតិភូមានតំណាងក្រុមហ៊ុនអាមេរិកចំនួន​១៧ ក្នុងចំណោម១៧៥ ក្រុមហ៊ុនដែលជាសមាជិកក្រុមប្រឹក្សា​ធុរកិច្ចអាមេរិក-អាស៊ាន ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកសក្តានុពល ក្នុងប្រទេស​កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីអាណត្តកិច្ច និងរបៀបវារៈជាអាទិភាពរបស់ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគាំទ្រយុទ្ធសាស្ត្រ​បច្ចកោណរបស់​រាជរដ្ឋាភិបាល។ បន្ថែមលើរបៀបវារៈជាអាទិភាពទាំងនេះ ឯកឧត្តមក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការលើក​កម្ពស់ហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងសមត្ថភាពធ្វើតេស្ត និងមន្ទីរពិសោធន៍ ក្នុងគោលដៅ​កាត់​បន្ថយចំណាយ និងបង្កើនភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅកម្ពុជា។

សមាជិកគណៈប្រតិភូ តំណាងឱ្យឧស្សាហកម្មផលិតយានយន្តអាមេរិកបានស្នើសុំការគាំទ្រ​ពីក្រសួងលើ​ការងារមួយចំនួន រួមទាំងភាពអនុលោម ស្តង់ដារយានយន្ត និងស្តង់ដារសុវត្ថិភាពយានយន្តអគ្គិសនី​អាមេរិកជាដើម។ ក្រុមហ៊ុនផ្សេងទៀត ដូចជា Visa និង MasterCard បានបង្ហាញចំណាប់អារម្មណ៍ក្នុង​ការគាំទ្រ សហគ្រាសធុនតូច និងមធ្យម និងការអភិវឌ្ឍសហគ្រិនភាព ដើម្បីឱ្យសហគ្រាសធុនតូច និង​មធ្យមអាចធ្វើសមាហរណកម្ម​ទៅ​ក្នុង​ខ្សែច្រវាក់តម្លៃតំបន់ និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនផលិតយានយន្តអាមេរិក សហការជិតស្និទ្ធជាមួយ វិទ្យាស្ថានស្តង់ដារ​កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលអាចកើតមាន។ ឯកឧត្តមស្វាគមន៍ចំណាប់ អារម្មណ៍របស់​ក្រុម​ហ៊ុនអាមេរិកផ្សេងទៀត ដូចជា Visa និង MasterCard ក្នុងការគាំទ្រសហគ្រាស​ធុន​តូច និងមធ្យម ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុ និងការទទួលបានសេវាហិរញ្ញវត្ថុ សម្រាប់ជំរុញបរិវត្តកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមាជិកនៃគណៈប្រតិភូឱ្យចូលរួមជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។